មរណភាព​របស់​មេ​ឆ្កែ​ស្តេច​ថៃ​ផ្សាយ​លើ​ទំព័រ​មុខ​របស់​កាសែត​នានា

ឆ្កែ​ញី​ឈ្មោះ TONGDAENG របស់​ព្រះមហាក្សត្រ​ថៃ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ កន្លង​មកនេះ ហើយ​រឿង​នោះ​ត្រូវ​បាន​គេ​ឃើញ​ផ្សាយ​ក្នុង​ទំព័រ​មុខ​របស់​បណ្តាសារ​ព័ត៌មាន​ជាតិ​ថៃ ។

សារព័ត៌មាន​ទាំងនេះ​សរសេរ​ថា KHUN TONGDAENG (​ជំទាវ TONGDAENG) បាន​ទទួលមរណភាព​ដោយ​ស្ងប់​ដូច​ដេក​លក់ នៅ​ឯ​ព្រះ​បរមរាជវាំង KHAI KANGWON កាលពី​ថ្ងៃ​ទី​២៦ ធ្នូ វេលា​ម៉ោង​២៣​និង​១០​នាទី​ម៉ោង​ក្នុងស្រុក ។ ការ​ប្រកាស​ជា​ផ្លូវការ​ពី​រឿង​នេះ​ត្រូវ​បាន​ផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​២៩ ធ្នូ ដោយ​សាលា​បសុព្យាបាល KASETSART ក្រុង​បាងកក​ទទួល​បន្ទុក​ព្យាបាល​សត្វ​ចិញ្ចឹម​របស់​រាជវង្ស ។ ព្រះ​បរមរាជវាំង KLAI KANGWON តាម​ពិតជា​និវេសនដ្ឋាន​រដូវក្តៅ​សំខាន់​របស់​ព្រះមហាក្សត្រ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​បាងកក ។

មេ​ឆ្កែ TONGDAENG មាន​ន័យ​ជា​ភាសា​ថៃ​ថា ស្ពាន់​ក្រហម មាន​អាយុ​១៧​ឆ្នាំ ។ មេ​ឆ្កែ​នេះ ធ្លាក់ខ្លួន​ឈឺចាប់​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ។ មេ​ឆ្កែ​នេះ​គេ​តែង​ឃើញ​នៅ​អែប​ជាប់​ក្បែរ​ស្តេច​ថៃ ហើយ​គេ​តែង​ឃើញ​បែប​នេះ​ក្នុង​ប្រតិទិន ព្រមទាំង POSTER ប្រពៃណី​ជា​ច្រើន​ដែល​គេ​និយម​យក​ទៅ​ដាក់​តាំង​លម្អ​ផ្ទះ ឬ​តាំងនៅ​តាម​បណ្តា​ស្ថាប័ន​ផ្លូវការ ព្រមទាំង​ហាង​នានា​របស់​ប្រទេស ។

កាសែត​ជាតិ​ថៃ​សំខាន់​ៗ​ដូច​ជា​កាសែត KHAOSOD ឬ​កាសែត MATICHON ជាដើម​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ បាន​ផ្សាយ​ព័ត៌មាន​នេះ​លើ​ទំព័រ​មុខក្រោយ​ការ​ប្រកាស​ជា​ផ្លូវការ ។ កាសែត​ទាំងនេះ​សរសេរ​រៀបរាប់​ជាមួយ​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ ។

នៅ​ប្រទេស​ថៃ​គ្រួសារ​រាជវង្ស​ត្រូវ​ការពារ​ដោយ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​មួយ ។ ច្បាប់​នេះ​គូសបញ្ជាក់​ថា មនុស្ស​ទាំងឡាយ​ណា​ដែល​ប្រមាថ​ដល់​ព្រះមហាក្សត្រ​ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះរាជ​អគ្គមហេសី ឬ​ព្រះ​បុត្រា​រាជទាយាទ និង​បុត្រី​មួយ​អង្គ​ក្នុង​ចំណោម​បុត្រី​ទាំង​២​អង្គ ឬ​សមាជិក​ណា​ក៏​ដោយនៅ​ជុំវិញ​រាជវង្ស​អាច​មានទោស​ជាប់គុក​ដល់​១៥​ឆ្នាំ ៕