«​ព្រាត់​ស្នេហ៍​សំណ​ប់​ចិត្ត​» មានកំណើត​ពី​អង់គ្លេស

​នៅ​ថ្ងៃ​ពុធ​នេះ លោក ​ឃុ​ត សុខឿន​នឹង​ជំរាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់​នូវ​ព័ត៌មាន​ទាក់ទង​នឹង​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​មួយ​បទ​ដែលមាន​ចំណងជើង​ថា  "A Whiter Shade of Pale "​និង បទ​ចម្រៀង​ខ្មែរ​ដែលមាន​ចំណងជើង​ថា​"​ព្រាត់​ស្នេហ៍​សំណ​ប់​ចិត្ត​" របស់លោក ស៊ីន ស៊ី​សាមុត​។​

​បទ​ចម្រៀង​ដែល​ប្រិយមិត្ត​កំពុង​ស្តាប់​នៅពេលនេះ​មាន​ចំណងជើង​ថា​"A Whiter Shade of Pale " ។ បទ​ចម្រៀង​នេះ ច្រៀង​ដោយ​ក្រុម​តន្ត្រី​រ៉ក់​របស់​អង់គ្លេស​ឈ្មោះ Procol Harum ហើយ​បានចេញ​លក់​នៅ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៦៧ ។

ទំនុកច្រៀង​និង​បទ​ភ្លេង នៃ​បទ​ចម្រៀង​នេះ ត្រូវបាន​និពន្ធ​ឡើង​ដោយ​អ្នកនិពន្ធ​៣​នាក់ គឺ ​លោក  Gary Brooker លោក Keith Reid, និង​អ្នកលេង organe  Matthew Fisher ។ ទំនុក​
ច្រៀង​នៃ​បទ​ចម្រៀង​នេះ មាន​ភាពមិនប្រក្រតី​ច្រើន​អន្លើ​។ ប៉ុន្តែ​គេ​អាច​សង្ខេប​បាន​ថា បទ​ចម្រៀង​នេះ ច្រៀង​រៀបរាប់​អំពី​ទំនាក់ទំនង​ផ្លូវភេទ​រវាង​បុរស​និង​ស្ត្រី ដោយ​ប្រើ​ន័យ​ប្រៀប​
​ធៀប​។

​បន្ទាប់ពី​ចេញលក់​បាន​មួយខែ បទ​ចម្រៀង A Whiter Shade of Pale បាន​ជាប់​ចំណាត់​​ថ្នាក់​លេខ​១ ក្នុង​តារាង UK Single Chart ហើយ​ចំណាត់ថ្នាក់​នេះ បាន​បន្ត​រហូតដល់ ៦សប្តាហ៍​។ ក្រៅពីនេះ បទ​ចម្រៀង A Whiter Shade of Pale   បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​នៅតាម​បណ្តា​ប្រទេស​មួយចំនួនទៀត ដែល​បទ​ចម្រៀង​នេះ​បានដាក់​លក់​ផងដែរ​។ ​ជា​លទ្ធផល បទ​ចម្រៀង​នេះ បាន​លក់ដាច់​ជាង ១០​លាន​ថាស នៅ​ទូទាំង​ពិភពលោក ។

​រហូតមកទល់​បច្ចុប្បន្នេះ សិល្បករ​នៅ​ទូទាំង​ពិភពលោក ប្រមាណ​ជាង ១​ពាន់​នាក់ បាន​​ច្រៀង និង ផលិត​បទ​ចម្រៀង A Whiter Shade of Pale   ឡើងវិញ ។ បទ​ចម្រៀង​នេះ ក៏​ត្រូវបាន​ផលិត​ដើម្បី​ដាក់បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ផងដែរ​។​
 

ដោយសារតែ​ភាពល្បីល្បាញ​របស់​វា ប្រហែលជា​មិនយូរប៉ុន្មាន​ទេ ដែល​បទ​ចម្រៀង​នេះ បាន​មកដល់​កម្ពុជា​។ ផលិតកម្ម​ចតុមុខ របស់​កម្ពុជា បាន​ផលិត​បទ​ចម្រៀង​នេះ​ជាថ្មីដោយបាន​ប្រគល់​ភារៈ​នេះ​ទៅអោយ​លោក ស៊ីន ស៊ី​សាមុត ជា​អ្នក​បញ្ចេញ​សម្លេង​។​​ជាង ៤០​ឆ្នាំ​ហើយ បទ​ចម្រៀង​ទាំងពីរ​នេះ នៅតែ​រក្សា​ភាពល្បីល្បាញ​របស់​វា​ជានិច្ច​។ អ្នកចម្រៀង​របស់អង់គ្លេស នៅតែមាន​វត្តមាន​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​នៅឡើយ​។ ខុសប្លែក​តែ​កម្ពុជា ​ម្ចាស់​បទ​ចម្រៀង​នេះ​បាន​បន្សល់ទុក​នូវតែ​សម្លេង អោយ​យុវជន​ជំនាន់​ក្រោយ​ច្រៀង​តាម និង សោកស្តាយ​ជា​ពន់ពេក ដូច​បទ ព្រាត់​ស្នេហ៍​សំណ​ប់​ចិត្ត របស់លោក​ដែរ​៕