អបិយជំនឿ អំពីសត្វឆ្កែ និងសត្វឆ្មា ដែលប្រិយមិត្ត អាចនឹងមិនធ្លាប់បានដឹង

ភ្នំពេញ៖ ប្រិយមិត្តគ្រប់គ្នា ប្រាកដជាបានដឹងហើយថា សត្វឆ្កែ និងឆ្មា គឺជាសត្វស្លូតបូត គួរឲ្យស្រលាញ់ និងជាមិត្តល្អ របស់មនុស្សយើងផងដែរ។ ពួកវាទាំង ២ប្រភេទនេះ ជាសត្វដែលមនុស្សភាគច្រើន ចូលចិត្តចិញ្ចឹមបំផុត ដោយសារតែពួកវា ឆ្លាត និងគួរឲ្យស្រលាញ់ ហើយថែមទាំង ចេះយល់ចិត្តម្ចាស់ទៀតផង។ មិនតែប៉ុណ្ណោះទេ ពួកវាសុទ្ធតែមានប្រយោជន៍ក្នុងការចិញ្ចឹម រៀងៗខ្លួនផងដែរ។

ជួបជាមួយបងប្រុស វណ្ណៈ ដែលជានិស្សិត ទើបបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យមួយកន្លែង ក្នុងរាជធានីភ្នំពេញ ឲ្យ Khmerload ដឹងថា គាត់ចូលចិត្តចិញ្ចឹមសត្វឆ្កែជាងសត្វឆ្មា។ «ចំពោះខ្ញុំ គឺខ្ញុំចូលចិត្តចិញ្ចឹមសត្វឆ្កែ ជាងសត្វឆ្មា ដោយសារតែសត្វឆ្កែ វាតែងតែបង្ហាញពីភាពស្មោះត្រង់ ការស្រលាញ់ និងបារម្មណ៍ចំពោះយើង ដែលជាម្ចាស់វា។ មនុស្សមិនធ្លាប់មានសត្វឆ្កែ ប្រាកដជាខ្លាចសត្វឆ្កែ ប៉ុន្តែបើធ្លាប់មានហើយ គឺស្រលាញ់ និងអាណិតវាខ្លាំងណាស់។ មួយវិញទៀត គឺវាពូកែចាំផ្ទះណាស់»។

ងាកមកជួបបងប្រុស សុវណ្ណ ជាងបញ្ចូលបទភ្លេងទូរស័ព្ទ នៅម្តុំផ្សារទំនើបសូរិយា មានស្រុកកំណើត នៅស្រុកកោះធំ ខេត្តកណ្តាល បានប្រាប់ដល់ Khmerload ថា គាត់ក៏ចូលចិត្តចិញ្ចឹមសត្វឆ្កែជាងសត្វឆ្មាដែរ។ «បើតាមខ្ញុំយល់ សត្វឆ្កែមានផលប្រយោជន៍ ច្រើនជាងសត្វឆ្មា ព្រោះសត្វឆ្កែ អាចចាំផ្ទះបាន ហើយវាចេះបញ្ចូនសញ្ញា ប្រាប់ម្ចាស់ឲ្យដឹង នៅពេលដែលមានហេតុការណ៍ខុសប្រក្រតី ឬមានមនុស្សប្លែកមុខមក។ មិនតែប៉ុណ្ណោះ វាអាចការពារផ្ទះ មិនឲ្យមានសត្វព្រៃ ចូលមកក្នុងផ្ទះទៀតផង។ ជាក់ស្តែងណាស់ ឆ្កែរបស់ខ្ញុំ នៅ​ឯស្រុក ពេលដែលមានសត្វព្រៃ ចូលក្នុងផ្ទះ ដូចជា ពស់ ឬស្ការ មកចង់ស៊ីមាន់ វាបានព្រូស ហើយដេញខាំ សត្វព្រៃទាំងនោះ មិនឲ្យចូលមកជិតមាន់ឡើយ។ បើនៅពេលយប់វិញ វាតែងតែដើរមើល នៅជុំវិញផ្ទះ បើជួបសត្វព្រៃ ឬមនុស្ស ដែលវាមិនស្គាល់ វានឹងព្រូសភ្លាមតែម្តង»។

