ចិន​ប្រតិកម្ម​ចំពោះ​ជំទាវ​លោក​អា​បេ ទៅ​កាន់​យ៉ា​ស៊ូ​គូ​នី

ក្រោយ​ទស្សនកិច្ច​របស់​ជំទាវ​ភរិយា​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ​អា​បេ នៅ​ឯ​ទីតាំង​គោរព​បូជា​យ៉ា​ស៊ូ​គូ​នី​ដ៏​ល្បីល្បាញ ប្រទេស​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​អំពាវនាវ​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ដល់​ប្រទេស​ជប៉ុន​ឱ្យ​គិតគូរ​ដល់​រឿង​ឈ្លានពាន​របស់​ខ្លួន​កាលពី​អតីតកាល ។

លោកស្រី​អា​គី អា​បេ កាលពី​ថ្ងៃ​ទី​២៨ ធ្នូ បាន​សរសេរ​តាម​គណនី FACEBOOK របស់​លោកស្រី​នូវ​ព័ត៌មាន​ដែល​ថា ជា​ថ្មី​ទៀត លោកស្រី​បាន​ជ្រើសរើស​យល​ទីតាំង​យ៉ា​ស៊ូ​គូ​នី​សម្រាប់​ទស្សនកិច្ច​ចុង​ក្រោយ​ប្រចាំឆ្នាំ​របស់​លោកស្រី ។ ទំព័រ FACEBOOK របស់​លោកស្រី​ក៏​បង្ហាញ​ផង​ដែរ​នូវ​សារ​ទាំងឡាយ​ស្តី​ពី​ទស្សនកិច្ច​របស់​លោកស្រី​ក្នុង​ទីតាំង​នេះ​កាលពី​ខែឧសភា និង​ខែសីហា ឆ្នាំ​២០១៥ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​លូ​កាង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ថា យើង​អំពាវនាវ​ដល់​ជប៉ុន​ឱ្យធ្វើ​ការ​ប្រឈម​មុខ​ដោយ​ស្មោះ ហើយ​ពិចារណា​ពី​អតីត កាល​ឈ្លានពាន​របស់​ខ្លួន ហើយ​កាត់​ផ្តាច់​ដោយ​ពិតប្រាកដ​នូវ​លទ្ធិ​យោធា​និយម រួច​បំពេញ​ការ​ខិតខំ​ប្រឹងប្រែង​នានា ដើម្បី​ពង្រឹង​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​និង​ធ្វើការ​បង្រួបបង្រួម​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​អាស៊ី ។ ចិន​សង្ឃឹមថា ជប៉ុន​អាច​បង្ហាញ​កាយវិការ​ពិត​ប្រាកដជា​ជាង​ពាក្យ​សម្តី​ទាក់ទិន​នឹង​បញ្ហា​ប្រវត្តិ​សាស្ត្រ​នេះ ៕