ដាក់គុក​និស្សិត​ដែល​អារ​.​ក​សម្លាប់​សង្សារ​ព្រោះ​ភ្លើង​ប្រចណ្ឌ​អស់​មួយជីវិត

ភ្នំពេញ: ចៅក្រម​តុលាការ​កំពូល លោក​ឃឹម ប៉ុណ្ណ កាលពី​ព្រឹក​ថ្ងៃទី​៣០ ធ្នូ ២០១៥ សម្រេចតម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជាបានការ​ដដែល គឺ​ផ្តន្ទាទោស​បុរសម្នាក់​ជា​និស្សិត​ច្បាប់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច ត្រូវដាក់​ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​ការ​អារ​.​ក​សម្លាប់សង្សារ ដោយ​ព្រោះ​ភ្លើង​ប្រចណ្ឌ ។​

​ជនជាប់ចោទ​ឈ្មោះ​ស៊ី ហ្សា​ម៉ា​រ៉ូ អាយុ​២៤​ឆ្នាំ ត្រូវបាន​ផ្តន្ទាទោស​អស់​មួយជីវិត ពីបទឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត កាលពី​ថ្ងៃទី​៣តុលា ២០១១ ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់ «​ហង្ស​នាគ​» ក្នុង​បន្ទប់​លេខ​១៤ ផ្លូវ​លេខ៥០២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​តាម​អង្គហេតុ​គឺ ឈ្មោះ ស៊ី ហ្សា​ម៉ា​រ៉ូ បាន​នាំ​សង្សារ ឈ្មោះ ហៃ ស្រី​ទូច អាយុ​២៣​ឆ្នាំទៅ​ដេក​ក្នុងផ្ទះ​សំណាក់​។ លុះ​ក្រោយពេល​លង់លក់ ឈ្មោះ ស៊ី ហ្សា​ម៉ា​រ៉ូ ក៏​យកកាំបិត​ដែល​លាក់ទុក​ចាក់​លើ​ពោះ​សង្សារ​ជាច្រើន​កាំបិត និង​អារ​.​ក​សម្លាប់​តែម្តង​។​

​ដោយឡែក​ក្នុង​សវនាការ​តុលាការ​កំពូល ឈ្មោះ ស៊ី ហ្សា​ម៉ា​រ៉ូ បាន​សារភាព​រូបគេ​ថាពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន តែ​សូម​ឲ្យ​តុលា​ការជួយ​បន្ធូរបន្ថយទោស ព្រោះ​ការសម្លាប់​នេះ​ដោយសារ​ខឹង​នឹង​ជនរងគ្រោះ​លួច​មាន​សង្សារ​ថ្មី​។​

​ដោយឡែក លោក ឈួន ចាន់ថា តំណាង​មហាអយ្យការ​បាន​សន្និដ្ឋាន​តម្កល់ការសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ទុកជាបានការ​ដដែល​៕​R

ដាក់គុក​និស្សិត​ដែល​អារ​.​ក​សម្លាប់​សង្សារ​ព្រោះ​ភ្លើង​ប្រចណ្ឌ​អស់​មួយជីវិត