KOICA នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​291.000​ដុល្លារ​ដល់ NGOs ចំនួន​3

រាជធានី​ភ្នំពេញ ៖ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ហៅ​ថា KOICA បាន​យល់ព្រម​ផ្តល់​ជំនួយ​ចំនួន​២៩១.០០០​ដុល្លារ​សម្រាប់​កម្មវិធី​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ថ្នាក់​តំបន់ (LCPP) ដែល​ស្ថិត​នៅ​ក្រោម​កម្មវិធី​ទ្រទ្រង់​អង្គការ​សង្គម​ស៊ី​វី​ល​ថ្នាក់​តំបន់​របស់ KOICA ។ ជំនួយ​នេះ នឹង​ត្រូវ​ផ្តល់​ទៅ​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​៣ គឺ​អង្គការ​ខេ​ម​រ៉ា អង្គការ​សមាគមយុវជន​ខ្មែរ (KYA) និង​អង្គការ​កម្មវិធី​ការ​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) ។

កិច្ចព្រមព្រៀង​លើ​ជំនួយ​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោកស្រី ប៊ែ​ក ស៊ុ​គ​ហ៊ី ប្រធាន​តំណាង KOICA ប្រចាំ​ប្រទេស​កម្ពុជា និង​អ្នកតំណាង​ដែល​អញ្ជើញ​មក​ពី​អង្គការ​ទាំង​៣ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ កន្លង​ទៅ​នៅ​ការិយាល័យ KOICA ។

LCPP គឺជា​កម្មវិធី​ដែល​ទើបតែ​អនុម័ត​ក្នុង​ពេល​ថ្មី​ៗ​នេះ​នៅ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ដើម្បី​ជួយ​គាំទ្រ​ដល់​អង្គការ​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ។ សម្រាប់​ឆ្នាំ​នេះ ដោយ​ផ្អែក​ទៅ​តាម​ការ​ផ្តួចផ្តើម​គំនិត​របស់​ប្រធានាធិបតី​កូរ៉េ ស្តី​អំពី « ការ​ធ្វើ​ឲ្យ​ជីវិត​ក្មេង​ស្រី​មាន​ភាព​ប្រសើរ​ឡើង » ដែល​មាន​គោលបំណង​លើកទឹកចិត្ត និង​ផ្សព្វផ្សាយ​បញ្ហា​ការ​អប់រំ សុខភាព និង​ជំនាញ​របស់​ក្មេង​ស្រី KOICA បាន​ជ្រើសរើស NGOs ឆ្នើម​ៗ​ចំនួន​៣ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ ដើម្បី​អនុវត្ត​លើ​គម្រោង​សាកល្បង​នេះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ។

តាម​រយៈ​ជំនួយ​នៅ​ក្រោម​កម្មវិធី LCPP នេះ NGOs នីមួយ​ៗ​នឹង​ធ្វើការ​ផ្តល់​សេវា​អប់រំ​នានា​នៅ​ក្នុង​តំបន់​ដែល​បាន​កំណត់ ។ អង្គការ​ខេ​ម​រ៉ា នឹង​ធ្វើ​សកម្មភាព​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​កុមារ​តូច​ដែល​មក​ពី​គ្រួសារ​ក្រីក្រ​នៅ​ខេត្តកណ្តាល ។ រីឯ​អង្គការ KYA នឹង​ជួយ​ដល់​ក្មេង​ស្រី​ៗ​ឲ្យ​បន្ត​ការ​សិក្សា​នៅ​ក្នុង​សាលា ដោយ​ផ្តល់​អាហារូបករណ៍ ធ្វើការ​ផ្សព្វផ្សាយ​តាម​សហគមន៍ និង​សកម្មភាព​នានា​នៅ​តាម​សាលា​ក្នុង​ខេត្តកំពង់ចាម ។ ចំណែក​អង្គការ YRDP នឹង​អនុវត្ត​កម្មវិធី​ការ​អប់រំ​ស៊ី​វិល​សម្រាប់​យុវជន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ពួក​គេ​មាន​ទំនួល​ខុស​ត្រូវ និង​សកម្ម​នៅ​ក្នុង​សង្គម ៕