ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​រស់នៅ​ក្បែរ​ព្រំដែន​ស្នើ​ទប់ស្កាត់​ការ​លក់​ដើម​ត្នោត​ទៅ​ឲ្យ​វៀតណាម

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ពី​ការ​បាត់បង់​ដើម​ត្នោត​កាន់​តែ​ច្រើន​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម។ ការ​បារម្ភ​នេះ ក្រោយ​ពេល​ពលរដ្ឋ​ទាំង​នោះ​ឃើញ​មាន​សកម្មភាព​ទិញ​ដើម​ត្នោត​ខ្មែរ​ពី​តំបន់​ផ្សេងៗ យក​ទៅ​ស្តុក​ទុក​នៅ​ក្បែរ​ប៉ុស្តិ៍​ព្រំដែន​វៀតណាម ជាប់​ជាមួយ​ភូមិ​បឹងជ្រោង ស្រុក​មេមត់។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បឹងជ្រោង និង​ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ចាត់​ទុក​ដើម​ឆ្នោត​ថា​ជា​អត្តសញ្ញាណ​មួយ​របស់​ខ្មែរ​ដែរ​នោះ ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ជួយ​ទប់ស្កាត់​ការ​លក់​ដូរ​ដើម​ត្នោត​ខ្មែរ​ទៅ​ឲ្យ​ពលរដ្ឋ​វៀតណាម ត​ទៀត។

ពលរដ្ឋ​មួយ​រូប​រស់នៅ​ភូមិ​បឹងជ្រោង ឃុំ​ជាំ លោក ហ៊ីង សុផុន មាន​ប្រសាសន៍​ថា សកម្មភាព​ដឹក​ជញ្ជូន​ដើម​ត្នោត​ទៅ​ស្តុក​ទុក​នៅ​ចំណុច​ប៉ុស្តិ៍​យាម​របស់​វៀតណាម ឈ្មោះ ប៉ុស្តិ៍​ជ្រៃ ចំណុះ​ឲ្យ​ប៉ុស្តិ៍​៨១៩ ក្នុង​ទឹក​ដី​វៀតណាម គឺ​កើត​មាន​ឡើង​ប្រមាណ​មួយ​ខែ​មក​ហើយ។ លោក​មិន​បាន​ដឹង​ច្បាស់​ថា ជនជាតិ​វៀតណាម ទាំង​នោះ​ដឹក​ដើម​ត្នោត​មក​ពី​តំបន់​ណា​ប្រាកដ​ទេ ប៉ុន្តែ​អាច​ដឹក​មក​ពី​ខេត្ត​កំពង់ធំ ឬ​ខេត្ត​ផ្សេងៗ​ទៀត ដោយ​ក្នុង​តម្លៃ​ចន្លោះ​ពី ៥​ម៉ឺន​រៀល​ទៅ ៦​ម៉ឺន​រៀល​ក្នុង​មួយ​ដើម។ លោក​ថា បន្ទាប់​ពី​ជនជាតិ​វៀតណាម ប្រមូល​យក​ត្នោត​ពី​ស្រុក​ខ្មែរ​ទៅ​ស្តុក​ទុក​នៅ​ក្បែរ​ប៉ុស្តិ៍​យាម​ក្នុង​ទឹក​ដី​របស់​ពួក​គេ ទើប​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម បន្ត​ទៀត ដោយ​មិន​ដឹង​ថា ពលរដ្ឋ​វៀតណាម ទាំង​នោះ​យក​ទៅ​ធ្វើ​អ្វី​ប្រាកដ​ឡើយ៖ «អា​នេះ​វា​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ​ឲ្យ​អស់​នៅ​លើ​ទឹក​ដី​ខ្មែរ​តែ​ម្តង»

ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត លោក ផុន សុផល ដែល​បាន​ទៅ​ពិនិត្យ​ស្ថានភាព​ដើម​ត្នោត​ដែល​គេ​យក​ទៅ​គរ​ទុក​នៅ​ក្នុង​ចម្ការ​កៅស៊ូ​វៀតណាម សម្ដែង​ក្តី​បារម្ភ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​តែ​បន្ត​លក់​ដើម​ត្នោត​របស់​ខ្លួន​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ ទៅ​ឲ្យ​បរទេស។ បន្ថែម​ពី​នេះ លោក​ចង់​ឲ្យ​អាជ្ញាធរ គប្បី​ជួយ​ទប់ស្កាត់​លើ​បញ្ហា​នេះ ជា​ជាង​បណ្តោយ​ឲ្យ​ដើម​ត្នោត​ខ្មែរ​ត្រូវ​បាត់បង់​បន្ថែម​ទៀត​នោះ៖ «ខ្ញុំ​ចង់​ឲ្យ​អ្នក​មាន​ដើម​ត្នោត ជាពិសេស​ប្រជាពលរដ្ឋ​យើង ដែល​មាន​ដើម​ត្នោត សូម​កុំ​លក់​ដើម​ត្នោត​ឲ្យ​វៀតណាម»

