រកឃើញ​ម្រេច​កំពត​ក្លែង​យីហោ៩០ភាគរយ​នៅ​តំបន់​ផ្សារ​ចាស់ខេត្តសៀមរាប

សៀមរាប៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​ចុះ​ពិនិត្យ ការដាក់​លក់​ម្រេច នៅលើ​ទីផ្សារ ក្នុង​ក្រុង​សៀមរាប។ ការពិនិត្យ បាន​រកឃើញថា ម្ចាស់​អាជីវកម្ម​មួយចំនួន បាន​ក្លែងបន្លំ​យីហោ ម្រេច​កំពត ដែលជា​ដើមហេតុ ធ្វើ​ឲ្យ​ម្រេច​កំពត​កំពុង​ប្រឈម នឹង​ការបាត់​ឈ្មោះ​នៅលើ​ទីផ្សារ។

ម្រេច​កំពត មានឈ្មោះ​បោះ​សំឡេង​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ ថា​ជា​ប្រភេទ​ម្រេច​ល្អ​បំផុត​របស់​កម្ពុជា។ ដោយសារ​គុណភាព​នេះហើយ បានធ្វើ​ឲ្យ​តម្លៃ​របស់​ម្រេច​កំពត មានតម្លៃ​ខ្ពស់ជាង​ម្រេច ដែល​ដាំ​នៅ​ខេត្តកំពង់ចាម ឫ​តំបន់ផ្សេងៗ ។ ឈ្មួញ​មួយចំនួន បាន​បន្លំ​ស្លាក​យីហោ​របស់​ម្រេច​កំពត ដើម្បី​ដាក់​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ។ បញ្ហា​នេះ កំពុង​ធ្វើ​ឲ្យ​ម្រេច​កំពត កំពុង​ជួប​វិបត្តិ បាត់ឈ្មោះ​នៅលើ​ទីផ្សារ​ផងដែរ។

កាលពី​រសៀល​ថ្ងៃទី ២៨ ធ្នូ​កន្លងទៅ អគ្គនាយកដ្ឋាន​កាំកុងត្រូល​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​ម្រេច​កំពត ដែល​ដាក់លក់​នៅលើ​ទីផ្សារ ក្នុង​ក្រុង​សៀមរាប។ ការចុះពិនិត្យ​នេះ ដោយសារ​មានការ​លើកឡើង​របស់​ភ្ញៀវ​មួយចំនួន ដែលថា មាន​អ្នកលក់​មួយចំនួន លក់​ម្រេច​កំពត​មិន​សុទ្ធ។

សកម្មភាព​ពិនិត្យ​បាន​ចុះទៅ​តំបន់​ផ្សារ​ចាស់ និង​បាន​រកឃើញ​ហាង​លក់​មួយចំនួន កំពុង​បន្លំ​ខ្លួន​ជ្រក​ក្រោម​យីហោ​របស់​ម្រេច​កំពត។ ម្ចាស់​អាជីវកម្ម​ទាំងនោះ​អះអាង ពួកគេ​មិនបាន​ដឹង​ពី​បញ្ហា​នេះ​ទេ ព្រោះ​ម្រេច​ទាំងនោះ ពួកគេ​ទិញ​ត​ពី​ឈ្មួញ​ដទៃ​ដែរ។ យ៉ាងណា បើ​មើល​ទៅលើ​ការ​វេច​ខ្ចប់ ម្ចាស់​ហាង​មួយចំនួន មិនមាន​ភាពស្មោះត្រង់ ឫ​មាន​ចេតនា​លក់​របស់​ក្លែងក្លាយ​តែម្តង ព្រោះ​ដប​ដែល​វេច​ខ្ចប់​នោះ មាន​បោះ​ឡូហ្គោ​ហាង​ជាប់​តែម្តង និង​ជាក់លាក់​បំផុត។

លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ប្រាប់​ក្រុម​សារព័ត៌មាន​ថា ការចុះពិនិត្យ​នៅពេលនេះ គឺ​គ្រាន់​ជាការ​ដាស់តឿន​ដល់​អាជីវករ​តែប៉ុណ្ណោះ។ យ៉ាងណា កាំកុងត្រូល​នឹងមាន​វិធាន​តាមផ្លូវ​ច្បាប់ ប្រ​សិ​បើ​អាជីវករ​ទាំងនោះ នៅតែ​បន្ត​ក្លែងបន្លំ​យីហោ​របស់​ម្រេច​កំពត​ត​ទៀត។ ម្រេច​កំពត ប្រឈម​នឹង​ការបាត់បង់​ទីផ្សារ​នៅពេល​អនាគត។ នេះ​ជា​អះអាង​របស់លោគ ពេ​ជ្ជ​រិ​ទ្ធ មុននឹង​លោក​បញ្ជាក់ថា មាន​ម្រេច​ដែល​ជ្រក​ក្រោម​យីហោ ម្រេច​កំពត ប្រមាណ៩០ភាគរយ កំពុង​ចរាចរណ៍​នៅ​តំបន់​ផ្សារ​ចាស់ ដែល​ជាទី​គាបចិត្ត​របស់​ភ្ញៀវទេសចរ​បរទេស។ អគ្គនាយក កាំកុងត្រូល ស្នើឲ្យអាជីវករទាំងអស់ មានភាពស្មោះត្រង់ចំពោះអតិថិជនខ្លួន។

គួរ​បញ្ជាក់ថា ក្នុង​ខេត្ត​ទេសចរណ៍​សៀមរាប ម្រេច​កំពត​ជា​ប្រភេទ​គ្រឿងទេស​មួយ​យ៉ាងសំខាន់ ដែល​ភ្ញៀវទេសចរ​និយម​ចូលចិត្ត។ ភ្ញៀវទេសចរ​បរទេស ពេញចិត្ត​ចំពោះ​ការ​វេច​ខ្ចប់​របស់​ម្រេច​កំពត ដែល​ពួកគេ​តែង​ទិញ​សម្រាប់​ជាវ​ត្ថុ​អនុស្សាវរីយ៍​ជាដើម។ ក្នុង​មួយ​ប្រអប់​តូច ម្រេច​ដែលមាន​យីហោ​ថា «ម្រេច​កំពត» នោះ អាច​លក់បាន​ក្នុងតម្លៃ​ចាប់ពី ៥ឫ៦ដុល្លារ ឫ​អាច​លើសពីនេះ ទៅតាម​ទំហំ និង​បរិមាណ​របស់​វា៕