ជើង​ខ្លាំងកម្ពុជា​២​រូប​ថា ផល សោភ័ណ្ឌ សង្ឃឹម​ឈ្នះ​តិច ​ខណៈ រំចង់​ ​​បើ​ចង់​ឈ្នះ​ត្រូវ​ប្ដូរ​​

ជើង​ខ្លាំងកម្ពុជា​២​រូប​ថា ផល សោភ័ណ្ឌ សង្ឃឹម​ឈ្នះ​តិច ​ខណៈ រំចង់​ ​​បើ​ចង់​ឈ្នះ​ត្រូវ​ប្ដូរ​​

កីឡាករ​​ ផល សោភ័ណ្ឌ ​ប៉ះ​​ Saenchai ​​ប្រៀប​​ដូច​យក​ពង​មាន់​ជុល​នឹង​ថ្ម​ ខណៈ​ កែវ រំចង់ ​​ប្រសិន​បើ​ចង់​ឈ្នះ Iquezang Kor Rungthanakeat ​ត្រូវ​ប្រកួត​តាម​របៀប​ប្ដូរ​​ផ្ដាច់​​។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​ប្រដាល់​​ សេន ប៊ុន​ថេន និង​ រឿង សោភ័ណ្ឌ​​ ​​សម្រាប់​ការ​ប្រកួត​កម្ម​វិធី​ Thai Fight ​ថ្ងៃ​​ទី៣១ ​​ខែ​ធ្នូ ឆ្នាំ​២០១៥ ស្អែក​នេះ​ដែល​ជើង​ខ្លាំង​កម្ពុជា​ទាំង​ពីរ​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ថៃ។

 

ជើង​ខ្លាំងកម្ពុជា​២​រូប​ថា ផល សោភ័ណ្ឌ សង្ឃឹម​ឈ្នះ​តិច ​ខណៈ រំចង់​ ​​បើ​ចង់​ឈ្នះ​ត្រូវ​ប្ដូរ​​

កីឡាករ Saenchai ​និង​កីឡាករ ផល សោភ័ណ្ឌ​(​​ក្នុង​ពេល​ថ្លឹង​ទម្ងន់​)

 

​អតីត​អ្នក​ប្រដាល់​​ធ្លាប់​ឈ្នះ​ក្នុង​កម្មវិធី​ Thai Fight ​​សេន​ ប៊ុន​ថេន​ បាន​ឲ្យ​ដឹង​ថា ផល​ សោភ័ណ្ឌ​ នៅ​ក្មេង​ពេក​ហើយ​ ប៉ះ​ Saenchai ​​​ពិត​ជា​យ៉ាប់​មិន​ខាន។ ​កីឡាករ​​រូប​នេះ​​ជា​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​​​របស់​ថៃ​ ដែល​គ្មាន​ដៃគូ​ប្រកួត​​​ឡើយ។ ​​ Saenchai ​​​​កាល​​នៅ​ក្មេង​វិញ​​ជា​កីឡាករ​លំដាប់​ខ្ពស់​ប្រហាក់​ប្រហែល​  Buakaw ​បច្ចុប្បន្ន។

 

​កីឡាករ​កំពុង​ហ្វឹកហាត់​ត្រៀម​​​​ចូល​ប្រឡូក​វិស័យ​​ប្រដាល់​​​​សាជាថ្មី​​​រូប​នេះ​បន្ត​ថា ​ផល សោភ័ណ្ឌ អាច​នឹង​វ៉ៃ ​​ Saenchai មិន​ត្រូវ​ផង​​។ ​​ជួប​គ្នា​លើ​សង្វៀន​ស្អែក​នេះ​​ ​សោភ័ណ្ឌ កុំ​ច្រលោត​​​ប្ដូរ​ឲ្យ​សោះ​ត្រូវ​ប្រកួត​តាម​បែប​ពន្យារពេល​ល្អ​ជាង​ជៀសវាង​សន្លប់។ ប៉ះ​គ្នា​លើក​នេះ​ប្រាកដ​ណាស់​ ផល សោភ័ណ្ឌ ប្រៀប​ដូច​ទទួល​បាន​ការ​បង្ហាត់​​បច្ចេកទេស​ថ្មី​ពី​កីឡាករ​ថៃ​អញ្ចឹង​ ពី​ព្រោះ​ ​​ Saenchai​ ប្រៀប​បាន​ នឹង​គ្រូ​បង្ហាត់​ប្រដាល់​មួយ​រូប​របស់​ថៃ។

 