ដើម​ត្នោត គឺ​ជា​អត្តសញ្ញាណ​របស់​ខ្មែរ​មួយ​ក្នុង​ចំណោម​និមិត្តរូប​ជាច្រើន​ផ្សេង​ទៀត ព្រោះ​កាល​ណា​គេ​ស្គាល់​អង្គរវត្ត គឺ​ប្រៀប​ដូច​ស្គាល់​ដើម​ត្នោត​ដូច​គ្នា។ ជាក់ស្តែង ស្ទើរ​គ្រប់​រូបភាព​នៃ​ប្រាសាទ​អង្គរវត្ត តែង​ដិត​ជាប់​រូប​ដើម​ត្នោត​នៅ​ពី​ក្រោយ ឬ​ពី​មុខ​ជានិច្ច។ ជាង​នេះ​ទៀត ដើម​ត្នោត​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ ដូចជា ផ្លែ ស្លឹក ទឹក​ត្នោត ស្ករ​ត្នោត ឬ​អាច​យក​មក​កែច្នៃ​ជា​គ្រឿង​សង្ហារិម​បាន ពិសេស​នៅ​ពេល​នរណា​ម្នាក់​ពាក់​មួក​ធ្វើ​អំពី​ស្លឹក​ត្នោត គឺ​បង្ហាញ​ពី​ស្នាដៃ​របស់​ប្រជាជាតិ​ខ្មែរ។

មួយ​វិញ​ទៀត មាន​គំនូរ​ទេសភាព​ជាច្រើន​ដែល​វិចិត្រករ​បាន​គូរ​រូប​លក់ ឬ​ដាក់​តាំង​លម្អ ភាគ​ច្រើន គឺ​មាន​រូប​ដើម​ត្នោត​នៅ​ក្នុង​ផ្ទាំង​គំនូរ​ទាំង​នោះ ដែល​បង្ហាញ​ពី​សម្រស់​ទេសភាព​ស្រុក​ស្រែ​ដ៏​ស្រស់​ស្អាត​នៃ​ប្រទេស​កម្ពុជា។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ជាំ លោក ប្រាក់ វន្នី មាន​ប្រសាសន៍​ថា លោក​ទើប​តែ​ទទួល​បាន​ព័ត៌មាន​នេះ ហើយ​នឹង​ចុះ​ស្រាវជ្រាវ ដើម្បី​ធ្វើ​របាយការណ៍​ទៅ​មន្ត្រី​ថ្នាក់​លើ​ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​ការ​លក់​ដូរ ឬ​ធ្វើ​អាជីវកម្ម​ដើម​ត្នោត​ទៅ​ឲ្យ​បរទេស​បន្ត​ទៀត៖ «ខ្ញុំ​មាន​ចំណុច​មួយ​ដែល​ធ្វើ​សំណើ​ទៅ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​ទប់ស្កាត់​ផង​ទៅ។ បញ្ហា​នេះ បើ​ខ្ញុំ​បាន​ទទួល​ដំណឹង​អ៊ីចឹង​ហើយ​នោះ»

ដើម​ត្នោត​ខ្មែរ​នៅ​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេកប៊ុក (Facebook) ថា​មាន​ជនជាតិ​វៀតណាម ចូល​មក​ទិញ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​មួយ​ចំនួន​ទៀត ដោយ​ដើម​ត្នោត​ទាំងអស់​ត្រូវ​បាន​គេ​គាស់​ទាំង​ឫស​តែ​ម្តង។

ទាក់ទិន​បញ្ហា​នេះ នាយក​ប្រតិបត្តិ​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម មាន​ប្រសាសន៍​ថា ដើម​ត្នោត គឺ​ជា​រុក្ខជាតិ​ដ៏​មាន​តម្លៃ​មួយ​របស់​ខ្មែរ ព្រោះ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ស្ទើរ​រាប់​មិន​អស់ ហើយ​រុក្ខជាតិ​នេះ ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ទើប​ផ្តល់​ផល ឬ​អាច​ប្រើ​ការ​បាន។ បើ​ទោះ​បី​ជា​លោក​មិន​បាន​សិក្សា​លម្អិត​អំពី​មូលហេតុ​នាំ​ឲ្យ​ប្រជាជន​វៀតណាម ចូល​មក​ទិញ​ដើម​ត្នោត​ពី​ពលរដ្ឋ​ខ្មែរ​ក៏ដោយ ប៉ុន្តែ​លោក​យល់​ថា អាច​ដោយសារ​រុក្ខជាតិ​នេះ​មាន​តម្លៃ​អាច​កែច្នៃ​ជា​គ្រឿង​សង្ហារិម​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន៖ «បើ​សិន​ជា​បាត់​ត្នោត​នេះ​ច្រើន​ទៅ ប្រជាពលរដ្ឋ​យើង ពិសេស​ចាស់ៗ គាត់​លើក​ឡើង​ថា កាល​ណា​បាត់បង់​ដើម​ត្នោត​ច្រើន គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្តសញ្ញាណ​យើង និង​មួយ​ចំនួន ព្រួយ​បារម្ភ​រឿង​ប៉ះពាល់​ដល់​ទឹក​ដី​យើង​ទៀត»

ជា​ក្តី​បារម្ភ​ចំពោះ​មុខ លោក​ថា រាជ​រដ្ឋាភិបាល គប្បី​មាន​យន្តការ​ទប់ស្កាត់​លើ​បញ្ហា​នេះ ដោយ​ចេញ​ជា​គោល​នយោបាយ ឬ​សារាចរ​គ្រប់គ្រង​ដើម​ត្នោត​ឲ្យ​បាន​ល្អ ដើម្បី​ជៀសវាង​ការ​បាត់បង់​អត្តសញ្ញាណ​របស់​ខ្មែរ​បន្ថែម​ទៀត ត្បិត​អី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ព្រម​លក់​ដើម​ត្នោត​របស់​ខ្លួន ក៏​ព្រោះ​តែ​ភាព​ក្រីក្រ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។