សមាជិកពីរនាក់នៃគ្រួសារដែល ឃាតករវាយនឹងពូថៅបានស្លាប់

ប៉ូលិស​​​ខេត្ត​​​ព្រះ​​​សីហនុ​​​បាន​​​និយាយ​​​ថា ស្ត្រី​​​​ជា​​​ម្តាយ និង​​​កូន​​​​​​ស្រី​​​គាត់​​​ម្នាក់​​​​​​ដែល​​​ត្រូវ​​​ជន​ល្មើស​​ម្នាក់​​​​​បាន​​​កាប់​ពួកគាត់ និង​សមាជិក​គ្រួសារ​ប្រាំ​នាក់​​​ទៀត​នៅ​ផ្ទះ​របស់​​​ពួក​​​គេ​​​ ​​ក្នុង​សង្កាត់​១ ក្រុង​ព្រះ​​​សី​​​ហនុ ​​កាលពី​​​​​ព្រឹក​ថ្ងៃ​​​អង្គារ​​​ បាន​​​ស្លាប់​​​នៅ​​​ថ្ងៃ​​​នេះ​​​ ដោយ​​​សារ​​​ទទួលរង​​​របួស​​​ធ្ងន់​​​ពេក។

លោក គង់​ ភារម្យ ដែល​​​ត្រូវ​​​ជា​​​ប្តី​​​​​​ស្ត្រី​​​​​​រង​​​គ្រោះ​​​ បាន​​​និយាយ​​​ថា ប្រពន្ធ​​​គាត់​​​ឈ្មោះ អ៊ុំ ផាន់​​​ណា អាយុ​​​៣១​​​ឆ្នាំ​​​ ​​​​​​បាន​​​ស្លាប់​​​កាល​​​ពី​​​ម៉ោង​​​១​​​រសៀល​​​ថ្ងៃ​​​នេះ ក្នុង​​​​​​​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​​-សូវៀត និង​​​កូន​​​ស្រី​​​គាត់​​​​​​អាយុ​​​១៣ឆ្នាំ​​​​​​​​​​​​​​​បាន​​​ស្លាប់​​​​​​ប្រហែល​​​ម៉ោង​​​​​​១១​​​ព្រឹក​​​​​​​​​មិញ​​​នេះ ពេល​​​បញ្ជូន​​​​​​​​​តាម​​​​​​រថយន្ត​​​​​​ពី​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​​​​មក​​​កាន់​​​​​​ក្រុង​​​ភ្នំពេញ​​​។

​​​​​​​​​​​​​​​​​​​ការ​វាយ​ប្រហារ​​​​ដោយ​​​​​​ពូថៅ​​​នេះ​​បាន​កើត​ឡើង​​នៅ​​ម៉ោង​​ប្រហែល​១​និង​៣០​នាទី​រំលង​អធ្រាត្រ​​​​​​​​​​​កាល​​​ពី​​​ម្សិល​​​​​​មិញ​​​​​​ក្នុង​​​​ភូមិ​​​១ សង្កាត់​​​​១ ក្នុង​​​ពេល​​​ដែល​​​ជន​រងគ្រោះ​ទាំង​​ប្រាំពីរ​​​នាក់ ​​​​​​គឺ​​​មាន​​​​​​ស្ត្រី​​​​​​​​អាយុ​៣១​​​​ឆ្នាំ​ ម្ដាយ​​​គាត់​​​​អាយុ​​​​៦៧​ឆ្នាំ និង​កូន​​​ប្រាំ​នាក់​របស់​​​គាត់​​​​​​​​មាន​អាយុ​ពី​១ឆ្នាំ​ដល់​១៣​ឆ្នាំ ​​​កំពុង​​​តែ​​​​ដេក​លក់​​លើ​គ្រែ​​​​ក្នុង​​​ផ្ទះ។

លោក ជួន ​ណារិន ​​ស្នងការ​ខេត្ត​ព្រះសីហនុ​ បាន​មាន​​​ប្រសាសន៍​ថា ​​​ប៉ូលិស​​​កំពុង​​​ស៊ើប​​​អង្កេត​​​​​​​​​លើ​​​ករណី​​​ឃាត​​​កម្ម​​​នេះ​​​នៅ​​​ឡើយ។​​​

ឧត្តម​​​សេនីយ៍​​​ទោ ជួន​​​ ណារិន បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា “ឥឡូវ​​​យើង​​​មាន​​​ពន្លឺ​​​ខ្លះ​​​ហើយ​​​​​​លើ​​​ឃាតកម្ម​​​នេះ​​​​​​​​​ ប៉ុន្តែ​​​​​​ការ​​​ស្វែង​​​រក​​​ជន​​​ល្មើស​​​​​​មិន​​​ងាយ​​​ស្រួល​​​ដូច​​​ករណី​​​ប្លន់​​​ទេ”។​​​​​​​​​

លោក គង់​ ភារម្យ បាន​​​និយាយ​​​ថា កូន​​​ស្រី​​​​​​គាត់​​​អាយុ​​​១០​​​ឆ្នាំ កូន​​​ប្រុស​​​អាយុ​​​ ៣ឆ្នាំ និង​​​៥​​​ឆ្នាំ​​​កំពុង​​​ទទួល​​​ការ​​​ព្យា​​​បាល​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​គន្ធ​​​បុប្ផា​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ចំណែក​​​ឯ​​​​​កូន​​​ប្រុស​​​អាយុ​១​ឆ្នាំ​​​​ត្រូវ​​​​បាន​អនុញ្ញាត​​​​​​​ឲ្យ​ចេញពី​មន្ទីរ​ពេទ្យ​​​ ហើយ​​​​មើល​ថែទាំ​​​​​​​ដោយ​​​​​​​ម្ដាយ​​​​មីង។

កាល​​​ពី​​​ម្សិល​​​មិញ ជន​រង​គ្រោះ​​​​​​បី​នាក់​​​​​ដែល​​​រួម​​​មាន ​​​​​​​​​អ៊ុំ ផាន់ណា ម្ដាយ​​​គាត់​​​​​​អាយុ​៦៧​ឆ្នាំ ​​​ឈ្មោះ ទូច សំអូន និង​​​​កូន​ប្រុស​​​គាត់​​​​អាយុ​​៥ឆ្នាំ ត្រូវ​បាន​​​រថយន្ត​​សង្គ្រោះ​​​​បន្ទាន់​​​​ដឹក​​​​​​មក​​​​​មន្ទីរ​​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​ ក្នុង​ក្រុង​​​​ភ្នំពេញ​។

លោក គង់​ ភារម្យ បាន​​និយាយ​​​​ថា ​គាត់​​មិន​​ដឹង​​​​ថា​ហេតុ​អ្វី​បាន​ជា​គ្រួសារ​​​​របស់​គាត់​​​​ត្រូវ​​​ឃាតករ​​​​​​កាប់​​​នឹង​​​ពូថៅ​​​ទេ ប៉ុន្តែ​​​​​ថា ​​គាត់​​​ធ្លាប់​មាន​​​​​ជម្លោះ​តូច​តាច​​​​មួយ​​ពាក់​ព័ន្ធ​​​​នឹង​​​កម្ម​​​សិទ្ធិ​ដីធ្លី​៕

The post សមាជិកពីរនាក់នៃគ្រួសារដែល ឃាតករវាយនឹងពូថៅបានស្លាប់ appeared first on ខេមបូឌា ដេលី.