​ពលរដ្ឋ​ទីទ័ល​ក្រ​រស់​ក្រោម​ដើមឈើ​ទទួល​​​អំណោយ​ពី​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧

ខេត្ត​ព្រះ​សីហ​នុ ​៖ ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ​សាខា​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​លោក ទៀ សុខា ជា​ប្រធាន​សាខា នៅ​ព្រឹក​ថ្ងៃ​ទី៣០ ​ធ្នូ ​​នេះ បាន​ដឹកនាំ​សមាជិក សមាជិកា ចុះ​ចែក​អំណោយ​ដល់ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ដែល​គ្មាន​ជម្រក​ស្នាក់​នៅ​ចំនួន​២​គ្រួសារ ​នៅ​ភូមិ​ត្រពាំង​គោ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ​។

​ប្រជា​ពលរដ្ឋ​ក្រីក្រទាំង​២​គ្រួសារ​​ខាង​លើ មាន​ គ្រួសារទី​១ ​ជាគ្រួសារ​ស្ត្រី​មេម៉ាយ​ឈ្នោះ ប៉ន ខាត់ អាយុ​៣៥​ឆ្នាំ មានកូន​តូច​ចំនួន​៥​នាក់ក្នុង​បន្ទុក ​មិន​បាន​ចូល​សាលា​ទេ ដោយ​រស់នៅ​ក្រោម​ដើមឈើ ។ ចំណែក​គ្រួសារ​ទី​២ ដែល​មាន​ឪពុក​ឈ្មោះ សុខ គូ ប្រពន្ធ​ឈ្មោះ ផា រឿ​ន មានកូន​តូច​៥​នាក់​ក្នុង​បន្ទុក​ គ្មាន​ផ្ទះសំបែង ​សព្វថ្ងៃ​រស់នៅ​អគារ​ស្នាក់​ការ​ភូមិ​ចាស់​ដែល​ទុក​ចោល និង​គ្មាន​មុខរបរ​ពិតប្រាកដ ។

គួរ​បញ្ជាក់​ថា អំណោយ​ដែល​យក​ទៅ​ចែក​ជូននា​ពេល​​នេះ ​ដោយ​ក្នុង​១គ្រួសារ​ៗ​ទទួល​បាន​ ​​អង្ករ​​៥០​គីឡូ ​​មី​​២​កេស ​​ត្រីខ​​កំប៉ុង២​យួរ​ ​ទឹកត្រី​២​យួរ ​​ទឹកស៊ីអ៊ីវ​២​យួរ ​​ប្រេងឆា ២​ដប ​​អំបិល​២​គីឡូ​ក្រាម​ ​​ប៊ី​ចេ​ង​២​កញ្ចប់ ​ប្រាក់​​៨០​ម៉ឺន​រៀល ។ ក្រៅ​អំពី​នោះ​ លោក យស ស៊ី​វុ​ត្ថា សមាជិកចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ខេត្ត​ បាន​ជួយ​ឧ​ប​ត្ថ​ម្ភ​កង់​មួយ​គ្រឿង​ និង​ជួយ​ជា​ប្រាក់​​១៥​ម៉ឺន​រៀល​ក្នុង​១​ខែ រយៈពេល​២​ឆ្នាំ​ ។ ទន្ទឹម​នឹង​នោះ លោក ហ៊​ត សីហា ក៏​បាន​ជួយ​ឧ​ប​ត្ថ​ម្ភ​កង់​មួយ​គ្រឿង​ផង​ដែរ ទៅ​ដល់​គ្រួសារ​ស្ត្រី​មេម៉ាយ​ដើម្បី​ផ្គត់ផ្គង់​ដល់​ការ​សិក្សា​របស់​កុមា​ទាំង​៥​នាក់​​ ។

នា​ឱកាស​​នេះ​​ដែរ លោក ទៀ សុខា និង​គណៈប្រតិភូ​ក៏​បាន​ទៅ​ពិនិត្យ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​១០០​ម៉ែត្រ ចូល​វិទ្យាល័យ​ហ៊ុន សែន ស្មាច់​ដែង ដែល​​ស្ថាបនា​ជិត​រួចរាល់​និងជា​អំណោយរបស់​ចលនា​យុវជន​កម្ពុជាក្រុម​១៥៧​ផង​ដែរ ៕