អាជ្ញាធរ​ជាតិ​អប្សរា បូមទឹក​បញ្ចូល​ស្រះ​ទឹក មុខ​ប្រាសាទអង្គរវត្ត​

សៀមរាប: ​អ្នកគ្រប់គ្រង​ទឹក កំពុង​បូមទឹក​បញ្ចូល​ស្រះ​ប្រុស​ហើយ បន្ទាប់ពី​ចំណាយពេល​ជិត​កន្លះ​ខែ ដើម្បី​បំពេញ​ស្រះស្រី​កន្លងមក ស្រះ​ប្រុស ឬ​ស្រះ​ខាងត្បូង ប្រាសាទអង្គរវត្ត ត្រូវបាន​ក្រុម​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​បូមទឹក​បញ្ចូល​ហើយ កាល​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​។ ការបូមទឹក​បញ្ចូល​ស្រះ​ប្រុស​នេះ ក្រោយពី​ក្រុមការងារ បាន​ចំណាយពេល​អស់​ជិត​កន្លះ​ខែ ដើម្បី​បំពេញ​ស្រះស្រី ឬ​ស្រះ​ខាងជើង​រួចមក​។ ការបញ្ចូល​ទឹកស្រះ​ប្រុស​នេះ ក៏​មិន​ខុសពី​ស្រះស្រី​ដែរ គឺ​នឹងត្រូវ​ចំណាយពេល​ប្រហែល​ជាង ១០​ថ្ងៃ ទើប​ពេញ​បាន​។​

​អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក លោក ភឿន សុ​ឃីម បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ​នេះ​ថា ដោយសារ​ខែវស្សា​កន្លងទៅនេះ មាន​បរិមាណ​ទឹកភ្លៀង​តិចតួច ធ្វើ​ឲ្យ​ស្រះ​ទាំងពីរ នៅមុខ​ប្រាសាទអង្គរវត្ត ឆាប់​រាក់​លឿន​ជាង​ឆ្នាំមុនៗ​។ ដូច្នេះ ក្រុមការងារ​បាន​រូត​រះ​បូមទឹក​បំពេញ​ស្រះ​ទាំងពីរ​នេះ​ឡើងវិញ ដើម្បី​កុំ​ឲ្យ​រីងស្ងួត​ទាន់ និង​ដើម្បី​រក្សា​សោភណភាព​ដ៏​ស្រស់ស្អាត បន្ថែម​ទៅលើ​សម្រស់​ប្រាសាទអង្គរវត្ត​។​

​លោក សុ​ឃីម បន្ថែមថា ការបញ្ចូល​ទឹកស្រះ​ទាំងពីរ​ឆ្នាំនេះ ប្រើ​រយៈពេល​យូរ​ជាង​ឆ្នាំមុនៗ ដោយសារ​យើង​បន្ថែម​កម្ពស់​ទឹក​លើស​មុន​៣​ទៅ​៤​តឹក ដើម្បី​អាច​រក្សា​ទឹកបាន​ដល់​ទៅ​ខែ​៦ ឬ​ខែ​៧ ដែលជា​ខែ​មាន​ភ្លៀង​ធ្លាក់​ឡើងវិញ​។ មូលហេតុ ដែល​យើង​បញ្ចូល​ស្រះស្រី​មុន​ស្រះ​ប្រុស ក៏​ដោយសារ​ស្រះស្រី​មានការ​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើនជាង​ស្រះ​ប្រុស​។ ភ្ញៀវទេសចរ​ច្រើន​កុះករ​ជា​រៀងរាល់ថ្ងៃ តែង​ចូលមក​ថតរូប​ទុកជា​អនុស្សាវរីយ៍ ភ្ជាប់​ខ្លួន​ជាមួយ​ទេសភាព​ស្រះស្រី ដែលមាន​រូប​ឆ្លុះ​ប្រាសាទអង្គរវត្ត​កំពូល​ប្រាំ​ផង​។​

​ទាក់ទង​នឹង​ការគ្រប់គ្រង​ទឹក អនុប្រធាននាយកដ្ឋាន​រូបនេះ បញ្ជាក់ថា ដោយសារ​ឆ្នាំនេះ ខ្សត់​ទឹកភ្លៀង យើង​បាន​ត្បិតត្បៀត​សន្សំសំចៃ​ទឹក​ក្នុង​កម្រិត​ខ្ពស់ ដោយ​ប្រមូល​ទឹក​ពី​ប្រភព​ផ្សេងៗ មក​រក្សាទុក ដើម្បី​ទុក​ប្រើប្រាស់​ផ្គត់ផ្គង់​កសិណ​អង្គរ និង​ប្រព័ន្ធ​ប្រឡាយទឹក​សំខាន់ៗ សម្រាប់​ការងារ​អភិរក្ស​បេតិកភណ្ឌ និង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាជន​។ យ៉ាងនេះ​ក្តី ក្រុមការងារ​នៅតែ​បំពេញ​ស្រះស្រី និង​ស្រះ​ប្រុស​ដូច​សព្វដង ក្នុងន័យ​រក្សា​សោភណភាព និង​ផ្តល់​ភាពស្រស់​ត្រកាល​ដល់​ប្រាសាទអង្គរវត្ត​ដដែល​៕

អាជ្ញាធរ​ជាតិ​អប្សរា បូមទឹក​បញ្ចូល​ស្រះ​ទឹក មុខ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា បូមទឹក​បញ្ចូល​ស្រះ​ទឹក មុខ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា បូមទឹក​បញ្ចូល​ស្រះ​ទឹក មុខ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា បូមទឹក​បញ្ចូល​ស្រះ​ទឹក មុខ​ប្រាសាទអង្គរវត្ត​