កសិករ​ខ្លះ​បារម្ភ​បាត់​ទីផ្សារ​កសិផល​ក្រោយ​ការ​លាលែង​តំណែង​របស់​ប្រធាន​សេដាក

ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​ថា សេដាក (CEDAC) លោក យ៉ង សាំងកុមារ ដែល​កំពុង​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​កសិករ នឹង​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ជីវិត​នយោបាយ​នៅ​ឆ្នាំ​២០១៦។

លោក យ៉ង សាំងកុមារ ប្ដេជ្ញា​ថា លោក​នឹង​ខិតខំ​ជួយ​ជំរុញ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជាកសិករ​កម្ពុជា បាន​កាន់​តែ​ច្រើន​ថែម​ទៀត។ ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​នេះ នៅ​ក្នុង​ឱកាស​ផ្ទេរ​តំណែង​របស់​លោក​ឲ្យ​អ្នក​ផ្សេង​ដឹកនាំ​អង្គការ​សេដាក បន្ត នៅ​មុន​ពេល​លោក​ត្រៀម​ខ្លួន​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ។

កសិករ​មួយ​ចំនួន​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​សេដាក ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​ទីផ្សារ​កសិផល​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ចំពោះ​ការ​ចាក​ចេញ​របស់​ប្រធាន​អង្គការ​សេដាក ថា​អាច​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​កសិផល និង​ជីវភាព​របស់​ពួកគេ។

ការ​លើក​ឡើង​របស់​កសិករ​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ លាលែង​ពី​តំណែង​ជា​ប្រធាន​របស់​អង្គការ​សេដាក ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ដែល​លោក​បាន​ធ្វើ​ការ​អស់​រយៈពេល​ជិត ២០​ឆ្នាំ​មក​នេះ។ លោក​អះអាង​ថា លោក​នឹង​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ទើប​នឹង​បង្កើត​ថ្មី​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៦ ខាង​មុខ។

កសិករ​ប្រកប​របរ​ដាំ​បន្លែ​ដែល​ទទួល​បាន​ការ​គាំទ្រ ទាំង​ផ្នែក​បច្ចេកទេស ទាំង​ផ្នែក​ទីផ្សារ លោកស្រី អែម រីម មក​ពី​ខេត្ត​កំពង់ស្ពឺ បាន​បង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​ចំពោះ​ការ​ចាកចេញ​នេះ។ លោកស្រី​និយាយ​ថា លោក យ៉ង សាំងកុមារ មាន​ទេពកោសល្យ​ក្នុង​ការ​ដឹកនាំ និង​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ដោយ​បាន​នាំ​យក​បច្ចេកទេស​ថ្មីៗ​លើ​ផ្នែក​កសិកម្ម​ជូន​ប្រជាកសិករ​ឲ្យ​ជោគជ័យ​ក្នុង​អាជីព​ជា​កសិករ។

លោកស្រី​បន្ត​ថា អ្វី​ដែល​បារម្ភ​ជាង​គេ ក្រោយ​លោក​ប្រឡូក​ធ្វើ​ជា​អ្នក​នយោបាយ លោក​នឹង​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ស្រាវជ្រាវ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កសិករ​ដូច​មុន​ទៀត​ទេ ដែល​ទាំង​នេះ​ជា​ហេតុ​ជំរុញ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផលិត​របស់​កសិករ​មិន​អាច​បំពេញ​តម្រូវ​ការ​ទីផ្សារ​បាន៖ «ពេល​គាត់​នៅ គាត់​ជួយ គាត់​ជួយ​ជា​មតិ​យោបល់ គាត់​លើក​ទឹក​ចិត្ត​កសិករ ចង់​គាត់​ចេញ​ទៅ​ខ្ញុំ​ព្រួយ​បារម្ភ​ណាស់»

ទន្ទឹម​គ្នា​នេះ កសិករ​នៅ​ក្នុង​ខេត្ត​ព្រៃវែង ម្នាក់​ទៀត លោកស្រី វង់ ស៊ីថន លោកស្រី​សោកស្ដាយ​ចំពោះ​ការ​ចាក​ចេញ​នេះ ព្រោះ​កន្លង​មក​លោក យ៉ង សាំងកុមារ បាន​ចុះ​ពង្រឹង​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​តាម​មូលដ្ឋាន​ឲ្យ​ចេះ​ស្រលាញ់​ការងារ​កសិកម្ម និង​ងាក​មក​ធ្វើ​កសិកម្ម​បែប​សរីរាង្គ​ជាដើម។

