សុះ ម៉ាច៖ ខ្ញុំសង្ឈឹមថា មិត្តអ្នកសិល្បៈ នឹងយល់អ្វីទៅជាពាក្យ «សាមគ្គី»

ភ្នំពេញ៖ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច កាលពីម្សិលមិញនេះ បានសរសេរនៅទំព័រហ្វេសប៊ុក ថា «ខ្ញុំនឹងខំប្រឹងជួយឲ្យអស់ពី លទ្ធភាពរបស់ខ្ញុំនិងសមាគម យើងសោកស្តាយណាស់ ដោយសារមិត្តសិល្បករ សិល្បការិនី យើងមួយចំនួនខ្វះការសាមគ្គីរួបរួមគ្នា ជាធ្លុងមួយជ្រកក្រោម ដំបូលសមាគមសិល្បៈ តែមួយជាមួយគ្នា»។

លោក សុះ ម៉ាច បានសរសេរថា « រាល់បញ្ហានិង ទុក្ខលំបាករបស់សិល្បករ-សិល្បការិនី គឺជាបញ្ហា និងទុក្ខលំបាករបស់ខ្ញុំដែរ! ក្នុងនាមខ្ញុំជាប្រធានសមាគមសិល្បករខ្មែរ មិនព្រងើយកន្តើយ ឡើយនៅពេលបានដឹងខ្ញុំ នឹងខំប្រឹងជួយឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំ និងសមាគម យើងសោកស្តាយណាស់ ដោយសារមិត្តសិល្បករ-សិល្បការិនី យើងមួយចំនួនខ្វះ ការសាមគ្គីរួបរួមគ្នា ជាធ្លុងមួយជ្រកក្រោមដំបូល សមាគមសិល្បៈតែមួយ ជាមួយគ្នា និងសមាជិកមួយចំនួនមិនបាន មកបង់ថវិកាទ្រទ្រង់ សមាគមក្នុងមួយឆ្នាំ១២ដុល្លារ ឲ្យទៀងទាត់ឡើយ តែដល់ពេលមានបញ្ហា ពួកគាត់តែងតែ ស្រែករកសមាគមឲ្យ ជួយនេះជាការពិត!»។

ប្រធានសមាគមសិល្បករខ្មែរ រូបនេះបានត្អួញត្អែរ ពីភាពលំបាករបស់ខ្លួន កាលពីអាណត្តិមុនៗ ដោយសារតែសិល្បករខ្វះការសាមគ្គី ដោយសរសេរថា «ថវិការបស់អាណត្តិមុនៗ ដែលនៅសល់ក៏មិនទាន់បាន ទទួលទៀត អាណត្តិទីបីដំណើរការយ៉ាងលំបាក ដោយសារតែខ្វះ ការស្រុះស្រួលគ្នាធ្វើការ របស់ក្រុមប្រឹក្សាទាំង ១១រូប ដោយសារពួកគាត់ខ្លះ រវល់និងមនយល់ចិត្តខ្វែងគំនិតគ្នា ដោយសារបញ្ហាអាណត្តិទីពីរ មិនទាន់ដោះស្រាយ ឲ្យចប់ តែទោះយ៉ាងណាក៏ខ្ញុំមិនភ្លេច អរគុណចំពោះសប្បុរសជន ជាពិសេស ឧកញ៉ាបណ្ឌិត (ជា រតនា និង លោកជំទាវ) ព្រមទាំង ឯកឧត្តមលោកជំទាវ មន្ត្រីរាជការ និងមិត្តសិល្បករ-សិល្បការិនី ជាច្រើនព្រមទាំងក្រុមហ៊ុន SABAY ជួយជ្រោមជ្រែង លើកទឹកចិត្តដល់ខ្ញុំបន្តដឹកនាំ រហូតចប់អាណត្តិ និងបន្តដឹកនាំដល់អាណត្តិទីបួន»។

ក្នុងនោះដែរ លោក សុះ ម៉ាច ក៏បានលើកឡើង នូវចំណុចវិជ្ជមានមួយចំនួន ដែលសមាគមសិល្បករខ្មែរ កំពុងទទួលបាន ដោយលោកសរសេរបន្ត នៅលើទំព័រហ្វេសប៊ុកថា «ក្នុងអាណត្តិនេះមាន ការធូរស្រាលចិត្តច្រើន ព្រោះមានក្រុមប្រឹក្សា ទាំងចាស់ថ្មីជួយដល់ខ្ញុំ ក្នុងការដឹកនាំជាលទ្ធផលយើង បានជោគជ័យ ជាច្រើនដោយសារ ការតស៊ូឈ្មុសឈ្មុល និងបានទទួលការយោគយល់ ពីរាជរដ្ឋាភិបាល ដែលយើងបានទាមទារ សូមឲ្យមានការចាក់បញ្ចាំងភាពយន្តខ្មែរ នៅម៉ោងមាសគ្រប់បណ្តាលស្ថានីយ៍ទូរទស្សន៍ ដើមឆ្នាំ២០១៦ ផងដែរ។ ខ្ញុំនៅតែសង្ឃឹមយ៉ាងមុតមាំថា មិត្តសិល្បៈទាំងអស់គ្នា នឹងយល់នូវពាក្យអ្វីទៅដែល ហៅថា(សាមគ្គី)? ហើយពួកគេ នឹងងាកមករួបរួមគ្នា ដើម្បីជួយទ្រទ្រង់សិល្បៈ យើងទាំងអស់គ្នាឲ្យរុងរឿងឡើងវិញ»៕

សុះ ម៉ាច៖ ខ្ញុំសង្ឈឹមថា មិត្តអ្នកសិល្បៈ នឹងយល់អ្វីទៅជាពាក្យ «សាមគ្គី»