ខ្សែ​ប្រយុទ្ធ​មិន​សូវ​បាន​លេង Everton ត្រៀម​ទៅ​លេង​នៅ Norwich

 

កីឡាករ Steven Naismith​ ដែល​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Everton នឹង​ត្រូវ​ចាក​ចេញ​ទៅ​លេង​ឲ្យ​ក្លិប Norwich ដែល​ជា​ដៃគូ​ប្រកួត​ស៊ីសាច់​ហុតឈាម​នៅ​ក្នុង Premier League នៅ​ខែ​ក្រោយ បន្ទាប់​ពី​ក្លិប​នេះ​បាន​ចរចារ​ទិញ​កីឡាករ​នេះ​ក្នុង​តម្លៃ​ខ្លួន ៨ លាន​ផោន (ប្រហែល ១២ លាន​ដុល្លារ)។

Everton-Smith

កាល​ពី​ខែ​សីហា ក្លិប Everton បាន​បដិសេធ​សំណើរ​សុំ​ទិញ Naismith របស់​ក្លិប Norwich ម្តង​រួច​មក​ហើយ។

កីឡាករ​សញ្ជាតិ​ស្កុត​ឡែន វ័យ ២៩ ឆ្នាំ​រូប​នេះ បាន​ចូល​លេង​ត្រឹម​តែ​ ៤ ​ប្រកួត ប៉ុណ្ណោះ​នៅ​ក្នុង​ក្របខណ្ឌ Premier League សម្រាប់​​រដូវ​កាល​នេះ ក៏​ប៉ុន្តែគេ​បាន​សុត​បញ្ជូល​ទី​ចំនួន ៣ គ្រាប់​តែ​ម្នាក់​ឯង ​ក្នុង​ការ​ប្រកួត​ជាមួយ​និង​ក្លិប​តោខៀវ Chelsea ក្នុង​នាម​ជា​កីឡាករ​ជំនួស កាល​ពី​ប្រកួត ក្នុង​ខែ​កញ្ញា។

កីឡាករ​នេះ​ក៏​បាន​លេង​ជា​កីឡាករ​ជំនួស​រយៈពេល ២៥ នាទី​ក្នុង​ការ​ប្រកួត​ជាមួយ​និង​ក្លិប Stock ដែល​ប្រកួត​នោះ​ Stock បាន​យក​ឈ្នះ Everton ក្នុង​លទ្ធផល ៤-៣។

Steven Naismith បាន​ចូល​លេង​ឲ្យ​ក្លិប​ Everton នៅ​ឆ្នាំ ២០១២​ បន្ទាប់​ពី​គេ​បាន​ចាកចេញ​ពី​ក្លិប Rangers។ ​រូប​នេះ​បាន​លេង​ឲ្យ​ក្លិបនៅ​ក្របខណ្ឌ Premier League​ ​ចំនួន​ ១០៣ លើក ដោយ​រកគ្រាប់​បាល់​បាន ១៨ គ្រាប់។

បច្ចុប្បន្ន Norwich មាន​ ៣ ពិន្ទុ​ពី​តំបន់​ដែល​ត្រូវ​គេ​កាត់​ចោល ​ខណៈដែល​ក្លិប Everton កំពុង​តែ​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី ១១៕