តុលាការ​ខេត្ត​សៀមរាប​ឃុំ​ខ្លួន​ចៅ​សង្កាត់​មក​ពី​គណបក្ស សម រង្ស៊ី ទាក់ទង​រឿង​ដីធ្លី

ជម្លោះ​នយោបាយ​រវាង​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ក្នុង​រដ្ឋាភិបាល​ជាមួយ​នឹង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង កំពុង​កើត​មាន​យ៉ាង​តានតឹង​ក្នុង​រយៈពេល ៣-៤​ខែ​ចុង​ក្រោយ​នេះ។ ជម្លោះ​នយោបាយ​នេះ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ដាក់​ការ​គាប​សង្កត់​ទៅ​លើ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា ដក​អភ័យ​ឯកសិទ្ធិ​ពី​សមាជិក​សភា ព្រម​ទាំង​តាម​ចាប់​ខ្លួន​ក្នុង​រឿង​ទំនាស់​បុគ្គល ដែល​បង្ខំ​ឲ្យ លោក សម រង្ស៊ី ត្រូវ​ស្នាក់នៅ​ក្រៅ​ប្រទេស​មួយ​រយៈ។

ចំណែក​នៅ​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ដ៏​ល្បីល្បាញ​ឯណោះ​វិញ តុលាការ​ក៏​បាន​ចាប់​ខ្លួន​ចៅ​សង្កាត់​របស់​គណបក្ស សម រង្ស៊ី ម្នាក់​ដាក់​ពន្ធនាគារ​ដែរ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​សម្រេច​បញ្ជូន​សកម្មជន​ម្នាក់​របស់​គណបក្ស សម រង្ស៊ី ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែ​ធ្នូ។

ប្រភព​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា បុរស​ឈ្មោះ ហ៊ាង សារី អាយុ​ជាង ៦០​ឆ្នាំ ដែល​តុលាការ​ចាប់​ខ្លួន​នោះ គឺ​ជា​ចៅ​សង្កាត់​អំពិល ក្រុង​សៀមរាប មក​ពី​គណបក្ស សម រង្ស៊ី។

ប្រធាន​ក្រុម​ការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប គឺ​អ្នកស្រី កែ សុវណ្ណរតន៍។ អ្នកស្រី​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែ​ធ្នូ ថា លោក ហ៊ាង សារី ដែល​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នោះ គឺ​ដោយសារ​តែ​គាត់​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដីធ្លី​ខ្លះ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការ​យក​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ ដើម្បី​ពង្រីក​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ អ្នកស្រី កែ សុវណ្ណរតន៍ បញ្ជាក់​ថា ដោយសារ​តែ​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដីធ្លី​ខ្លះ​នោះ ធ្វើ​ឲ្យ​អាជ្ញាធរ​អប្សរា​ដែល​គ្រប់គ្រង​តំបន់​ភាគ​ច្រើន​ទីនោះ បាន​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​ចេញ និង​ក្លែង​ឯកសារ​ខុស​ពី​ដែន​សមត្ថកិច្ច។

អ្នកស្រី កែ សុវណ្ណរតន៍ យល់​ឃើញ​ថា បើ​ត្រឹម​តែ​ចៅ​សង្កាត់​អំពិល បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នោះ មិន​គួរ​ណា​ឈាន​ដល់​ការ​ចាប់​ខ្លួន​គាត់​ឡើយ ពីព្រោះ​តែ​គាត់​មិន​បាន​ទទួល​ផល​ប្រយោជន៍​អ្វី​ក្រៅ​តែ​ពី​ជួយ​ប្រជាពលរដ្ឋ​ទេ៖ «វា​អាច​ជា​រឿង​នយោបាយ ពីព្រោះ​ថា នៅ​សង្កាត់​ហ្នឹង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង។ ដូច្នេះ វា​អាច​ជា​សញ្ញា​មួយ​គំរាម​ដល់​គណបក្ស​ប្រឆាំង»

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​ចៅ​សង្កាត់​មក​ពី​គណបក្ស​ប្រឆាំង​នេះ គឺ​ជា​រឿង​របស់​តុលាការ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ប្រហែល​ជា ៣​ខែ​មុន គឺ​អាជ្ញាធរ​អប្សរា​បាន​ប្ដឹង លោក ហ៊ាង សារី ជា​ចៅ​សង្កាត់​អំពិល មែន ដោយសារ​តែ​គាត់​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដីធ្លី ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន។

អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក នូ ពុទ្ធិ មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​លោក​នៅ​មិន​ទាន់​បាន​ចុះ​អង្កេត​រឿង​នេះ​នៅ​ឡើយ ប៉ុន្តែ​បើ​សិន​ជា​ដូច​ព័ត៌មាន​ដែល​ផ្ដល់​ជំហាន​ដំបូង​ថា ចៅ​សង្កាត់​នោះ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដីធ្លី​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​មែន គឺ​វា​ក៏​ជា​សមត្ថកិច្ច​រដ្ឋបាល​របស់​គាត់​ដែរ។ លោក នូ ពុទ្ធិ បញ្ជាក់​ថា អង្គការ​សិទ្ធិ​មនុស្ស​នឹង​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ទៅ​លើ​ករណី​នេះ ហើយ​បើ​រក​ឃើញ​ថា ចៅ​សង្កាត់​មក​ពី​គណបក្ស​ប្រឆាំង​រូប​នោះ​គ្មាន​កំហុស គឺ​អង្គការ​សិទ្ធិ​មនុស្ស នឹង​ជួយ​ការពារ​ផ្នែក​ផ្លូវ​ច្បាប់៖ «បើ​គាត់​ត្រូវ​ការ​សេវា​ផ្លូវ​ច្បាប់​ដើម្បី​ជួយ​គាំទ្រ គឺ​អង្គការ​លីកាដូ នឹង​ស្វាគមន៍​តាម​រយៈ​តំណាង​របស់​គាត់ ឬ​ក៏​រូប​គាត់​ផ្ទាល់»

ប្រភព​ពី​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែ​ធ្នូ គឺ​ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​នេះ លោក ឈុន ច័ន្ទសីហា បាន​សម្រេច​បញ្ជូន​ខ្លួន​សកម្មជន​នៃ​គណបក្ស​ប្រឆាំង​នោះ​ទៅ​ឃុំឃាំង​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ហើយ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ចៅក្រម​ស៊ើបសួរ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។