មន្ត្រី​សង្ឃ​ថា​ចលនា​នយោបាយ​របស់​លោក ខឹម វាសនា គឺ​ចង់​ផ្ដួល​រំលំ​ព្រះពុទ្ធ​សាសនា

មន្ត្រី​សង្ឃ​លើក​ឡើង​ថា ការ​ឃោសនា និង​ចលនា​នយោបាយ​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា គឺ​ចង់​ផ្ដួល​រំលំ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ។

ទាក់ទិន​បញ្ហា​នេះ លោក ខឹម វាសនា បាន​ឆ្លើយ​ថា អ្វី​ដែល​លោក​និយាយ គឺ​ជា​រឿង​ត្រឹមត្រូវ ហើយ​មិន​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​ឡើយ។

ករណី​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ដែល​បាន​និយាយ​ឆ្គាំឆ្គង​លើ​ព្រះពុទ្ធ​សាសនា បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​ក្នុង​អង្គ​អនុសំវច្ចរៈ​មហា​សន្និបាត​លើក​ទី​២៤ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នា​សាល​មហោស្រព​ចតុមុខ។

សមាជិក​ថេរ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅ​អធិការ​វត្ត​ស្រះចក ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា មាន​ថេរ​ដីកា​ថា លោក ខឹម វាសនា តែង​តែ​ប្រើ​ពាក្យ​អសុរោះ ជេរ​ប្រមាថ​ព្រះសង្ឃ និង​ធ្វើ​ចលនា​បញ្ចូល​មនោគមវិជ្ជា​ដល់​យុវជន ឲ្យ​ស្អប់​ព្រះពុទ្ធ​សាសនា។ ព្រះតេជព្រះគុណ​បន្ថែម​ថា ទង្វើ​របស់​មេ​ដឹក​នាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ រូប​នេះ គឺ​ប្រាសចាក​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ចង់​ផ្ដួល​រំលំ​ព្រះពុទ្ធ​សាសនា៖ «ពាក្យពេចន៍​របស់​គាត់​ចេញ​មក គឺ​អសីលធម៌ ជេរ​គេ​ជេរ​ឯង ដូចជា ពួក​អា​ឈាម​ថោក ពួក​អា​ចោរ​ថង់យាម ពួក​អា​ឈាម​ឆ្កែ ពួក​អា​បោក​រាស្ត្រ ពួក​អា​ឈ្លើង​អី ជាដើម។ ពាក្យ​ទាំង​នេះ យើង​មិន​អាច​ទទួល​យក​បាន​ទេ ជាពិសេស​ព្រះពុទ្ធ​សាសនា គឺ​ជា​ឃ្លាំង និង​ជា​គ្រឹះ​នៃ​សីលធម៌ វប្បធម៌​ជាតិ ព្រម​ទាំង​ជា​សាសនា​របស់​រដ្ឋ​ថែម​ទៀត»

ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា មាន​ថេរ​ដីកា​បន្ត​ថា ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទូទាំង​ប្រទេស មិន​អនុញ្ញាត​ឲ្យ​ជន​ណា ឬ​ក្រុម​ណា​មួយ ធ្វើ​ការ​បំផ្លាញ​ព្រះពុទ្ធ​សាសនា​នោះ​ទេ។ នៅ​ក្នុង​កិច្ច​ប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​រយៈពេល​ពីរ​ថ្ងៃ​នេះ ក៏​កំពុង​ជជែក​ស្វែងរក​វិធានការ​ផ្លូវ​ច្បាប់​លើ លោក ខឹម វាសនា ដែរ។

