អ្នកលក់​សាច់​ឆ្កែ​ម្នាក់​អាង​បងប្រុស​ជា​យោធា ជេរ​ប្រមាថ​និង​រក​វាយ​សមត្ថកិច្ច

រាជ​ធានី​​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​​រោ​ទិ៍​​ង៉ោង​ៗ​​ត្រូវ​​សមត្ថកិច្ច​​ឃាត់​សួរនាំ​ បែរជា​រូបគេ​​អាង​​បងប្រុស​​ជា​មន្ត្រី​យោធា​​​ជេរ​ប្រមាថ​​លើ​សមត្ថកិច្ច​រួច​​មូរជើង​ខោ​​រក​វាយ​​ ​និង​ប្រជាពលរដ្ឋ​ដែល​​ចោមរោម​មើល​ តែ​ត្រូវ​កម្លាំង​​សមត្ថកិច្ច​ឃាត់ខ្លួនដដែល​ ដែលហេតុការណ៍​នេះ​បង្ក​ឱ្យ​​​​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​០៨ ​និង​៤០​នាទី​យប់​​ថ្ងៃ​ទី​២៩ ​ធ្នូ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ភូមិ​អង្គ សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ប្រភពបានឱ្យ​ដឹងថា បុរសខាងលើ​​​មាន​អាការៈ​​ស្រវឹងស្រា​ផង​នោះ​ឈ្មោះ​ហុង សៀង​ហ៊ួ អាយុ​៣២​ឆ្នាំ ជា​​អ្នកលក់​​សាច់​ឆ្កែ មាន​ទី​លំ​នៅ​ភូមិ​​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ សមត្ថកិច្ច​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ នៅ​ចំណុច​ខាងលើ​ មាន​ករណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា បណ្តាល​​ឱ្យ​មនុស្ស​​រង​របួសធ្ងន់​​-​ស្រាល​ បាន​ទៅ​ព្យាបាល​របួស​អស់ហើយ ​។ នៅ​សល់​តែ​ម៉ូតូ​នៅ​កន្លែង​​កើតហេតុ​ និងមាន​សមត្ថកិច្ច​នៅ​ឈរ​រង់ចាំ​​ជំនាញ​មក​វាស់វែង​ រួច​លើក​យក​ទៅ​រក្សា​ទុក ។

ស្រប​ពេល​នោះ​ ក៏​មាន​​ជន​បង្ក​ខាងលើ​​ជិះ​ម៉ូតូ​ធំ ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ​ខេ​មរ​ភូមិន្ទ 02.1.1689 បើកបរ​ក្នុង​ស្ថានភាព​​ស្រវឹង ខណៈ​ពេល​ជិះ​មក​ដល់​មុខ​សមត្ថកិច្ច ​ស្រាប់តែ​រោ​ទិ៍សំឡេង​​ង៉ោង​ខ្លាំង​ៗ​ ទើប​សមត្ថកិច្ច​ឃាត់​សួរនាំ ស្រាប់តែ​ជន​នោះ​​​ប្រាប់​ថា ​ចាំ​មួយ​ភ្លែត​ រួច​ហើយ​ទូរស័ព្ទ​ ហៅ​បងប្រុស​​ដែល​ជា​មន្ត្រី​យោធា​ម​ក ។

គ្រាន់​តែ​ឃើញ​បងប្រុស​មក​ដល់​ ​ស្រាប់តែ​ជន​បង្ក​ចាប់ផ្តើម​​ជេរ​ប្រមាថ​សមត្ថកិច្ច​រួច​មូរជើងខោ​រក​វាយ​សមត្ថកិច្ច ​ហើយ​ថែម​ទាំង​រក​វាយ​ប្រជាពលរដ្ឋ ​ដែល​ឈរ​មើល​កើតហេតុ​ខាងលើ​នេះ​ទៀត​​ ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ស្គាល់​ជន​បង្ក​​បាន​អះអាង​ថា​ បុរស​ជា​អ្នក​សាច់​ឆ្កែ​អាង​បងប្រុស​ធ្វើ​យោធា​យក​​ស្លាក​លេខ​ម៉ូតូ​ខេមរភូមិន្ទ​មក​ពាក់​ម៉ូតូ​របស់​ខ្លួន ​ហើយ​តែងតែ​បង្ករឿង​អុកឡុក​នៅ​ក្នុងភូមិ​ជា​ញឹកញាប់ ​។​