ផ្ទុយពីមតិខាងលើ យុវតី ចិន្តា ជាសិស្សរៀននៅវិទ្យាល័យមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានប្រាប់ថា នាងចូលចិត្តចិញ្ចឹមសត្វឆ្មាជាងសត្វឆ្កែ។ «ចំពោះខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តចិញ្ចឹមសត្វឆ្មា ជាងសត្វឆ្កែ ព្រោះសត្វឆ្មា វាគួរឲ្យស្រលាញ់ ស្អាត ហើយឆ្លាតទៀត។ ដូចឆ្មារបស់ខ្ញុំអីចឹង វាស្អាត និងគួរឲ្យស្រលាញ់ ខ្លាំងណាស់។ ម្យ៉ាងទៀត វាចូលចិត្តប្រលែងលេង ជាមួយខ្ញុំ និងអ្នកផ្ទះខ្ញុំណាស់»។

យ៉ាងណាមិញ មនុស្សមួយចំនួន ដែលចូលចិត្តចិញ្ចឹម សត្វឆ្កែ និងឆ្មា ប្រហែលនៅមិនទាន់ដឹងឡើយ ថាមានជំនឿ ឬពាក្យចាស់អ្វីខ្លះ ដែលទាក់ទងទៅនឹងសត្វចិញ្ចឹម ទាំង២ប្រភេទនេះ។ បើយោងតាមសម្តី របស់លោកតា សុក រស់នៅក្នុងស្រុកត្រើយស្លា ខេត្តកណ្តាល បានរៀបរាប់ពីរឿងដែលទាក់ទង ទៅនឹងសត្វឆ្កែ ឲ្យ Khmerload ដឹងថា «ចាស់ៗពីមុន តែងតែនិយាយថា សត្វឆ្កែអាចមើលឃើញ ខ្មោចព្រាយបិសាច ជាពិសេសនៅពេលយប់តែម្តង ហើយនៅពេលដែលវា ឃើញខ្មោចវានឹងព្រូស ប៉ុន្តែយើងក៏មិនដឹងច្បាស់ដែរ ថាមានខ្មោចពិតប្រាកដមែនឬអត់ ព្រោះយើងមើលមិនឃើញខ្មោចទេ ហើយនេះគ្រាន់តែជាសំដីចាស់ៗពីដើមប៉ុណ្ណោះ។ ប៉ុន្តែកាលពីដើមឡើយ ធ្លាប់លឺចាស់ពីមុនៗ គាត់និយាយថា ពីមុនធ្លាប់កើតមានជំងឺអាសន្នរោគ ដោយនៅមុនពេលដែល កើតមានជំងឺអាសន្នរោគប៉ុន្មានថ្ងៃ សត្វឆ្កែបានព្រូស និងលូ ទាំងថ្ងៃទាំងយប់ តែម្តង។ ប៉ុន្មានថ្ងៃក្រោយមក មនុស្សក៏បានស្លាប់ ដោយសារជំងឺអាសន្នរោគ ជាបន្តបន្ទាប់។ ម្យ៉ាងទៀត នៅទីណាដែលមានសត្វឆ្កែព្រូស ឬលូ មិនឈប់នោះ មិនយូរទេ ២ ទៅ ៣ថ្ងៃក្រោយ ទីនោះប្រាកដជា មានមនុស្សស្លាប់ជាមិនខាន»។

ជាមួយគ្នានេះដែរ លោកតា សុក បានប្រាប់ឲ្យដឹងពីរឿងសត្វឆ្មា ដែលចាស់ៗតែងនិយាយប្រាប់តៗគ្នា ផងដែរថា៖ «ចាស់ៗពីដើម ក៏ធ្លាប់និយាយពីរឿងសត្វឆ្មាដែរ ដោយតែងនិយាយថា ឲ្យតែមានមនុស្សស្លាប់ ត្រូវតែឲ្យមនុស្ស ទៅអង្គុយយាមសាកសព និងត្រូវចាប់សត្វឆ្មាក្រុងទុក ដើម្បីកុំឲ្យសត្វឆ្មា ទៅលោតរំលងសាកសព ដោយពាក្យចាស់អះអាងថា ប្រសិនបើសត្វឆ្មា បានលោតរំលងសាកសពនោះ ខ្មោចនឹងកាចសាហាវ ឬងើបអង្គុយជាដើម។ ចាស់ៗពីដើម គាត់និយាយថា នៅពេលដែលមានមនុស្សស្លាប់ គេតែងតែព្រួយបារម្ភ ខ្លាចមានសត្វឆ្មាអនាថា មកពីណាមិនដឹង មកលោតរំលងលើសាកសព ប៉ុន្តែបើសត្វឆ្មាដែលនៅតាមផ្ទះវិញ គេមិនសូវបារម្ភឡើយ ព្រោះវាងាយស្រួលចាប់»។

