ប្រធានរដ្ឋសភា​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ចប់​អាណត្តិ លើកឡើង​ពី​ការរីកចម្រើន​នៃ​ចំណង​ការទូទ​ប្រទេស​ទាំងពីរ​

ភ្នំពេញ: ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានទទួល​ជួបពិភាក្សា​ការងារ ជាមួយលោកស្រី អា​លី​សុន ប៊ូ​រ៉ូ ( Alison Burrows  )  ​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី ប្រចាំកម្ពុជា ដែលចប់​អាណត្តិ​។ នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ បានលើកឡើង​ពី​ការរីកចម្រើន នៃ​ចំណង​ការទូត​ប្រទេស​ទាំងពីរ ទាំង​ខាង​សភា និង​រដ្ឋាភិបាល​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​សម្តេច​ប្រធានរដ្ឋសភា ថា ក្នុង​រយៈពេល ៣​ឆ្នាំ នៃ​បេសកកម្ម​ការទូត របស់លោក​ស្រី នៅ​កម្ពុជា លោកស្រី បាន​ខិតខំ​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ (​កម្ពុជា អូស្ត្រាលី​) ឲ្យ​រឹងមាំ​ឡើងជា​លំដាប់​។

​លោកស្រី​បាន​គូសបញ្ជាក់ថា ប្រទេស​អូស្ត្រាលី បានក្លាយ​ជា​ដៃ​អភិវឌ្ឍន៍​យ៉ាងសំខាន់​មួយ​របស់​ប្រទេស​កម្ពុជា ដោយ​កន្លងមក​អូស្ត្រាលី បាន​ជួយ​កម្ពុជា ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម សុខាភិបាល និង​បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត មន្ត្រីរាជការ​កម្ពុជា បាន​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។ ជាមួយគ្នានេះ អូស្ត្រាលី​ជា​ប្រទេសមួយ ដែល​បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម ផងដែរ​។​

​លោកស្រី អា​លី​សុន ប៊ូ​រ៉ូ បាន​ជម្រាបជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ពី​ទំនាក់ទំនង​ល្អ រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​អូស្ត្រាលី បន្ថែមទៀតថា ប្រទេស​ទាំងពីរ បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយគ្នា ក្នុង​វិស័យ​ការពារជាតិ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​។

​ចំពោះ​ទំនាក់ទំនង សភា​ប្រទេស​ទាំងពីរ​វិញ ត្រូវបាន​លោកស្រី អា​លី​សុន ប៊ូ​រ៉ូ លើកឡើងថា សភា​កម្ពុជា និង​សភា​អូស្ត្រាលី បាន​បង្កើត​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ជា​បន្តបន្ទាប់ ជាពិសេស​ដំណើរ​ទស្សនកិច្ច​យ៉ាង​ជោគជ័យ​របស់​គណៈប្រតិភូ​សភា​ប្រទេស​អូស្ត្រាលី មកកាន់​ប្រទេស​កម្ពុជា កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ក្នុងការ​បង្កើត និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​ប្រទេស​ទាំងពីរ​។ 

​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សភា​ប្រទេស​ទាំងពីរ​ឲ្យ​រឹងមាំ​ថែមទៀត លោកស្រី អា​លី​សុន ប៊ូ​រ៉ូ បាន​គោរព​អញ្ជើញសម្តេច​ប្រធានរដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦​ខាងមុខនេះ​។

​សំណើ​នេះ ត្រូវបាន​សម្តេច​ប្រធានរដ្ឋសភា ទទួល​យកមក​ពិចារណា​។ ជាមួយគ្នានេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ក្រៃលែង ដែល​បានឃើញ​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​(​កម្ពុជា​- អូស្ត្រាលី​) រីកចម្រើន ជា​លំដាប់​។
​សម្តេច​បាន​មានប្រសាសន៍ថា បើទោះបីជា​លោកស្រី អា​លី​សុន ប៊ូ​រ៉ូ ត្រូវ​បញ្ចប់​បេសកកម្ម​ផ្លូវការ​ពី​កម្ពុជា​ក្តី តែ​សូម​ឲ្យ​លោកជំទាវ បន្ត​កិច្ចខិតខំ សហការ​ក្នុង​ការជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បន្តទៀត ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍ រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​បន្តទៀត​៕