សាច់​សត្វព្រៃ​ជាច្រើន​ប្រភេទ​ត្រូវបាន គេ​ដាក់លក់​យ៉ាង​ អ​នា​​ធិបតេយ្យ​នៅ​ខេត្តមណ្ឌលគិរី​

​នៅ​ស្ទើរតែ​ទូទាំង​ខេត្ត​មណ្ឌល​គី​រី​ទាំងមូល បើ​គេ​ចង់​ទទួលទាន​សាច់សត្វ​ព្រៃ​នោះ វា​មិន​ពិបាក​ឡើយ ហើយ​មូលហេតុ ដែល​នាំ​ឲ្យ​មាន​លក់​សាច់​សត្វព្រៃ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី លើកឡើងថា បណ្តាលមកពី​ការអនុវត្ត ច្បាប់​គ្មាន​ប្រសិទ្ធភាព និង​ប្រជាពលរដ្ឋ​ខ្វះ​ការ​យល់ដឹង​។​

​កាលពីពេល​ថ្មីៗ​នេះ មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ ហៅ​កាត់​ថា អង្គការ WWF បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​របស់ខ្លួន​ថា ប្រសិនបើ​មិនមាន​វិធានការ ការពារ​ឲ្យ​បាន​ហ្មត់ចត់​ទេនោះ ហានិភ័យ​លើ​ប្រភេទ​សត្វព្រៃ​ជាច្រើន ដែល​នៅ​សេសសល់តិចតួច​ក្នុងព្រៃ នៃ​ខេត្តមណ្ឌលគិរី នឹងមាន​បញ្ហា​ប្រឈម កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ។​

លោក មូល ផាត តំណាង​អង្គការ WWF ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​​ថា ខេត្តមណ្ឌលគិរី ជា​តំបន់ ដែល​សំបូរ​ទៅដោយ​ព្រៃស្រោង និង ពាក់កណ្តាល​ព្រៃស្រោង​​ដែលជា​តំបន់ សំខាន់បំផុត សម្រាប់ ជីវៈចម្រុះ​ក្នុងចំណោម​តំបន់​ទាំង ២០០​កន្លែង នៅ​ទូទាំង​ពិភពលោក​។

លោក មូល ផាត បាន​អំពាវនាវ ដល់​អាជ្ញាធរ​ដែនដី និង ស្ថាប័ន​​ជំនាញ​គ្រប់​លំដាប់ថ្នាក់ ឲ្យ​ចូលរួម​ថែរក្សា និង ការពារ​ធនធានធម្មជាតិ បន្ត​ការគាំទ្រ​​ចំពោះ​ការទប់ស្កាត់ សកម្មភាព​ជួញដូរ​សាច់សត្វ​ព្រៃ​គ្រប់​ប្រភេទ និង ទប់ស្កាត់​ការកាប់ ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិឯកជន ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់ទី​ជម្រក​សត្វ​។​

មាន​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ទៀត ត្រូវបាន​ជាប់អន្ទាក់ ឬ រង​ការ​បរបាញ់​សម្លាប់ ពាស់ពេញ​ព្រៃ​នៃ​ទឹកដី​ខេត្ត​មណ្ឌល​គី​រី ។​បច្ចុប្បន្ននេះ មាន​សត្វព្រៃ​ជា​​ច្រើន​ប្រភេទ ត្រូវបាន​គេ​សម្លាប់​យក មក​លក់​នៅលើ​ទីផ្សារ​ស្ទើរតែ​រៀងរាល់ថ្ងៃ ដូចជា​សត្វ​ជ្រូកព្រៃ សត្វ​ឈ្លូស សត្វ​ប្រើស និង សត្វ​ជាច្រើន​ប្រភេទ​ទៀត​៕ ​សុថា​ត់​

សាច់​សត្វព្រៃ​ជាច្រើន​ប្រភេទ​ត្រូវបាន គេ​ដាក់លក់​យ៉ាង​ អ​នា​​ធិបតេយ្យ​នៅ​ខេត្តមណ្ឌលគិរី​