ផល សោ​ភ័​ណ្ឌ សុំ​ទោស​ទុក​មុន បើ​ចាញ់​នៅ Thai Fight យប់​ស្អែកនេះ

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាករ​មួយ​ចំនួន​ដែល​បង្ហាញ​អំនួត​នៅ​ពេល​មានឱកាស​បាន​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ជា​ពិសេស​នៅ​លើ​សង្វៀន Thai Fight នៅ​ក្រៅប្រទេស កីឡាករ​ជើង​ខ្លាំង​ផល សោ​ភ័​ណ្ឌ ហាក់​មិនសូវ​មាន​ទំនុកចិត្ត​ចំពោះ​ខ្លួនឯង​ប៉ុន្មាន​ទេ​សម្រាប់​ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​យប់ស្អែក​នេះ ។ លោក​បាន​ប្រកាស​សុំ​ទោស​ទុក​មុន ដោយសារ​តែ​ការ​ប្រកួត​ដែល​ត្រូវ​គេ​ជ្រើស​ឲ្យ​ចេញ​ទៅ​ប្រកួត​នេះ គឺ​មិន​បាន​ត្រៀមខ្លួន​ពី​ចម្ងាយ​នោះ​ទេ ដោយសារ​កីឡាករ​ម្នាក់​មក​ពី​ភូមា​ត្រូវ​អវត្តមាន​ជា​បន្ទាន់ ហើយ​ត្រូវ​គេ​ជ្រើស​ឲ្យ​លោក​ចេញ​ទៅ​យ៉ាង​ទាន់ហន់​តែ​ម្ដង ។

នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក កីឡាករ​រូប​នេះ​កាន់តែ​បង្ហាញ​ភាព​ស្ទាក់ស្ទើរ​បន្ទាប់​ពី​បានដឹង​ថា សមាសភាព​ជា​គូប្រកួត​របស់​ខ្លួន​គឺជា​អ្នក​ណា ។ លោក​បាន​ប្រកាស​សុំ​ទោស​ដដែល​ជា​ដដែល ដែល​សារ​ទាំងនោះ​មិនមែន​មាន​ន័យ​ថា​ផល សោ​ភ័​ណ្ឌ សុំ​ចាញ់​គូប្រកួត​នោះ​ទេ ប៉ុន្តែ​គឺ​បណ្ដាល​មក​ពី​គូប្រកួត​របស់​លោក គឺជា​កីឡាករ​កម្រិត A នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ចំណែក​រូប​លោក​ដែល​ទើប​មានមុខ​ចេញ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ Thai Fight នេះ​វិញ ក៏​ត្រូវ​គេ​ឲ្យ​ឡើង​ប្រកួត​ដូច​ចាប់​ដាក់​ដែល​មាន​ន័យ​ថា​មិន​មាន​ការ​ព្រាង​ទុក​ពី​ចម្ងាយ ។ លោក​បាន​បង្ហោះ​សារ​នោះ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​កថា «​បើសិនជា​ប៉ះ​គេ​(​កីឡាករ​ថៃ​)​ចាញ់​ឬ​ឈ្នះ សូម​មិត្ត​អធ្យាស្រ័យ​ផង​ព្រោះ​គេ​ជា​កីឡាករ​លំដាប់ A របស់​ថៃ ណាមួយ​យើង​មិន​បាន​ត្រៀម​ទុក​មុន​ទេ​គឺ​ដល់​ថ្ងៃ​ចាប់​ដាក់​តែ​ម្ដង​!» ។

យ៉ាងណា​ក៏​ដោយ​លោក​បាន​បង្ហាញ​ការ​តាំងចិត្ត​ថា​នឹង​ប្រឹង​ឲ្យ​អស់ពី​លទ្ធភាព​សម្រាប់​ការ​ប្រកួត​នៅ​យប់ស្អែក​នេះ បើ​ទោះជា​គូប្រកួត​ដែល​លោក​ប៉ះ​ជាមួយ គឺជា​កីឡាករ​ល្បីឈ្មោះ​នៅ​ក្នុង​ព្រឹត្តិការណ៍ Thai Fight និង​ជា​កីឡាករ​កម្រិត​ជួរ​មុខ​ក្នុង​ទីក្រុង​បាងកក ហើយ​លោក​ខ្លួនឯង​ក៏​អត់​បាន​ហ្វឹកហាត់​ត្រៀមខ្លួន​ឲ្យ​បាន​ម៉ត់ចត់​ទុក​មុន​នោះ​ក៏​ដោយ​។ លោក​បាន​អះអាង​ថា បាន​ចាកចេញ​ទៅ​កាន់​ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ធ្នូ ហើយ​បើ​និយាយ​ពី​ការ​ហ្វឹកហាត់​ត្រៀមខ្លួន​វិញ គឺ​សឹង​មិន​មាន​តែ​ម្ដង ដោយសារ​តែ​កៀក​ដល់​ថ្ងៃ​ចេញដំណើរ​ទើបបាន​ដឹងខ្លួន ដែល​សឹងតែ​ត្រៀម​ចិត្ត​ក៏​មិន​ទាន់​។

