ធ្លាក់​យន្ត​ហោះ​ F-16 របស់​បារ៉ែន​១​គ្រឿង​ជិត​ព្រំ​ដែន​យេ​ម៉ែន​

យន្ត​ហោះ​​ប្រយុទ្ធ​ធុន​ F-16 មួយ​គ្រឿង​របស់កង​ទ័ព​អាកស​បារ៉ែន ដែល​ចូល​រួម​ក្នុង​ក្រុម​ចម្រុះ​អារ៉ាប់​ប្រឆាំង​ពួក​ឧទ្ទាម​​ប៊ូ​គី នៅ​យេ​ម៉ែន​ បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី​៣០​ ធ្នូ នៅ​អារ៉ា​ប៊ី​សា​អូ​ឌីត ដែល​ក្រុម​ចម្រុះ​នេះ​និយាយ​ថា មក​ពី​បញ្ហា​បច្ចេក​ទេស​។

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ក្រុម​ចម្រុះ​បញ្ជាក់​ថា អ្នក​បើក​យន្ត​ហោះ​ដែល​ធ្លាក់​ក្នុង​តំបន់​ JAZAN ជិត​ព្រំ​ដែន​យេ​ម៉ែន អាច​លោត​ចេញ​តាម​ឆត្រ​យោង​ដោយ​សុខ​សប្បាយ​ ។

មុន​ការ​ធ្លាក់​យន្ត​ហោះ​ F16 នេះ បារ៉ែន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ ពីការ​ស្លាប់​ទាហាន​ខ្លួន​៣​នាក់​ក្នុង​គ្រោះ​ថ្នាក់​មួយ​នៅ​ព្រំ​ដែន​ភាគខាង​ត្បូង​របស់​អារ៉ា​ប៊ី សា​អ៊ូ​ឌីត​។ ការ​ស្លាប់​ទាហាន​ទាំង​នេះ​ធ្វើ​ឱ្យ​ទាហាន​បារ៉ែន​ស្លាប់​ឡើង​ដល់​៨​នាក់​តាំង​ពី​ចាប់​ផ្តើម​អន្តរាគមន៍​របស់​ក្រុម​ចម្រុះ​អារ៉ាប់​នៅ​យេ​ម៉ែន​ពី​ដើម​ខែ​មីនា​មក​ ៕