លោកស្រី​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កសិករ​នៅ​មូលដ្ឋាន​កំពុង​ជួប​បញ្ហា​ខ្វះ​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ដំណាំ ខ្វះ​ទុន ពិសេស​ខ្វះ​ទីផ្សារ​កសិកម្ម ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។ ហេតុ​នេះ លោកស្រី​រំពឹង​ថា លោក យ៉ង សាំងកុមារ នឹង​មិន​គិត​ពី​អំណាច​របស់​ខ្លួន​ភ្លេច​គិត​ពី​កសិករ​ដូច​អ្នក​ដឹកនាំ​ដទៃ​នោះ​ឡើយ។

លោកស្រី​នឹង​នៅ​តែ​គាំទ្រ​លោក យ៉ង សាំងកុមារ ប្រសិនបើ​លោក​នៅ​តែ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម៖ «បើ​គាត់​នៅ​តែ​ធ្វើការ​ផ្នែក​កសិកម្ម ពួក​យើង​ខ្ញុំ​នៅ​តែ​គាំទ្រ ស្រឡាញ់​គំនិត​របស់​គាត់ ស្រឡាញ់​វិស័យ​កសិកម្ម។ ខ្ញុំ​សូម​ឲ្យ​គាត់​ពេល​ចេញ​ទៅ ឲ្យ​គាត់​គិតគូរ​ដល់​កសិករ និង​នៅ​តែ​មក​ពាក់ព័ន្ធ​នឹង​កសិកម្ម»

ចំណែក​កសិករ​របស់​អង្គការ​សេដាក ម្នាក់​ទៀត លោក ណឹម សុវណ្ណ យល់​ថា ទោះ​ជា​ការ​លាលែង​តំណែង​របស់​ប្រធាន​អង្គការ​សេដាក គឺ​ជា​រឿង​បុគ្គល​របស់​លោក ប៉ុន្តែ​នៅ​តែ​មិន​ចង់​ឲ្យ​លោក​ចូល​ប្រឡូក​ក្នុង​ជីវិត​នយោបាយ ព្រោះ​តែ​ស្ដាយ​ស្នាដៃ​របស់​លោក​កន្លង​មក។ ប៉ុន្តែ​កសិករ​រូប​នេះ​ជឿ​ជាក់​ថា លោក​គិតគូរ​ដល់​កសិករ ក្រោយ​ចូល​ប្រឡូក​ជា​អ្នកនយោបាយ៖ «ខ្ញុំ​សង្ឃឹម​ថា គាត់​បាន​ចូល​ក្នុង​ជីវិត​នយោបាយ គាត់​មាន​ឱកាស​ឲ្យ​កសិករ​មាន​តម្លៃ​នៅ​ទីផ្សារ​កសិកម្ម មាន​តំណាង​កសិករ តវ៉ា​ជាមួយ​រដ្ឋាភិបាល ពិសេស​សភា ដើម្បី​ឲ្យ​កសិករ​មាន​ជីវភាព​រស់​នៅ»

ឆ្លើយ​តប​នឹង​ក្ដី​បារម្ភ​របស់​កសិករ ថ្លែង​ក្នុង​សមាជ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សេដាក កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​និយាយ​ថា លោក​មើល​ឃើញ​នូវ​កង្វះ​ខាត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កសិករ​ពី​សំណាក់​រាជរដ្ឋាភិបាល។ លោក​គិត​ថា ជម្រើស​ដ៏​ប្រសើរ​ដែល​អាច​ជួយ​កសិករ​បាន​ច្រើន​ជាង​នេះ គឺ​ជា​ការ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​របស់​លោក​ដែល​អាច​តស៊ូ​មតិ​សំដៅ​លើក​កម្ពស់​ជីវភាព​កសិករ​បាន។

