បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ បន្ទាប់​ពី​ប្រើ​ឧបករណ៍​ឆក់​ត្រី​ក្នុង​តំបន់​អភិរក្ស​ទន្លេមេគង្គ

ខេត្តក្រចេះ​ ៖ ជនសង្ស័យ​៤នាក់ ​ប្រដាប់​ដោយ​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​ ត្រូវ​បាន​កម្លាំង​​មន្ត្រី​ខណ្ឌ​រដ្ឋបាល​​ចាប់​​បញ្ជូន​​ទៅ​តុលាការ​កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ បន្ទាប់​​​ពី​បាន​ធ្វើ​សកម្មភាព​ឆក់​ត្រី​​ក្នុង​តំបន់​អភិរក្ស​​តាម​ដង​ទន្លេមេគង្គ ​នៅ​ប៉ែក​ខាងលើ​​ស្រុក​សំបូរ​ ។

​ប្រភពបានឱ្យ​ដឹង​​ថា ជន​សង្ស័យ​​ទាំង​​៤​នាក់​ត្រូវ​កម្លាំង​ឆ្មាំ​ទន្លេ សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ចាប់​​​ខ្លួន​​កាលពី​យប់​ថ្ងៃ​ទី​២៩ ​ធ្នូ ២០១៥ ខណៈ​​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​ជិះទូក​លួច​​ឆក់​ត្រី តាម​តំបន់​អភិរក្ស​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ។ ក្រោយ​ពី​​​ឃាត់ខ្លួន​ និង​បាន​ដកហូត​វត្ថុ​តាង​រួម​​មាន ទូក​ម៉ាស៊ីន និង​ឧប​ករណ៍​ឆក់ ។

ជន​​សង្ស័យ​ទាំង០៤​នាក់​ ​១-​​ឈ្មោះ​ហម ម៉ុង អាយុ​២៩​ឆ្នាំ ​​២-​​ឈ្មោះ​ធឿ​ន វារៈ អាយុ​១៧​ឆ្នាំ ​​៣-​ឈ្មោះ​នួន សំណាង អាយុ​១៩​ឆ្នាំ និង​​៤-​​ឈ្មោះ​សោម រិទ្ធី អាយុ​២៣​ឆ្នាំ ជន​ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ​ត្រូវ​បាន​មន្ត្រី​ជលផល​ខេត្ត​ចាត់​បញ្ជូន​ខ្លួន​ និង​សំណុំរឿង​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ នេះ​ ដើម្បី​ផ្តន្ទាទោស​ ។