រុ​ស្ស៊ី​ផ្តល់​កាំភ្លើង​AK-47​មួយ​ម៉ឺន​ដើម​ដល់​កងកម្លាំង​ប៉ូលិស​អា​ហ្វ​ហ្គា​នី​ស្ថាន

អ្នកការទូត​រុ​ស្ស៊ី​ម្នាក់​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ថា រុ​ស្ស៊ី​នឹង​ផ្តល់​ដល់​កងកម្លាំង​ប៉ូលិស​អា​ហ្វ​ហ្គា​នី​ស្ថាន​នូវ​កាំភ្លើង​វាយលុក​ធុន AK-47 នា​ខែ​ខាង​មុខ​នេះ ។

បេសកជន​ពិសេស​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​ប្រចាំ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​ហ្សា​មៀរ កា​ប៊ូ​ឡូ​វ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី TASS គូសបញ្ជាក់​ថា បញ្ហា​នៃ​ការ​ផ្តល់​កាំភ្លើង AK-47 ចំនួន​១០.០០០​ដើម​ជាមួយ​គ្រាប់​តាម​រយៈ​ក្រសួងមហាផ្ទៃ​រុ​ស្ស៊ី ត្រូវ​បាន​ដោះស្រាយ​រួចរាល់ រួច​ការ​បញ្ជូន​នឹង​ធ្វើ​ក្នុង​ខែមករា ឆ្នាំ​២០១៦ ។

ក្រុង​ម៉ូ​ស្គូ​ចាត់​ទុក​ការ​ផ្តល់​អាវុធ​នេះ​ថា​ជា​កត្តា​សំខាន់​មួយ​សម្រាប់​ធ្វើ​ឱ្យ​សភាពការណ៍​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​អាជ្ញាធរ​រុ​ស្ស៊ី​សិក្សា​ពី​សំណើ​មួយ​ចំនួន​ទៀត​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​នោះ​មានការ​ផ្តល់​បណ្តា​ឧទ្ធម្ភាគចក្រ​ឈរ​លើ​មូលដ្ឋាន​ពាណិជ្ជកម្ម ។

លោក​កា​ប៊ូ​ឡូ​វ ក៏​គូសបញ្ជាក់​ប្រាប់ TASS ផង​ដែរ​ថា ពួក​តា​លី​បង់​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ក្រុម​នេះ​បង្ហាញ​ឥរិយាបថ​ប្រទូស្ត​រ៉ា​យ​ចំពោះ​បណ្តា​មេដឹកនាំ​តា​លី​បង់ ៕