លោក​បាន​ថ្លែង​ថា នេះ​ជា​ការ​ប្រកួត​ដែល​ចាត់ចែង​ឡើង​ដោយ​ភាព​រហ័ស​ដូច​ផ្លេកបន្ទោរ ប៉ុន្តែ​ក្នុង​នាម​លោក​ដែល​ជា​កីឡាករ​ម្នាក់ ហើយ​ត្រូវ​បង្ហាញ​មុខមាត់​លើ​ឆាក​អន្តរ​ជាតិ និង​ស្ថិត​នៅ​ក្រោម​ការ​ចាត់ចែង​របស់​ក្លិប គឺ​មិន​អាច​បដិសេធ​បាន​ទេ គឺ​ត្រូវ​តែ​ទទួល​ដោយ​មិន​អាច​និយាយ​ថា​បន្ទាន់​ពេក​ហើយ​ក៏​ច្រានចោល​នោះ​ទេ ។ កីឡាករ​រូប​នេះ បញ្ជាក់​ថា អ្នក​រៀបចំ​កម្មវិធី Thai Fight បាន​ទាក់ទង​មក​កាន់​គ្រូបង្វឹក​របស់​ខ្លួន ហើយ​គ្រូ​របស់​ខ្លួន​ក៏​ទើបតែនឹង​ឲ្យ​ខ្លួន​រៀបចំ​ចេញដំណើរ​នៅ​ប៉ុន្មាន​ម៉ោង​មុន​ចេញដំណើរ​កាលពី​ថ្ងៃ​២៩ ខែធ្នូ ប៉ុណ្ណោះ ។ យ៉ាងណា​ក៏​ដោយ លោក​ថា​នៅ​ប៉ុន្មាន​ថ្ងៃ​ទទួល​ពាក្យ​ដើម្បី​ចេញ​ទៅ​ប្រកួត ក៏​បាន​ហ្វឹកហាត់​លេង​ៗ​ជា​ប្រក្រតី​ខ្លះ​ដែរ ដោយ​គ្រាន់តែ​មិន​បាន​ដិត​ដល់​ដូច​គេ​អ្នក​ត្រៀមខ្លួន​ឡើង​ប្រកួត​នោះ​តែ​ប៉ុណ្ណោះ ។

ដំណើរ​ចេញ​ទៅ​ប្រកួត​របស់​កីឡាករ​ផល សោ​ភ័​ណ្ឌ លើក​នេះ គឺ​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដែល​មានឈ្មោះ​ថា Thai Fight Count Down ដែល​ជា​ព្រឹត្តិការណ៍​រាប់​ថយក្រោយ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​២០១៥ ឈាន​ទៅ​២០១៦​។ អ៊ីចឹង​ហើយ ទើប​ព្រឹត្តិការណ៍​នេះ គេ​ឃើញ​វត្តមាន​របស់​សមាសភាព​ចូលរួម​ប្រកួត គឺ​សុទ្ធតែ​កីឡាករ​ល្បី​ឈ្មោះ​​មក​ពី​តំបន់​ផ្សេង​ៗ​ទាំងអស់ ដោយ​សូ​ម្បី​តែ​កីឡាករ​ថៃ​ដែល​មក​ប្រកួត​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ​ក៏​ជា​កីឡាករ​ជួរ​មុខ​ដែល​មានឈ្មោះ​ល្បី​លំដាប់​ប្រទេស​ដែរ​។

