១ថ្ងៃ មាន​ឡាន​ជាង​១ពាន់​គ្រឿង​សម្រុក​ទៅ​ធ្វើ​ឈៀក​


១ថ្ងៃ មាន​ឡាន​ជាង​១ពាន់​គ្រឿង​សម្រុក​ទៅ​ធ្វើ​ឈៀក​

កាន់តែ​កៀក​ថ្ងៃ​អនុវត្ត​ច្បាប់​ថ្មី ម្ចាស់​យានយន្ត​កំពុង​សម្រុក​យក​រថយន្ដ​ទៅ​ត្រួតពិនិត្យ​ប្រព័ន្ធប​ច្ចេកទេស​យានយន្ត​​ (ឈៀក) ដោយ​កើន​ឡើង​ចំនួន​ពីរ​ដង​នៃ​ថ្ងៃ​ធម្មតា។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ លោក ព្រាប ចាន់​វិបុល ប្រធាន​នាយកដ្ឋាន​​ដឹក​ជញ្ជូន​ផ្លូវ​គោក ប្រាប់​ Sabay នៅ​ប៉ុន្មាន​នាទី​មុន​នេះ។

 

 

១ថ្ងៃ មាន​ឡាន​ជាង​១ពាន់​គ្រឿង​សម្រុក​ទៅ​ធ្វើ​ឈៀក​

 

 

លោក​ ព្រាប ចាន់​វិបុល បាន​​លើក​ឡើង​ថា កន្លង​មក​រថយន្ត​​ដែល​ធ្លាប់​មក​ធ្វើ​ឈៀក​គឺ​មាន​តែ​ចន្លោះ​ពី ៤០០-៥០០ គ្រឿង​ តែ​ឥឡូវ​​កើន​ពី ១ ១០០-១ ២០០ គ្រឿង​បាន​​នាំ​រថយន្ដ​មក​ត្រួតពិនិត្យ​បច្ចេក​ទេស​យានយន្ដ ​នៅ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​ ក្បែរ​មន្ទីរ​សាធារណៈ​ការ និង​ សាខា​មួយ​ទៀត​នៅ​ចំការដូង។

 

ហេតុ​ផល​ដែល​ម្ចាស់​យានយន្ត​មក​ធ្វើ​ឈៀក​កាន់តែ​ច្រើន​ គឺ​បណ្ដាល​មក​ពី​កត្តា​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ថ្មី ដែល​នឹង​ផ្ដើម​ការ​អនុវត្ត​ចាប់​ពី ថ្ងៃ​ទី ១ មករា ២០១៦។ ច្បាប់​ថ្មី​ក៏​បាន​កំណត់​អំពី​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ដែរ​ចំពោះ​អ្នក​មាន​ឈៀក​ហួស​សុពលភាព​ គឺ​ពិន័យ​ចំពោះ​ឡាន​ធំ​ដឹក​ទំនិញ​ ១២ ៥០០០​ រៀល ឯ​ឡាន​តូច​ ៦០ ០០០​រៀល។ លោក ចាន់ វិបុល​ និយាយ។

 

ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​បាន​​បន្ថែម​ថា ចំពោះ​រថយន្ដ​សេរ៉ី​ថ្មី​ៗ (២០១៤-២០១៥) គឺ​មិន​តម្រូវ​ឲ្យ​ធ្វើ​ឈៀក​នោះ​ទេ ហើយ​ច្បាប់​ទុក​ពេល​ឲ្យ​ ៤ ឆ្នាំ ទើប​តម្រូវ​មក​ឲ្យ​ធ្វើ​ឈៀក។ តួលេខ​បង្ហាញ​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ឡាន​សរុប​ចំនួន ៤៨ម៉ឺន​គ្រឿង ក្នុង​នោះ​ឡាន​ធ្លាប់​មក​ធ្វើ​ឈៀក​ គឺ​មាន​ចំនួន ៣ ៩០០០ ហើយ​តួលេខ​នេះ មាន​ខ្លះ​មក​ធ្វើ​ ហើយ​ខ្លះ​នៅ​មិនទាន់​មក​ធ្វើ​ឡើង​វិញ​នៅ​ឡើយ​ ដោយ​ច្បាប់​បាន​កំណត់​ឲ្យ​ធ្វើ​ឈៀក​ ២ ឆ្នាំ ម្ដង៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា