បង្ក្រាប​ក្រុម​នេសាទ​វៀតណាម​ខុសច្បាប់​៨​នាក់ លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប

បង្ក្រាប​ក្រុម​នេសាទ​វៀតណាម​ខុសច្បាប់​៨​នាក់ លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប

ខេត្តពោធិ៍សាត់ ៖ កម្លាំង​មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល សហ​ការណ៍​ជាមួយ​យោធា​សឹក​រង​ខេត្តពោធិ៍សាត់ បាន​បើក ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ នេះ​នៅ​បឹង​ទន្លេសាប ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​ខេត្តកំពង់ធំ និង​ខេត្តពោធិ៍សាត់ ក្នុងភូមិ​អន្លង់​រាំង ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ដោយ​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ ចំនួន​៨​នាក់ ជា​ជនជាតិ​រៀត​ណា​ម រួម​ទាំង​វត្ថុ​តាង​ប្រភេទ​ឧបករណ៍​អួន​កែ​ឆ្នៃ​ទឹកសាប​មួ​យ​ចំនួន ។

លោក ច្រឹង តាំង​លី នាយ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​វៀតណាម ជា​អ្នកនេសាទ​ខុសច្បាប់ ទាំង​៨​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​មាន​ទី​១-​ឈ្មោះ មៀង យ៉ាំ​ង​ឡាំង អាយុ​៤២​ឆ្នាំ​, ទី​២-​ឈ្មោះ ង៉ោ យ៉ាំ​ង​ដ អាយុ​២០​ឆ្នាំ​, ទី​៣-​ឈ្មោះ មៀង យ៉ាំ​ង​ហ៊ាំ​ង អាយុ​១៥​ឆ្នាំ​, អ្នក​ទាំង​៣​នាក់​ស្នាក់​នៅ​ភូមិ​ទី​៥ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ទី​៤-​ឈ្មោះ ចឹ​ង យ៉ាំ​ង​យេ​ន អាយុ​២៧​ឆ្នាំ​, ទី​៥-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ទឹង អាយុ​៤៩​ឆ្នាំ​, ទី​៦-​ឈ្មោះ ចាំង យ៉ាំ​ង​ហៀ​ង អាយុ​៣៣​ឆ្នាំ​, ទី​៧-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​វ៉ឹ​ង អាយុ​១៧​ឆ្នាំ និង​ទី​៨-​ឈ្មោះ ជឿន ចាន់​ធី អាយុ​១៦​ឆ្នាំ អ្នក​ទាំង​៥​នាក់​ខាងលើ មាន​ទីលំនៅ​ភូមិ​.​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ ហើយ​សមត្ថ​លិ​ច្ចរឹប​អូស​បាន​ឧបករណ៍​ប្រភេទ​អួន​កែ​ឆ្នៃ​ទឹកសាប ចំនួន​១​វង់ រួម​ទាំង​កម្លាំង​មធ្យោបាយ​អូស​ទាញ ដោយ​កាណូត​ចំនួន​២​គ្រឿង និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន ។

លោកនាយ​ផ្នែក​បាន​បញ្ជាក់​ថា ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំងនោះ ត្រូវ​បាន​ឃាត់ខ្លួន​យក​ទៅ​ផ្ញើរ​ក្នុង​ទ្រុង​ដែក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​បញ្ជូន​ខ្លួន​ពួក​គេ បន្ត​ទៅ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់ ចំណែក​វត្ថុ​តាង​រក្សា​ទុក នៅ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ ៕