តាម​គម្រោង​ព្រឹត្តិការណ៍​យប់ស្អែក​នេះ គឺ​មាន​វត្តមាន​តែ​កីឡាករ​កែវ រំ​ចង់ ម្នាក់​គត់ ដើម្បី​ឲ្យ​គេ​បាន​ឡើង​សងសឹក​ជាមួយ​កីឡាករ​ថៃ ប៉ុន្តែ​ដោយសារ​កីឡាករ​ជា​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ម្នាក់​អវត្តមាន​ខុស​ពី​ការ​គ្រោងទុក ទើប​ឱកាស​របស់​ផល សោ​ភ័​ណ្ឌ ត្រូវ​បាន​បញ្ជូន​ចេញ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ លោក​ហ៊ុន ចាន់​រាជ ដែល​ជា​កីឡាករ​ផង និង​ជា​អ្នកដឹកនាំ​កីឡាករ​កម្ពុជា​ឲ្យ​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ MMA កន្លង​មក ក៏​បាន​ទៅ​ជា​ធ្វើ​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ចំណោម​គណៈកម្មការ​របស់​ប្រទេស​ផ្សេង​ៗ សម្រាប់​ការ​ប្រកួត​សងសឹក​រវាង កែវ រំ​ចង់ និង​កីឡាករ​ថៃ Iquezang Kor.Rungthanakeat នៅ​វេលា​យប់​ស្អែកនេះ​ផង​ដែរ​។

ព្រឹត្តិការណ៍​ទាំងមូល នឹង​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣​ថៃ ចាប់ពី​វេលា​ម៉ោង​៦ និង​៣០​នាទី រហូត​ដល់​ម៉ោង​៩ និង​៣០​នាទី​យប់​ស្អែកថ្ងៃ​ទី​៣១ ខែធ្នូ​នេះ ដើម្បី​អបអរ​ឱកាស​ដាច់​ឆ្នាំ និង​ដើម្បី​ឲ្យ​កីឡាករ និង​មហាជន​បាន​រាប់​ថយក្រោយ​ទទួល​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៦ ដែល​នឹង​មក​ដល់​នៅ​វេលា​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​យប់​នេះ។

គូប្រកួត​របស់​ផល សោ​ភ័​ណ្ឌ គឺ​កីឡាករ​ថៃ Saen Chai ដែល​មាន​ប្រវត្តិ​ធ្លាប់​ផ្ដួល​កីឡាករ​ក្នុង និង​ក្រៅ​ស្រុក​រាប់​មិន​អស់​មក​ហើយ​។ ការ​ប្រកួត​យប់ស្អែក​នេះ មានការ​ប៉ាន់​ស្មានថា​កីឡាករ​កម្ពុជា​នឹង​យ៉ាប់ ដោយសារ​តែ​គូប្រកួត​របស់​គេ​គឺជា​ជើង​ខ្លាំង ហើយ​ផល សោ​ភ័​ណ្ឌ​ខ្លួនឯង ក៏​មិន​បាន​ហ្វឹកហាត់​ពី​ចម្ងាយ​សម្រាប់​ស្វាគមន៍​គូបដិបក្ខ​​​សម្រាប់​យប់ស្អែក​នេះ ។

ដោយឡែក​សម្រាប់ កែវ រំ​ចង់ ឯណោះ​វិញ គេ​បាន​ហ្វឹកហាត់​ច្រើន​មក​ហើយ​សម្រាប់​ការ​ប៉ះ​គ្នា​ជា​លើក​ទី​២​ជាមួយ​កីឡាករ​ថៃ Iquezang ក្នុង​ពេល​បន្តិចទៀត​នេះ​។ កីឡា​ករ​កម្ពុជា​កែវ រំ​ចង់ ហាក់​មានការ​រំពឹង​ខ្ពស់​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​ប្រកួត​កាលពី​លើក​មុន កីឡាករ​ថៃ​ក៏​ឈ្នះ​ដោយ​ប្រផិតប្រផើយ​បំផុត ។ ម្យ៉ាង​ការ​ប្រកួត​យប់ស្អែក​នេះ កីឡាករ​ហ៊ុន ចាន់​រាជ ជា​ជនជាតិ​ខ្មែរ បាន​ទទួល​កិត្តិយស​ធ្វើ​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ​នោះ​ផង ទើប​ក្ដី​សង្ឃឹម​របស់​កែវ រំ​ចង់ មាន​ពេញទំហឹង​សម្រាប់​យកឈ្នះ​លើ​គូ​ប្រកួត។ ការ​ប្រកួត​យប់ស្អែក​នេះ នឹង​មានការ​ចាប់អារម្មណ៍​ភាគច្រើន​មិនមែន​តែ​ជនជាតិ​ថៃ និង​កម្ពុជា​ដែល​ស្នេហា​វិស័យ​ប្រដាល់​ប៉ុណ្ណោះ​ទេ គឺ​នៅ​តំបន់​អាស៊ី និង​អឺរ៉ុប​ដែល​បាន​បញ្ជូន​កីឡាករ​របស់​ខ្លួន ឲ្យ​មក​ប្រកួត​ដែរ​ក៏​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ព្រឹត្តិការណ៍​នេះ​ដូច​គ្នា​ផង​ដែរ ៕