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ឆ្លើយ​តប​ថា លោក​មិន​ដែល​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះពុទ្ធ​សាសនា និង​ព្រះសង្ឃ​ឡើយ។ លោក ខឹម វាសនា បញ្ជាក់​ថា កន្លង​មក លោក​និយាយ​ប៉ះពាល់​តែ​មនុស្ស​ខូច​ដែល​ជ្រក​ក្រោម​ស្លាក​ព្រះពុទ្ធ​សាសនា​នោះ​ទេ។ លោក​មិន​ព្រួយ​បារម្ភ​អំពី​វិធានការ​ច្បាប់​ណា​មួយ ដាក់​ទោស​ទណ្ឌ​លោក​ឡើយ៖ «ប្រសិន​ណា​ព្រួយ​បារម្ភ ខ្ញុំ​មិន​និយាយ​ទេ។ បើ​យើង​នៅ​តែ​ខ្លាច​មុខ​ខ្លាច​ក្រោយ​អ៊ីចឹង គឺ​មនុស្ស​នឹង​មិន​បាន​យល់​ត្រូវ​ទេ។ សម្រាប់​ខ្ញុំ នៅ​សម្ងំ​មិន​បាន​ទេ ហើយ​ខ្ញុំ​និយាយ​នេះ ដើម្បី​ផល​ប្រយោជន៍​មនុស្ស​មួយ​ប្រទេស»

លោក​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក មាន​មនុស្ស​ខូច​ខ្លះ​បាន​បន្លំ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក និង​អ្នក​គាំទ្រ ដើម្បី​ធ្វើ​សកម្មភាព​បែប​មិន​ត្រឹមត្រូវ។ លោក ខឹម វាសនា ក៏​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត និង​ជជែក​គ្នា​ឲ្យ​បាន​ច្បាស់លាស់​តាម​កញ្ចក់​ទូរទស្សន៍​ផង​ដែរ។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​លោក​មិន​ពេញ​ចិត្ត​របៀប​និយាយ និង​ពាក្យ​ជេរ​ប្រមាថ​របស់ លោក ខឹម វាសនា ក្តី ប៉ុន្តែ​ខ្លឹមសារ​ខ្លះ​ត្រឹមត្រូវ ព្រោះ​វត្ត​អារាម​ខ្លះ​មិន​មែន​ស្អាតស្អំ​គ្រប់​ពេល​នោះ​ដែរ។ ទន្ទឹម​គ្នា​នេះ លោក​បញ្ជាក់​ថា គណបក្ស​នយោបាយ​ផ្សេង​ទៀត ក៏​យក​សាសនា​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ដែរ ដូចជា​យក​វត្ត​អារាម​ឲ្យ​ប្រជាពលរដ្ឋ​ស្បថ​ថា បោះ​ឆ្នោត​ឲ្យ និង​ស្មោះ​ត្រង់​ជាមួយ​បក្ស។ល។ ទាំង​នេះ សុទ្ធតែ​ជា​រឿង​បោកប្រាស់ និង​ប៉ះពាល់​ព្រះពុទ្ធ​សាសនា​ដូច​គ្នា៖ «ជេរ​ប្រទេច ឬ​ក៏​យើង​លួងលោម​ក្នុង​ន័យ​បោកប្រាស់ គឺ​វា​មាន​អត្ថន័យ​ដូច​គ្នា ខុស​ទាំងអស់​គ្នា។ សម្រាប់​ខ្ញុំ​សោកស្ដាយ​ចំពោះ​ទាំងអស់​គ្នា​ដែរ ដែល​តាំង​ពី​ដើម​មក យក​សាសនា​ជា​ឧបករណ៍ និង​ជា​ឈ្នាន់​នយោបាយ»

យ៉ាង​ណា​ក៏ដោយ​ចុះ ប្រជាពលរដ្ឋ ជាពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​រិះគន់​ខ្លាំងៗ​លើ​ទង្វើ​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នេះ​ដែរ ដែល​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ និង​ពេល​ខ្លះ លោក ខឹម វាសនា និយាយ​គ្មាន​សីលធម៌។ ជុំវិញ​ការ​ប្រើ​ពាក្យ​សម្ដី​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ ប៉ះពាល់​ព្រះពុទ្ធ​សាសនា និង​បំបែក​បំបាក់​សង្ឃ​នេះ សម្ដេច​សង្ឃ ឈឹង ប៊ុនឈា ព្យាករ​ថា លោក ខឹម វាសនា អាច​នឹង​ធ្លាក់​អនន្តរិយកម្ម​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។