អាជ្ញាធរ​អប្សរា​កំពុង​បូមទឹក​បំពេញ​ស្រះ​ប្រុស​មុខ​អង្គរ

រូបភាពស្រះប្រុស ដែលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងបូមទឹកបញ្ចូលសៀមរាប៖ ស្រះ​ប្រុស​ដែល​ស្ថិតនៅ​ខាងត្បូង​ប្រាសាទអង្គរវត្ត អាច​នឹងមាន​ទឹក​ពេញ​ឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រុមការងារ​រប​សអា​ជ្ញា​ធរ​ជាតិ​អប្សរា កំពុង​ញាប់ដៃ ដើម្បី​បូមទឹក សម្រាប់​ចាក់​បំពេញ​ស្រះ​ប្រុស​នេះ។

ប្រហែលជា​កន្លះ​ខែ​ទៀត ឫ​ពាក់កណ្តាល​ខែមករា ដើមឆ្នាំ​ថ្មី​នេះ ស្រះ​ប្រុស ដែល​ស្ថិតនៅ​ទិស​ខាងត្បូង នៃ​ប្រាសាទអង្គរវត្ត នឹងមាន​ទេសភាព​ដូច​សព្វដង​វិញ។ ភ្ញៀវទេសចរ​អាច​ឈរ​ថត​នៅមុខ​ស្រះ​នេះ​បាន​ធម្មតា​វិញ បន្ទាប់ពី​ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា រួចរាល់​លើ​ការងារ​បំពេញ​ទឹក​ក្នុង​ស្រះ​នេះ។

ការបូមទឹក​បំពេញ​ស្រះ​ប្រុស ដែល​គោក​រីង​ដោយសារ​ពុំមាន​របប​ទឹកភ្លៀង​គ្រប់គ្រាន់ ក្នុង​រដូវវស្សា បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ២៩ ធ្នូ​ម្សិលមិញ។ លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​ឲ្យ​ដឹងថា ស្រះ​នៅ​អង្គរវត្ត មាន​បរិមាណ​ទឹក​តិចជាង​រាល់​ឆ្នាំ។ ក្នុងនោះ​ស្រះ​ប្រុស ក្នុងចំណោម​ស្រះ​ពីរ​នៅ​អង្គរ ប្រឈម​នឹង​បញ្ហា​ដូចគ្នា​ទៅនឹង​ស្រះស្រី​ដែរ ដូច្នេះ​ចាំបាច់​ត្រូវ បូមទឹក​បញ្ចូល​បន្ថែម ដើម្បី​សោ​ភ័​ណ្ឌ ក៏ដូចជា ជួយ​ទប់​គ្រឹះ​ប្រាសាទ។ ទឹក​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ជាមួយនិង​គ្រឹះ​ប្រាសាទ ព្រោះថា ប្រាសាទ​ក្នុង​តំបន់​អង្គរ ច្រើន​សង់​ឡើង​ដោយមាន​គ្រឹះ​ដីខ្សាច់។

តាម​ការ​បញ្ជាក់ថា​រប​ស់លោក ភឿន សុ​ឃីម ក្រុមការងា​របស់លោក ត្រូវ​បន្ថែម​កម្ពស់​ទឹក​លើស​មុន៣ទៅ៤តឹក ដើម្បី​អាច​រក្សា​ទឹកបាន​ដល់​ទៅ​ខែ៦ ឬ​ខែ៧ ដែលជា​ខែ​មាន​ភ្លៀង​ធ្លាក់​ឡើងវិញ។

គួរ​បញ្ជាក់ថា ស្រះស្រី ដែល​ស្ថិតនៅ​ខាងជើង បាន​បំពេញ​រួចរាល់ មុននឹង​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ចាប់ផ្តើម​បូមទឹក​ពី​កសិណ​អង្គរ បង្ហូរ​ចូល​ស្រះ​ប្រុស។ បើ​គិត​ទាំង​ឆ្នាំនេះ គឺ២ឆ្នាំជាប់ៗគ្នា​ហើយ ដែល​ស្រះ​នៅ​អង្គរតូច មាន​សភាព​រីងស្ងួត ដោយសារ​ការទទួល​ប​រិ​មាណទឹក​ភ្លៀង​មិន​គ្រប់គ្រាន់៕