អបិយជំនឿ អំពីសត្វឆ្កែ និងសត្វឆ្មា ដែលប្រិយមិត្ត អាចនឹងមិនធ្លាប់បានដឹង

ប្រវត្តិសង្ខេបពីសត្វឆ្កែ

សត្វឆ្កែ គឺជាថនិកសត្វមួយប្រភេទ ដែលជាប់ពូជ មកពីសត្វឆ្កែចចក។ សត្វឆ្កែ ត្រូវបានផ្សាំងដោយមនុស្ស អស់រយៈកាល យូរណាស់មកហើយ ហើយវាក៏ជាសត្វដំបូងបំផុត ដែលត្រូវបានផ្សាំង ផងដែរ។ សត្វឆ្កែ ត្រូវបានប្រើប្រាស់ដោយមនុស្ស សម្រាប់មុខងារខុសៗគ្នា ជាច្រើន ដូចជា ធ្វើការងារ និងធ្វើជាសត្វចិញ្ចឹម។ ពួកវាគឺជាសត្វចិញ្ចឹម ដ៏ពេញនិយម ពីព្រោះពួកវា តែងតែចូលចិត្តលេង រាក់ទាក់ និងចេះស្ដាប់មនុស្ស។ សត្វឆ្កែ ពេលខ្លះត្រូវបានគេចាត់ទុកជា «មិត្តសម្លាញ់របស់មនុស្ស» ពីព្រោះ វាស្មោះត្រង់នឹងម្ចាស់ និងចូលចិត្ត នៅក្បែរមនុស្ស។ សត្វឆ្កែអាចហិតក្លិន និងស្ដាប់ បានយ៉ាងល្អ ប៉ុន្តែមិនអាច មើលឃើញពណ៌ បានល្អនោះទេ ព្រោះពួកវាងងឹតពណ៌។ ជាធម្មតា សត្វឆ្កែ អាចរស់បាន ប្រហែល ១០ឆ្នាំ ឬក៏ច្រើនជាងនេះ។ ទំហំ និងពូជ របស់វា អាចធ្វើឲ្យប្រែប្រួលរយៈពេល ដែលពួកវាអាចរស់នៅបាន។ ជាធម្មតា សត្វឆ្កែពូជតូចៗ រស់នៅបានយូរជាង សត្វឆ្កែពូជធំៗ។ សត្វឆ្កែ មានយ៉ាងហោចណាស់ ៨០០ ពូជ ឬប្រភេទ។ សត្វឆ្កែ ដែលមេបារបស់វា ជាពូជតែមួយ នោះវានឹងជាពូជនោះដែរ ហើយត្រូវបានគេហៅថា «ពូជសុទ្ធ» ខណៈសត្វឆ្កែ ដែលមានមេបា ពីរពូជខុសៗគ្នា គឺមិនស្ថិត នៅក្នុងប្រភេទពូជ តែមួយទៀតឡើយ ហើយពួកវា ត្រូវបានគេហៅថា «សត្វឆ្កែពូជកាត់» «ឆ្កែកូនកាត់» ឬ «សត្វពូជកាត់»។ សត្វឆ្កែទាំងអស់ បានកើតឡើង ដោយ​សារ​​តែ​ការផ្សាំង​ ហើយវាត្រូវបានគេដឹង​ ដោយ​សារ​ ការវិភាគ​ DNA Genome។ ពួកវាត្រូវបានបង្កាត់ពូជដោយមនុស្ស។ ផូស៊ីល​នៃ​សត្វ​ឆ្កែ មុនគេបង្អស់​ ដែលត្រូវបាន​គេ​ស្គាល់ ​​គឺតាំងពី ៣១-៧០០ ឆ្នាំមុន នៅប្រទេសបែលហ្ស៊ិក។ ពេលខ្លះ ពួកវាត្រូវបានគេហៅថា «Canines» មកពីពាក្យឡាទីន ដែលមានន័យ ដូចពាក្យ​ជាភាសាអង់គ្លេស ថា​ «Dog» ដែរ។ សត្វឆ្កែ ដែលទើបនឹងកើត ត្រូវបានគេហៅថា «Pup»​ ឬ «Puppy» ហើយវាត្រូវគេហៅថា «Puppy» រហូតដល់វា មានអាយុប្រហែល​មួយ​ឆ្នាំ។