​ចំណែក​​ការ​ប៉ះ​គ្នា​រវាង​ កែវ រំចង់ ​និង Iquezang ​​សេន ប៊ុនថេន ​ក៏​បាន​បញ្ជាក់​​ដែរ​ថា ​​ពិត​ណាស់​គូ​នេះ​​ នឹង​ល្អ​មើល​មិន​ខាន។ កែវ រំចង់ ជា​កីឡាករ​​វ៉ៃ​តាម​បច្ចេកទេស​ល្អ​ប្ដូរ​​ ចិត្ត​សឿង​​ ស្រប​ពេល​ដៃគូ Iquezang ​ជា​កីឡាករ​ល្អ​ក្បាច់ ហេតុ​នេះ​​ ​​រំចង់​ មិន​ត្រូវ​ឈរ​វ៉ៃ​ឆ្ងាយ​ឡើយ​ ​​ត្រូវ​ប្ដូរ​​ពិត​ជា​ឈ្នះ​មិន​ខាន​។ គូ​នេះ​​លោក​គិត​ថា​ រំចង់ នឹង​ឈ្នះ​មិន​ខាន។

 

 ជើង​ខ្លាំងកម្ពុជា​២​រូប​ថា ផល សោភ័ណ្ឌ សង្ឃឹម​ឈ្នះ​តិច ​ខណៈ រំចង់​ ​​បើ​ចង់​ឈ្នះ​ត្រូវ​ប្ដូរ​​ កីឡាករ ​Iquezang និង កែវ រំចង់ ក្នុង​ពេល​ថ្លឹង​ទម្ងន់

 

​ចំពោះ​​អ្នក​លេង​កណ្ដាប់​ដៃ​ រឿង​ សោភ័ណ្ឌ វិញ​ក៏​​​បាន​ឲ្យ​ដឹង​ដែរ​ថា ​​ប្រសិន​បើ​ ផល​ សោភ័ណ្ឌ​ អាច​ឈ្នះ Saenchai ​​ ​រូប​គេ​​​នឹង​​ចាត់​ទុក​​កីឡាករ​កម្ពុជា​រូប​នេះ​ជា​អ្នក​ខ្លាំង​ប្រចាំ​ប្រទេស​កម្ពុជា​។ ពិត​ជា​ពិបាក​​​សម្រាប់​អ្នក​ប្រដាល់​របស់​ក្លិប​តាឡីដំរីមានរិទ្ធិ​​មិន​ខាន​ ពី​ព្រោះ​ Saenchai ​​​ជា​កីឡាករ​គ្មាន​ចំណុច​ខ្សោយ​ទាល់​តែ​សោះ។ ​ក្នុង​នាម​ជា​កីឡាករ​កម្ពុជា​ដូច​គ្នា​រូប​គេ​មិន​ចង់​ឲ្យ​ ផល សោភ័ណ្ឌ ទៅ​ប៉ះ​ Saenchai ​​​ឡើយ​ ពីព្រោះ​​កីឡាករ​ថៃ​រូប​នេះ​​អាច​ នឹង​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​​បាត់​បង់​ទម្រង់​ប្រកួត​ល្អ​របស់​ខ្លួន​​នា​ពេល​បច្ចុប្បន្ន​។

 

​​ជើង​ខ្លាំង​ធ្លាប់​ប្រកួត​ជា​មួយ ផល សោភ័ណ្ឌ រូប​នេះ​​បាន​និយាយ​ពី​ការ​ប្រកួត​របស់ កែវ រំចង់ វិញ​ថា ​កីឡាករ​មហា​កម្លាំង​កម្ពុជា​ពិត​ជា​ឈ្នះ​។  លើក​នេះ​រូប​គេ​មាន​ទំនុក​ចិត្ត​ចំពោះ​ការ​ជួប​គ្នា​ជា​​លើក​ទី​ពីរ​របស់​ កែវ រំចង់ ​រហូត​​ដល់​ទៅ ៧០​%​។

 

ការ​ថ្លឹង​ទម្ងន់​កីឡាករ​ប្រដាល់​ទាំង​អស់​សម្រាប់​ត្រៀម​ខ្លួន​ប្រកួត​ឆ្លង ​ឆ្នាំ THAI FIGHT COUNTDOWN CENTRAL WORLD 2015 ទើប​បញ្ចប់​ទៅ​កាល​ពី​​ព្រឹក​មិញ។ កែវ រំចង់ មាន​ទម្ងន់​ខ្លួន ៦៧,៥ គីឡូក្រាម ប៉ុន្តែ​​​​ Iquezang Kor Rungthanakeat មាន​ទម្ងន់ ៦៨,៧​គីឡូក្រាម។ ចំណែក​ ផល សុភ័ណ្ឌ មាន​ទម្ងន់​ខ្លួន ៦៣,៥​គីឡូក្រាម ខណៈ​​​ខ្លា​ចាស់ Saenchai មាន​ទម្ងន់ ៦៤,៧​គីឡូក្រាម៕

 

អត្ថបទ៖ ​ស្រី សុវណ្ណដារ៉ា
រូប​ថត​៖ ផ្ដល់​ឲ្យ​​​​​​​​​​​​​​​​​​