វាយប្រហារ​អត្តឃាត​មួយ​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​26​នាក់

បណ្តា​អ្នក​ទ​ទួ​ល​ខុស​ត្រូវ​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​២៦​នាក់​ស្លាប់ និង​ជា​ច្រើន​សិប​នាក់​ត្រូវ​របួស​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ពេល​ជន​អត្តឃាត​តា​លី​បង់​ម្នាក់​មាន​គ្រាប់បែក​បើក​ម៉ូតូ​បំ​បុក​ចូល​ការិយាល័យ​រដ្ឋ​នៅ​ស្រុក MARDAN ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន ។

យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា ការ​វាយប្រហារ​នេះ​បង្ហាញ​ថា ពួក​តា​លី​បង់​ប៉ា​គី​ស្ថាន​នៅ​តែ​មាន​សមត្ថភាព​ធ្វើការ​វាយប្រហារ​បង្ហូរឈាម​នានា ទោះបី​មានការ​វាយលុក​ខាង​យោធា​ដ៏​ចម្បង​មួយ​កំពុង​ធ្វើ​ប្រឆាំង​ទីតាំង​ទាំងឡាយ​របស់​ពួក​គេ​ក៏​ដោយ ។

លោក FAISAL SHAHZAD មេ​ប៉ូលិស​ម្នាក់​នៃ​ស្រុក MARDAN បញ្ជាក់​ថា ជន​អត្តឃាត​បាន​បើក​ម៉ូតូ​បុក​ទម្លុះរ​បងសំណាញ់​ដែក​របស់​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​អត្តសញ្ញាណ​ប័ណ្ណ ដែល​ចេញ​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​ប៉ា​គី​ស្ថាន ។

យោង​តាម​មេ​ប៉ូលិស​រូប​នេះ​ថា ការ​វាយប្រហារ​សំដៅលើ​មនុស្ស​ជាង​៤០០​នាក់ ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ទីនោះ ។

ចំណែក​អ្នក​ទទួលខុសត្រូវ​ខេត្ត​ម្នាក់​លោក MUSHTAQ GHANI គូសបញ្ជាក់​ប្រាប់ AFP ថា មនុស្ស​យ៉ាងតិច​២៦​នាក់​ស្លាប់ និង​ជាង​៥០​នាក់​រង​របួស ក្នុង​នោះ​១១​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ។ អ្នក​របួស​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រុង​ប៉េ​សាវ៉ា ។

ទូរទស្សន៍​ផ្សាយ​រូបភាព​ទាំងឡាយ​ដែល​បង្ហាញ​ពីរ​បង​បាក់ និង​បំណែក​ដែក​រាយ​ប៉ាយ​លើ​ដងផ្លូវ ។

សាខា​មួយ​របស់​ចលនា​តា​លី​បង់​ប៉ា​គី​ស្ថាន​បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ ខណៈ​ប៉ា​គី​ស្ថាន​បច្ចុប្បន្ន​កំពុង​បន្ត​ការ​វាយលុក​ប្រឆាំង​ពួក​តា​លី​បង់ និង​ក្រុម​ប្រដាប់​អាវុធ​ឯទៀត​ៗ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​តាម​បណ្តោយ​ព្រំដែន​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ៕