លោក​បាន​បញ្ជាក់​ទៀត​ថា បើ​ទោះបី​ជា​លោក​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ក៏ដោយ ក៏​លោក​នៅ​តែ​ផ្ដោត​បញ្ហា​ជា​អាទិភាព​ទៅ​លើ​វិស័យ​កសិកម្ម​ដដែល។ លោក​អះអាង​ថា ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​របស់​លោក នឹង​ពាំនាំ​យក​នូវ​គំរូ​ល្អ​ពី​បទពិសោធន៍​ការងារ​របស់​លោក​កន្លង​មក និង​ការ​ខិតខំ​តស៊ូ​មតិ​ក្នុង​ផ្នែក​នយោបាយ​ជំរុញ​ឲ្យ​ការ​បញ្ជូន​ធនធាន​មនុស្ស​ល្អៗ​ទៅ​បណ្ដុះបណ្ដាល​ជួយ​កសិករ​តាម​មូលដ្ឋាន៖ «អ្វី​ដែល​ខ្ញុំ​ចូល​ប្រឡូក ដោយសារ​ខ្ញុំ​ចង់​តស៊ូ​មតិ​ឲ្យ​មាន​គោលនយោបាយ​ឲ្យ​មាន​ថវិកា​ជាតិ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ច្បាស់លាស់​ជួយ​កសិករ អ៊ីចឹង​ដល់​ពេល​ខ្ញុំ​ចូលរួម​គណបក្ស​នយោបាយ ខ្ញុំ​នឹង​មាន​សំឡេង​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ»

នាយក​ប្រតិបត្តិ​ដែល​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ដែល​ទើប​តែ​ឡើង​មក​ជំនួស​តំណែង​លោក យ៉ង សាំងកុមារ គឺ​លោក សម វិទូ។ លោក​បាន​និយាយ​ថា មុន​ពេល​លោក យ៉ង សាំងកុមារ បញ្ចប់​អាណត្តិ លោក​ចង់​ឃើញ​អង្គការ​សេដាក នៅ​តែ​បន្ត​កេរ្តិ៍ឈ្មោះ​បន្ត​ទៀត។

លោក​អះអាង​ថា លោក​នឹង​នៅ​តែ​ខិតខំ​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិកម្ម​របស់​កសិករ សំដៅ​លើក​ស្ទួយ​កម្រិត​ជីវភាព​កសិករ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​ឡើង៖ «សម្រាប់​ខ្ញុំ ដែល​នឹង​បន្ត​ពី​គាត់ ខ្ញុំ​នៅ​តែ​គាំទ្រ​ទីផ្សារ​កសិករ សំដៅ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ទាំង​ជាតិ និង​អន្តរជាតិ រីកចម្រើន​ទៅ​មុខ ដូច្នេះ​កុំ​ឲ្យ​កសិករ​គាត់​គិត​ថា ពេល​អត់​មាន​លោក យ៉ង សាំងកុមារ ដួល​រលំ​ទីផ្សារ​នោះ»

លោក យ៉ង សាំងកុមារ បាន​ជាប់​ធ្វើ​ជា​ប្រធាន​អង្គការ​សេដាក គ្រប់​ការ​បោះឆ្នោត​ដែល​មាន​អាណត្តិ ២​ឆ្នាំ តាំង​ពី​ឆ្នាំ​១៩៩៧ មក។ កិច្ច​ការងារ​សំខាន់​ដែល​លោក​សម្រេច​បាន​នៅ​ពេល​កន្លង​មក រួម​មាន​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​កសិកម្ម​ដល់​កសិករ ការ​បង្កើត​គម្រោង​ផ្សេងៗ​សម្រាប់​និស្សិត និង​យុវជន​នៅ​តាម​ទី​ជនបទ និង​ការ​បង្កើត​ឲ្យ​មាន​ជា​ទីផ្សារ​ផលិតផល​កសិកម្ម​សរីរាង្គ។

លោក យ៉ង សាំងកុមារ នៅ​តែ​អះអាង​ថា ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​លោក​នឹង​ផ្ដោត​អាទិភាព​ទៅ​លើ​វិស័យ​កសិកម្ម ព្រោះ​វិស័យ​មួយ​នេះ នឹង​អាច​ជួយ​ជំរុញ​ដំណើរការ​នៃ​វិស័យ​ដទៃ​ទៀត​នៅ​កម្ពុជា ដែល​រួម​មាន​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ឲ្យ​ដើរ​លឿន​ទៅ​មុខ ពិសេស​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​គម្លាត​អ្នក​មាន និង​អ្នក​ក្រ ដែល​កំពុង​តែ​ឃ្លាតឆ្ងាយ​ពី​គ្នា ពោល​គឺ​ប្រជាពលរដ្ឋ​ពុំ​ទទួល​បាន​ផល​ពី​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នៅ​ពេល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។