ឯកអគ្គរដ្ឋទូត ចប់អាណត្តិអូស្ត្រាលី ពេញចិត្តនឹង កិច្ចសហប្រតិបត្តិការ ជាមូយកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបទ្វេរភាគី ជាមួយសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកស្រីអាលីសុនបូរ៉ូ (AlisonBurrows) ឯកអគ្គរដ្ឋទូត ចប់អាណត្តិអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា លោកស្រីពេញចិត្ត និងកម្ពុជាសម្រាប់ កិច្ចសហប្រតិបត្តិការ ក្នុងអាណត្តិបំពេញកិច្ចការ រយៈពេល ៣ឆ្នាំនេះ។

លោកស្រីថា អូសស្ត្រាលីនៅតែបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការ បញ្ជាសន្តិសុខតាមតំបន់ព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែនជាមួយកម្ពុជា។

លោក កែវ ពិសិដ្ឋ នាយកខុទ្ធកាល័យសម្តេចហេង សំរិនមានប្រសាសន៍ប្រាប់ក្រុម អ្នកសារព័ត៌មានក្រោយជំនួប នាព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៥ នៅវិមានរដ្ឋសភាថា លោកស្រី ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណ ចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានបង្កភាពងាយស្រួល ក៏ដូចជាកិច្ចសហប្រតិបត្តិការ យ៉ាងល្អជាមួយស្ថានទូតកាណាដា និងរដ្ឋសភាអូស្ត្រាលីក្នុងអាណត្តិ បេសកម្មទូតរបស់លោកស្រីរយៈពេល ៣ឆ្នាំកន្លងមកនេះ។

លោកស្រីបន្តថា រយៈពេលបីឆ្នាំកន្លងមកនេះ លោកស្រីបានខិតខំប្រឹងប្រែងជំរុញ ឲ្យមានកម្មវិធីអភិវឌ្ឍន៍នានា នៅកម្ពុជាដូចជាជំរុញលើកស្ទូយ ផ្នែកធនធានមនុស្ស ដោយបាន ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ផ្តល់ជំនួយកំចាត់មីន ការអភិវឌ្ឍវិស័យកសិកម្ម និងជំនួយលើសាលាក្តីខ្មែក្រហមជាដើម។

លោកស្រីបញ្ជាក់ថា«កម្មវិធី និងកិច្ចសហប្រតិបត្តិការដែល កម្ពុជានិងអូស្ត្រាលីបាន ធ្វើថ្មីៗ និងបន្តនោះ គឺជាការបន្តពង្រឹង សន្តិសុខតាមតំបន់ព្រំដែន ក៏ដូចជាការយកចិត្តទុកដាក់ក្នុងការតាមដាន ប្រឆំាងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្សជាដើម»។

ក្នុងអាណត្តិរបស់លោកស្រី បានធ្វើកិច្ចសហប្រតិបត្តិការល្អ ដែលឈានដល់រាជរដ្ឋាភិបាល ទំាងពីរបានចុះកិច្ចព្រមព្រៀងមួយ គឺកម្ពុជាព្រមទទួលយកជនភៀសខ្លួនអូស្ត្រាលីពីកោះណេរុ មករស់នៅប្រទេសកម្ពុជា។ អូស្ត្រាលីក៏អីចឹងដែរនាពេល កន្លងមកបានទទួលយកជនភៀសខ្លួនពី កម្ពុជាទៅរស់នៅអូស្ត្រាលីផងដែរ ក្នុងរយៈកាលដែលកម្ពុជា កំពុងមានសង្គ្រាមស៊ីវិល។ ជាងនេះក្នុងអាណត្តិលោកស្រី បានកៀងគរអ្នកវិនិយោគអូស្ត្រាលីមកដាក់ វិនិយោគទុននៅកម្ពុជាជាច្រើនផងដែរ ។

លោកស្រីសង្ឃឹមថា នៅក្នុងឆ្នាំថ្មីដែលនឹងឈាន មកដល់ខាងមុខនោះអូស្ត្រាលី និងកម្ពុជាកាន់តែមានភាពល្អប្រសើរថែមទៀត ពិសេសនោះសម្តេចនឹងដឹកនាំគណៈប្រតិភូទៅទស្សនកិច្ច ជាផ្លូវការនៅប្រទេសអូសស្ត្រាលី នាពេលខាងមុខ។

ក្នុងជំនួបនោះដែរ សម្តេចបានសាទរចំពោះ លោកស្រីឯកអគ្គរដ្ឋទូត បានទទួលជោគជ័យក្នុងអាណត្តិ ការទូតនៅកម្ពុជារយៈពេល ៣ឆ្នាំកន្លងមក ក្នុងដំណើរពង្រឹកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើគ្រប់វិស័យ រវាងកម្ពុជា-អូស្ត្រាលី៕

ឯកអគ្គរដ្ឋទូត ចប់អាណត្តិអូស្ត្រាលី ពេញចិត្តនឹង កិច្ចសហប្រតិបត្តិការ ជាមូយកម្ពុជា

ឯកអគ្គរដ្ឋទូត ចប់អាណត្តិអូស្ត្រាលី ពេញចិត្តនឹង កិច្ចសហប្រតិបត្តិការ ជាមូយកម្ពុជា