សាលា​បឋម​សិក្សា​សំបូ​រមាស​ទទួល​​អំណោយ​​ជាសម្ភារសិក្សា​ពី​​ក្រុម​ជំនួយ​ការ​លោក​ ហ៊ុន ម៉ា​ណែ​ត​

រាជធានី​ភ្នំពេញ ​៖ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ​ធ្នូ​ ​២០១៥ ​ក្រុម​ជំនួយការ​លោក​ ហ៊ុន ម៉ា​ណែ​ត ​បាន​នាំ​យក​សម្ភារ​​​សិក្សា​ ដែល​​ជា​អំណោយ​​មក​ពី​អង្គការ​មូលនិធិ​ Furniture for Education Worldwide ​និង​សម្ភារ​​មួយ​ចំនួន​ទៀត​ រួម​មាន ក្តារ​ខៀន​​៥​ កុំព្យូទ័​រ​លើ​តុ​​​២​គ្រឿង​ ម៉ាស៊ីន​ព្រី​ន​ធ័រ​​២​គ្រឿង ​ដែល​ជា​អំណោយ​ដ៏​​​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តាម​រយ​: លោក​ ហ៊ុន ម៉ា​ណែ​ត ​ប្រគល់​ជូន​សាលា​បឋម​សិក្សា​សំបួរមាស​ ស្ថិត​ក្នុងភូមិ​ម័​ល​ សង្កាត់​ដង្កោ ខណ្ឌដង្កោ ​។​

លោក​ សាយ ឆាយ ​នាយក​សាលា​បឋម​សិក្សា​សំបួរមាស​ ​បាន​សម្តែង​នូវ​ទឹក​ចិត្ត​​សប្បាយ​រីករាយ​ជា​អនេក​ចំពោះ​​​អំណោយ​ទាំងនេះ​ ខណៈ​សាលា​​​កំពុង​ជួប​ការ​ខ្វះខាត​ជា​​​ច្រើន​​នូវ​សម្ភារ​​សិក្សា​ ក៏​ដូច​ជា​សម្ភារ​​ថ្នាក់រៀន​ សម្រាប់​បំពាក់​តាម​ថ្នាក់ និង​ការ​ប្រើ​ប្រាស់​​​​សម្ភារ​​ទាំងនេះ​ ​និង​​បាន​​ឆ្លើយ​តប​តាម​​​តម្រូវការ​ប្រើ​ប្រាស់​មួយ​ផ្នែក​ធំ​ផង​ដែរ ។​សម្រាប់​​ទិស​ដៅ​ដ៏​ឆាប់​ៗ​ខាង​មុខ​នេះ​ សាលា​អាច​ប្រឈម​នឹង​ការ​ខ្វះ​អគារសិក្សាអាស្រ័យ​ដោយ​​កំណើន​​សិស្សានុសិស្ស​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ជាក់ស្តែង​ បច្ចុប្បន្ន​សាលា​បាន​យក​បន្ទប់​ទីចាត់ការ និង​បណ្ណាល័យ​​ធ្វើ​ជា​ថ្នាក់រៀន​សម្រាប់​ក្មួយ​ៗជា​​បណ្តោះអាសន្ន​​ដើម្បី​​បំពេញ​សេចក្តី​ត្រូវការ​រៀនសូត្រ​របស់​សិស្ស​ ។

លោក​ មែ ស៊ី​ថន ​ក៏​បាន​ឲ្យ​ដឹង​​ដែរ​ថា​ កន្លង​ទៅ​នេះ​ លោក ​ហ៊ុន ម៉ា​ណែ​ត ​ធ្លាប់​បាន​ប្រគល់​តុ​ កៅអី​ សិក្សា​មួយ​ចំនួន​ដល់​សាលា​រួច​មក​ហើយ​ ​ហើយ​​សម្ភារ​​ដែល​ផ្តល់​ជូន​​នា​ពេល​នេះ​នឹង​បំពេញបន្ថែម​​សម្រាប់​ការ​ប្រើ​ប្រាស់​របស់​សាលា​ចំពោះ​មុខ​ថែម​ទៀត​ ។

លោកនាយក​សាលា ​តំណាង​ឲ្យ​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​សិក្សា​ ក្មួយ​ៗ​សិស្សានុសិស្ស ​និង​មាតាបិតា​សិស្ស សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ សម្តេច​ទាំង​ពីរ ​និង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល​២០១៦​នេះ​ សូម​គោរព​ជូនពរ សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​បុត្រា-បុត្រី​ ព្រម​ទាំងចៅប្រុស-​ចៅស្រី​ សូម​ទទួល​បាននូវ​​ពុទ្ធ​ពរ៤​ប្រការ ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