វិភាគ ៖ ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​ង​ការ​សំពង​ដ៏​ដំណំ​មួយ បន្ទាប់​ពី​បរាជ័យ​មួយ​ចំនួន​នៅ​អីុ​រ៉ា​ក់ និង​ស៊ី​រី

ពួក​អ្នក​ជំនាញការ​វាយតម្លៃ​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​ង​បរាជ័យ​មួយ​ចំនួន​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់រួច​ថ្មី​ៗ​បំផុត​នៅ​ក្រុង​រ៉ា​ម៉ា​ឌី ក៏​ប៉ុន្តែ​អង្គការ​ជី​ហា​ដ​នេះ​នៅ​ពុំ​ងាយ​ចាញ់​ឡើយ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ខែឧសភា វាយដណ្តើម​កាន់កាប់​ទីក្រុង​រ៉ា​ម៉ា​ឌី ទីប្រជុំជន​ខេត្ត​ស៊ុន​នី​ត​អាល់​អាន​បា​ភាគ​ខាងលិច​អីុ​រ៉ា​ក់ ធ្វើ​ឱ្យ​កងទ័ព​រង​បរាជ័យ​យ៉ាង​អាម៉ាស់ ។ ពួក​ជី​ហា​ដ​ក៏​ដណ្តើម​កាន់កាប់​ក្រុង PALMYRE ជា​ក្រុង​បូរាណ​ស៊ី​រី ដែល​ពិភពលោក​ស្គាល់​បង្ហាញ​ពី​សមត្ថភាព​ពួក​គេ​ពង្រីក​កាលី​ហ្វា​ត​ស្វ័​យ​ប្រកាស​នៅ​ចន្លោះ​ស៊ី​រី និង​អីុ​រ៉ា​ក់ ។ ក៏​ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​នេះ​ពួក​ជី​ហា​ដរ​ង​ការ​បាត់បង់​ដែនដី​ត្រួតត្រា​មួយ​ចំនួន គឺ​បាត់បង់​ទីក្រុង BAIJI ក្រុង SINJAR ហើយ​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ​បាត់បង់​ក្រុង​រ៉ា​ម៉ា​ឌី ។ នៅ​ស៊ី​រី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាត់បង់​នា​ដំណាច់​ខែធ្នូ ការ​ត្រួតត្រា​ទំនប់​ទឹក TICHRINE ភាគ​ខាងជើង​ប្រទេស​ប្រឈម​មុខ​នឹង​ក្រុមចម្រុះ​យោធា​អា​រ៉ាប់​-​ឃើ​ត ញ៉ាំង​ឱ្យ​ក្រុម​នេះ​បាត់បង់​ប្រភព​ចំណូល​យុទ្ធសាស្ត្រ​មួយ ។

លោក FIRIS ABI ALI អ្នកវិភាគ​របស់ IHS JANE’S  ជា​វិទ្យាស្ថាន​មួយ​មាន​ឯកទេស​ក្នុង​បញ្ហា​ការពារ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍​យល់​ថា សម្រាប់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ប្រកាស​ពី​រដ្ឋ​មួយ​ត្រួតត្រា​បណ្តា​ទីក្រុង និង​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ​ៗ​ជា​រឿង​សំខាន់ ក៏​ប៉ុន្តែ​បរាជ័យ​នា​ពេល​ថ្មី​ៗ​នេះ​របស់​គេ​ចាប់ផ្តើម​ការ​បាត់បង់​ជំនឿ ។

ទោះបី​យ៉ាងណា ពួក​អ្នកវិភាគ​នៅ​មានការ​ថ្លឹងថ្លែង​ដោយ​គិត​ថា ការ​វាយ​ដណ្តើម​យក​ក្រុង​រ៉ា​ម៉ា​ឌី​បាន​វិញ​របស់​កងទ័ព​អីុ​រ៉ា​ក់​គ្រាន់​ជា​ជ័យជម្នះ និមិត្តរូប​មួយ ទោះបីជា​ការ​វាយ​ដណ្តើម​យក​ក្រុង​នេះ​ធ្វើ​ឡើង តែ​ដោយ​កងកម្លាំង​សហព័ន្ធ​ដោយ​គ្មាន​ការ​ចូលរួម​របស់​បណ្តា​កងជីវពល​ស៊ី​អីុ​ត ដែល​រហូត​មក​ទល់​ពេល​នេះ​ដើរតួ​នាទី​សំខាន់​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្តី ។

ចំណែក​លោក PATRICK MARTIN អ្នកវិភាគ​នៃ​វិទ្យាស្ថាន INSTITUTE FOR THE STUDY OF WAR  មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​យល់​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​តែ​អាច​ធ្វើការ​វាយប្រហារ​នានា​នៅ​ក្នុង​ប្រទេស​អីុ​រ៉ា​ក់ដោយ​ពុំ​ចាំបាច់​មាន​ក្រុង​រ៉ា​ម៉ា​ឌី ជាទី​ក្រុង​សំខាន់​បំផុត​មួយ​សម្រាប់​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់ ជាង​សម្រាប់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ពួក​ជី​ហា​ដ​អាច​នាំ​យក​ចេញ​បាន​រថយន្ត និង​អាវុធ​មួយ​ចំនួន​ធំ​មុន​ការ​វាយលុក​លើ​ក្រុង​នេះ ។

លោក ABI ALI គូសបញ្ជាក់​ថា ការ​ស្តារ​ឡើង​វិញ​នូវ​សមត្ថភាព​របស់​កងទ័ព​អីុ​រ៉ា​ក់​គឺ​សំខាន់​បំផុត ហើយនឹង​អាច​ក្លាយជា​គំរូ​មួយ​សម្រាប់​ការ​វាយលុក​នានា​ក្នុង​ពេល​អនាគត។

នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់ លោក​ហៃ​អីុ​ឌ័​រ អាល់​អា​បា​ឌី សន្យា​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ រំដោះប្រទេស​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ឆ្នាំ​២០១៦ ។ លោក​សន្យា​ថា អន្លូង​យ៉ាងដំណំ​សម្រាប់​ពួក​ជី​ហា​ដ​នឹង​ជា​ការ​វាយ​រំដោះ​ក្រុង​ម៉ូ​ស​ស៊ុ​ល ដែល​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៤ មក ។

លោក ABI ALI បន្ត​ថា កងកម្លាំង​ឃើ​ត​ស៊ី​រី​អាច​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​រុល​របស់​ពួក​គេ​ទៅ​កាន់​ក្រុង​រ៉ា​កា ជា​រដ្ឋធានី​របស់​ពួក​ជី​ហា​ដ​នៅ​ស៊ី​រី ។ ប្រសិនបើ​បរាជ័យ​របស់​ពួក​គេ​កាន់តែ​បន្ត​កើត​មាននៅ​ស៊ី​រី និង​នៅ​អីុរ៉ា​ក់ នោះ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​អាច​ទៅ​បោះទីតាំង​នៅ​ប្រទេស​លី​ប៊ី​ជា​ដែនដី​សម្រាប់​ដកថយ ។ នៅ​លី​ប៊ី ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រួតត្រា​រួច​ហើយ​​ទីក្រុង SYRTE ចម្ងាយ​៤៥០​គីឡូម៉ែត្រ​ខាងកើត​ក្រុង​ទ្រី​ប៉ូ​លី ។ លោក​សន្និដ្ឋាន​ថា វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក​ក្នុង​ការ​ប្រកាស​ពី​ការ​ស្លាប់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