ស្ត្រី​ជា​ដៃគូ​ស្មើភាព​គ្នា​ជាមួយ​បុរស​ក្នុង​ការ​អភិ​វ​ឌ្ឍ​ប្រទេស

ខេត្តពោធិ៍សាត់​ ៖ ​លោក​ជំទាវ ​ឯម ប៉ុណ្ណា​ សមាជិកា​រដ្ឋសភា​តំណាង​​លោក​ជំទាវបណ្ឌិត​​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន ប្រធាន​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព ​និង​អភិ​វ​​ឌ្ឍ នៅ​ថ្ងៃ​ទី​៣០​ ធ្នូ​ ​នេះ ​បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​បណ្ដាញ​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​និង​អភិ​វ​ឌ្ឍឃុំ​និង​ស្រុក​វាល​វែង ​។

​ពិធី​នេះ​បាន​ប្រារ​ព្វ​ធ្វើ​នៅ​សាល​ប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ ហ៊ុន ចាន់​ធី​ម៉ៅ​ ធនិ​ន ​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិ​វ​ឌ្ឍខេត្ត​ និង​លោក ​ម៉ៅ សាន​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ផង​ដែរ ​។

​លោកស្រី​ ឈឹ​ម ស៊ី​ណា​ ប្រធាន​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​និង​អភិ​វ​ឌ្ឍ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ​ សាខាសមាគម​នារី​ខេត្ត​បាន​ធ្វើ​ពិធី​ប្រកាស​សមាសភាព​បណ្ដាញ​គ្រប់​ឃុំ​សង្កាត់​ទូ​ទាំង​ខេត្ត​បាន​ចំនួន​១១៣១​នាក់​ ។ ​ជាក់​ស្ដែង​នៅ​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៥​ នេះ​ មាន​ចំនួន​៧៣១​នាក់​ ក្នុង​នោះ​ស្រុក​វាល​វែង​៥៣​នាក់ ស្រុក​បាកាន​២០០​នាក់ ស្រុក​ក្រគរ​១៦៣​នាក់ ស្រុក​ភ្នំក្រវាញ​៦៤​នាក់ ស្រុក​កណ្ដៀង​១១២​នាក់ ក្រុង​ពោធិ៍សាត់​១៣៩​នាក់ និង​មាន​គម្រោង​ប្រកាស​សមាសភាព​បណ្ដាញ​នៅ​ថ្នាក់​ភូមិ​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ​នេះ ​។

​លោក​ជំទាវ ហ៊ុន ចាន់​ធី​ ម៉ៅ ធនិន​ និង​លោក​ជំទាវ​ ឯម ប៉ុណ្ណា​ បាន​លើក​ឡើង​ថា ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិ​វ​ឌ្ឍ ជា​អង្គការ​មហាជន​ដែល​បាន​បង្កើត​ឡើង​​នៅ​ថ្ងៃ​ទី​២ ​ខែធ្នូ​ ឆ្នាំ​១៩៧៨​ ក្រោម​ទង់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​ក្នុង​កាលទេសៈប្រទេស​ជាតិ​ជួប​គ្រោះអាសន្ន​ ដែល​បង្ក​ឡើង​ដោយ​របប​បន​ប្រល័យ​ពូជសាសន៍​ប៉ុល ពត ។​ ពេល​នោះ​សមាគមនារី​បាន​បំផុស​បងប្អូន​នារី​គ្រប់​ស្រទាប់​វ​ណ្ណៈទាំង​ក្នុង​និង​ក្រៅប្រទេស​រួម​គ្នា​ជា​កម្លាំង​ផ្ដួលរំលំ​ នាំ​មក​នូវ​ថ្ងៃជ័យ​ជំនះ​៧​មក​រា​១៩៧៩ ​​​រហូត​មក​ដល់​ពេល​នេះ​សមាគមនារី​នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​ទស្ស​នៈ​វិស័យ​គឺ​អ្វី​ៗ​ទាំងអស់​ដើម្បី​សុខមាលភាព​របស់​ស្ត្រី​និង​កុមារ​ ។​ ​

ក្នុងឱ​កាស​​នេះ​ដែរ លោក​ជំទាវ ​ហ៊ុន ចាន់​ធី​ ម៉ៅ ធនិន​ បាន​ជូន ​អាវ សារុង និង​​ប្រាក់​​មួយ​ចំនួន​ជា​របស់​កំដរ​ដៃដល់​បងប្អូន​នារី​ទាំងអស់​ផង​ដែរ​ ៕