ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣៩

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣៩

​ឥឡូវនេះ កូន​កំពុងតែ​រង់ចាំ​ស្វាគមន៍ ពិភពលោក​ថ្មី​របស់​គេ​ហើយ​! គេ​នៅតែ​បន្ត បង្កើត​ស្រទាប់​ខ្លាញ់​មួយ ដើម្បី​ជួយ​ការពារ សីតុណ្ហភាព​រាងកាយ​ក្រោយ​សម្រាល​រួច​។ បើ​យើង​និយាយ​ពី​ប្រវែង​ខ្លួន​វិញ ប្រហែលជា ៥០ សង់ទីម៉ែត្រ និង​ទម្ងន់​ប្រហែល ៣,២ គីឡូក្រាម (​ប្រហែល​ប៉ុន​ផ្លែ​ឪឡឹក​តូច​មួយ​) ហើយ​កូនប្រុស​ទំនងជា​ធ្ងន់​ជាង​កូនស្រី​បន្តិច​។ ស្រទាប់​ស្បែក​ខាងក្រៅ កំពុងតែ​រលាយ​អស់ ដោយសារ​តែ​ស្បែក​ថ្មី​នៅ​ពីក្រោម ដុះ​មក​ជំនួស​វិញ​។

​ចូរ​ជួប​គ្រូពេទ្យ​រាល់​សប្តាហ៍ ដើម្បី​ចង់​ដឹង​អំពី​ការលូតលាស់ និង​របៀប​គេង​របស់​កូន​។ គ្រូពេទ្យ​ក៏​ប្រហែល​ជា​ពិនិត្យ​លើ សរីរាង្គ​ខាងក្នុង​ផងដែរ​ថា​តើ មាត់ស្បូន​ចាប់ផ្តើម​ទុំ​ហើយ​ឬ​នៅ ដូចជា ទន់ ស្តើង​ទៅៗ និង​បើក​។ ប៉ុន្តែ ទោះបីជា​ទទួលបាន​ព័ត៌មាន ពី​ការធ្វើ​បែប​នេះ​ហើយ​ក្តី ក៏​មិនមែន​មានន័យថា អាច​ព្យាករណ៍​ទុក​មុន អំពី​ការ​សម្រាលកូន​បានដែរ​។ បើសិន​ជា​អ្នក​គិត​ឲ្យ​ហួស​ថ្ងៃ​សម្រាល​វិញ គ្រូពេទ្យ​នឹងដាក់​កម្មវិធី ដើម្បី​ធ្វើ​តេស្ត Fetal Testing (​ច្រើនតែ​ជា​ការថត​អេកូ​) ក្រោយ​ពី​គភ៌​អាយុ​បាន ៤០ សប្តាហ៍ ដើម្បី​ប្រាកដថា ការ​មាន​ផ្ទៃពោះ​នេះ នៅ​មាន​សុវត្ថិភាព​។ បើសិន​ជា​អ្នក​មិន​ឈឺពោះ​សម្រាលកូន ដោយ​ខ្លួនឯង​ទេ គ្រូពេទ្យ​នឹង​ជំរុញ​ការ​ឈឺពោះ​នោះ នៅ​ចន្លោះ​ពេល​ពី​មួយ ទៅ​ពីរ​សប្តាហ៍​នៃ​ការ​ចាស់​ខែ ឬ​មុននេះ​ទៅទៀត ខណៈ​ពេល​អ្នក​កំពុងតែ​រង់ចាំ យក​ល្អ គួរតែ​បន្ត​យកចិត្តទុកដាក់ ទៅលើ​ចលនា​របស់​កូន និង​ប្រាប់​គ្រូពេទ្យ​ឲ្យដឹង​ភ្លាម បើសិន​ជា​ចលនា​ទាំងនោះ​ថយចុះ​ជាង​មុន​។ កូន​គួរតែ​នៅ​មាន​សកម្មភាព​ច្រើន​ដដែល រហូត​ដល់​ថ្ងៃ​សម្រាល ប៉ុន្តែ បើ​សកម្មភាព​នោះ​ថយចុះ​វិញ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​ណាមួយ​ជាមិនខាន​។ ជាមួយគ្នានេះដែរ បើសិន​ជា​អ្នក​បែក​ទឹកភ្លោះ​ហើយ ក៏​ត្រូវ​តែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ដែរ​។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ​គ្រប់​ខែ ហើយ​បែក​ទឹក​ភ្លោះ មុន​ចាប់ផ្តើម​សម្រាល មាន​ប្រហែលជា ៨ ភាគរយ​ប៉ុណ្ណោះ​។ ពេលខ្លះ ការហូរ​ទឹកភ្លោះ​នោះ មាន​លក្ខណៈ​ច្រើនៗ ឬ​ហូរ​រឹមៗ​តិចៗ​។ បើសិន​ជា​អ្នក​សង្ស័យថា ខ្លួនឯង​បែក​ទឹកភ្លោះ​ហើយ មិន​ត្រូវ​ព្យាយាម​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​ខ្លួនឯង​ទេ និង​ត្រូវ​ប្រញាប់​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​)​។ បើសិន​ជា​អ្នក​បែក​ទឹក​ភ្លោះ ហើយ​ស្បូន​មិន​ចាប់ផ្តើម​កន្ត្រាក់​ដោយ​ខ្លួនឯង​ទៀត នោះ​គ្រូពេទ្យ​នឹង​ជំរុញ​ឲ្យមាន​ការកន្ត្រា​ក់​សម្រាល់​តែម្តង​។

​សកម្មភាព​ដែល​ត្រូវធ្វើ នៅ​សប្តាហ៍​នេះ​
​បើសិន​ជា​អ្នក​កំពុង​តែ​រៀបចំ គម្រោង​បំបៅ​ដោះកូន ហើយ​មិន​ទាន់​ទិញ​អាវទ្រនាប់ សម្រាប់​បំបៅកូន​ទេ ឥឡូវនេះ វា​ដូចជា​ដល់ពេល​ត្រូវ​ទិញ​ហើយ​។ ចូរ​យក​អាវ​នោះ​មក​មន្ទីរពេទ្យ ព្រោះ​អ្នកនឹង​អាច​ប្រើ​វា​បាន ដើម្បី​ផាសុកភាព និង​ជំនួយ​ផង​។ សុដន់​របស់​អ្នក ទំនង​ជា​ធំ​ជាង​ពេល​មិន​ទាន់​មាន​ផ្ទៃពោះ ហើយ​វា​ប្រហែល​ជា​ធំ​ជាង លេខ​អាវទ្រនាប់​មុនៗ​ពីរ​ទៅ​បី​លេខ​ឯណោះ​។ ខណៈពេល​ដែល​អ្នក​កំពុងតែ​ដើរ​ទិញ​ឥ​វ៉ាន់ ចូរ​យក​ទ្រនាប់​ដាក់​ទ្រ​សុដន់​តាម​ខ្លួន​ខ្លះ​ផង ដើម្បី​ឲ្យ​វា​អាច​ជួយ​បឺត​ស្រូប ទឹកដោះ​ដែល​ហៀរ​ចេញពី​ក្បាល​សុដន់​បាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។