អបិយជំនឿ អំពីសត្វឆ្កែ និងសត្វឆ្មា ដែលប្រិយមិត្ត អាចនឹងមិនធ្លាប់បានដឹង

ប្រវត្តិសង្ខេបពីសត្វឆ្មា

សត្វឆ្មា​ ​ដែលត្រូវ​បាន​ហៅ​ថា​ ឆ្មាស្រុក ឬឆ្មាតាមផ្ទះ គឺ​ជា​ថនិកសត្វ ​មំសាសី (ស៊ី​សាច់​ជា​អាហារ​) នៃអំបូរ Felidae។ សត្វឆ្មា ​​ត្រូវ​បាន​គេផ្សាំង​ អស់​រយៈពេល​ជិត​​ ១ម៉ឺន​ឆ្នាំមកហើយ។ បច្ចុប្បន្ននេះ​ សត្វឆ្មា គឺ​ជាសត្វ​ចិញ្ចឹម ដ៏ពេញនិយម​បំផុត ក្នុង​​ពិភព​លោក។ នៅលើពិភពលោក​ មានសត្វឆ្មាចិញ្ចឹម​ ជាង​៥០០លាន ប្រភេទ ដែលត្រូវបាន​ គេបែង​ចែក​ជា ​៣៣អំបូរ ហើយ​អំបូរឆ្មា​ ដែល​ធំ​ជាងគេ​បំផុត​ នោះគឺពូជ Raddoll ​ចំណែក​ពូជឆ្មា ដែលតូច​បំផុត​នោះ គឺពូជ Singapura។ ដើម​កំណើត​របស់​ពួកវា​ ប្រហែល​​មក​ពី​ ឆ្មា​ព្រៃអាហ្រ្វិក Felis Silvestris Lybica។ សត្វឆ្មា ​ពីដំបូងឡើយ អាច​នឹង​ត្រូវបាន ​គេ​ទុក​ចិញ្ចឹម ​ពីព្រោះពួកវា​ស៊ីកណ្ដុរ ហើយ​នេះ​នៅ​តែ​ជា​ ការងារ​ចំបង របស់សត្វឆ្មា ​នៅ​ក្នុង​កសិដ្ឋាន ​ពាសពេញ​ពិភពលោក​។ ក្រោយ​មក​ទៀត​ ពួកវា​ត្រូវ​បាន​គេ​ចិញ្ចឹម​ ពីព្រោះពួកវា ​រួសរាយ​រាក់ទាក់​​ ហើយ​ជាមិត្តល្អ របស់មនុស្ស។ សត្វឆ្មា ដែលនៅក្មេង​ ត្រូវ​បាន​គេហៅថា Kitten។ ពេល​ខ្លះ​ សត្វឆ្មា​ ត្រូវ​បានគេ​ហៅថា «Kitty» ឬ «Pussycat»។ សត្វឆ្មា មានដងខ្លួន បត់បែន និងធ្មេញប្រែប្រួល សម្រាប់ការប្រមាញ់សត្វតូចៗ ដូចជាកណ្តុរ ជាដើម។ សត្វឆ្មា មានសាច់ដុំ ៥១៧កន្លែង និងមានឆ្អឹង​ ចំនួន ​២៩០ នៅក្នុងខ្លួន ទាំងមូលរបស់វា ដែល​នេះហើយ ​ជា​ហេតុ​ផល ​ដែលសត្វ​ឆ្មា ​តែងតែ​រត់ចុះរត់​ឡើង និងចូលចិត្តដេក។ សត្វឆ្មា មានដំណេកយូរជាងសត្វដទៃ។​ ដំណេករបស់វាជាមធ្យម ពី ១៣ ទៅ ១៤ម៉ោង ក្នុងមួយថ្ងៃ ដើម្បីរក្សា និងប្រមូលថាមពល។ សត្វឆ្មា អាចមើលឃើញច្បាស់ ជាងមនុស្ស ៦ដង នៅពេលយប់ ថែមទាំងពូកែ ស្តាប់ និងហិតក្លិន ទៀតផង។ សត្វឆ្មា ជាមធ្យមអាចរស់នៅ បានរយៈពេល ចន្លោះពី ១២ ទៅ ១៥ឆ្នាំ។ សត្វឆ្មា គឺជាសត្វដែលស្អាតខ្លាំង ដោយពួកវា អាចសម្អាតខ្លួនឯងបាន ដោយការលិតរោម របស់ពួកវា ផ្ទាល់តែម្តង។ អណ្តាតរបស់ឆ្មា អាចដើរតួនាទី ជាស្និតសិត និងអាចសម្អាត ហើយមិនធ្វើឲ្យ រោមរបស់វា ជំពាក់គ្នាទៀតផង។ ពួកវាចំណាយពេលច្រើន ក្នុងការលិតរោម របស់ពួកវា ឲ្យនៅតែស្អាត៕

តើប្រិយមិត្ត មានចំណង់ចំណូលចិត្ត ចិញ្ចឹមមួយណាជាងគេដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត