អាជ្ញាធរ​ខេត្ត​រតនគិរី​រៀបចំ​លម្អ​សោភណភាព​ក្រុង​ដើម្បី​អបអរ​ចូល​ឆ្នាំ​សកល

អាជ្ញាធរ​ខេត្ត​រតនគិរី រៀបចំ​លម្អ​សោភណភាព​ក្រុង​បានលុង ត្រៀម​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​​សកល​ខាង​មុខ​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ ចំណែក​មន្ត្រី​ទេសចរណ៍​អះអាង​ដែរ​ថា ការ​រៀបចំ​ប្រគំតន្ត្រី​សិល្បៈ​នៅ​តាម​មន្ទីរ​វប្បធម៌ និង​តំបន់​រមណីយដ្ឋាន នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ​ដែរ។

រមណីយដ្ឋាន​ចំនួន ១១​កន្លែង​ក្នុង​ខេត្ត​រតនគិរី ត្រូវ​បាន​រៀបចំ​ធ្វើ​អនាម័យ សណ្ដាប់ធ្នាប់​សម្រាប់​ទទួល​​ភ្ញៀវ​ដែល​មក​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សកល​ឆ្នាំ​២០១៥ ឆ្លង​ចូល​ឆ្នាំ​២០១៦។

មុន​នេះ​ប្រមាណ ១​សប្ដាហ៍​អាជ្ញាធរ​ខេត្ត​រតនគិរី រៀបចំ​លម្អ​ខ្លោងទ្វារ​ផ្លូវ​ធ្វើ​ដំណើរ​សំខាន់ៗ​ក្នុង​ក្រុង​​បានលុង រួម​មាន​ដាក់​តាំង​ពាក្យស្លោក​ជា​ភាសា​បរទេស ហេបភី ញីវ យារ (Happy New Year) មាន​ន័យ​ថា អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ មាន​បំភ្លឺ​ដោយ​អំពូល​ភ្លើង​គ្រប់​ពណ៌ រួម​ទាំង​ភ្លើង​បំភ្លឺ​តាម​ដើម​ផ្កា​នៅ​សួន​សាធារណៈ​នៅ​វេលា​យប់​ដូច​គ្នា​ទៅ​នឹង​ការ​ប្រារព្ធ​ទិវា​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នៅ​រៀង​រាល់​ឆ្នាំ។

អភិបាលរង​ខេត្ត​រតនគិរី លោក លិ វិន រំពឹង​ថា ភ្ញៀវ​ទេសចរ​នឹង​កើន​ឡើង​ច្រើន​ដោយសារ​តែ​ផ្លូវ​ធ្វើ​ដំណើរ​​កាន់តែ​ល្អ​ប្រសើរ រី​ឯ​ផ្ទះសំណាក់​សណ្ឋាគារ​ភោជនីយដ្ឋាន​ទំនើប​កាន់តែ​សម្បូរ​អាច​បម្រើ​សេវាកម្ម​ជូន​អ្នក​ទេសចរ​បាន​គ្រប់គ្រាន់។ លើស​ពី​នេះ​ទៀត លោក​ថា ក្រុម​សមត្ថកិច្ច​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​គ្រោង​ដាក់​ពង្រាយ​តាម​គោលដៅ​សំខាន់ៗ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​អ្នក​ទេសចរ​មក​កម្សាន្ត​នៅ​ក្នុង​ពិធី​​បុណ្យ​ចូល​ឆ្នាំ​សកល​នេះ៖ «យើង​ត្រៀម​ហើយ​សំខាន់​ភ្ញៀវទេសចរ​តាម​រមណីយដ្ឋាន កន្លែង​លក់​ដូរ​សំខាន់ៗ ព្រោះ​មាន​ល្បី​ប្លន់ អា​ហ្នឹង​ធ្វើ​ពីរ​បី​ខែ​ហើយ»

ក្រៅ​ពី​ការ​រៀបចំ​ដោយ​អាជ្ញាធរ​មូលដ្ឋាន គេ​សង្កេត​ឃើញ​នៅ​តាម​ភោជនីយដ្ឋាន អគារ​លក់​គ្រឿង​​សម្ភារៈ​ប្រើប្រាស់ ហាង​លក់​ទំនិញ និង​អគារ​សាធារណៈ​ឯកជន​មួយ​ចំនួន ក៏​បាន​រៀបចំ​លម្អ​កន្លែង​របស់​ខ្លួន​ជាមួយ​ផ្កា​គ្រិស្តស្មាស (Christmas) ហ៊ុមព័ទ្ធ​ទៅ​ដោយ​អំពូល​ភ្លើង​បំភ្លឺ​ចម្រុះ​ពណ៌​ទាក់ទាញ​អតិថិជន​របស់​​ខ្លួន​សម្រាប់​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នេះ​ដែរ។

ម្ចាស់​លក់​វត្ថុ​អនុស្សាវរីយ៍ និង​គ្រឿង​ប្រើប្រាស់ អ្នកស្រី រចនា កត់សំគាល់​ថា រៀងរាល់​ឆ្នាំ​តែង​មាន​​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន​លើស​សព្វមួយដង ហេតុ​នេះ​ការ​រៀបចំ​កន្លែង​លក់ដូរ​គ្រឿង​ប្រើប្រាស់ គឺ​ជា​វិធី​ទាក់ទាញ​អតិថិជន​ចូល​មក​ទិញ​គ្រឿង​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍។

អ្នកស្រី​បន្ត​ថា ថ្វី​ត្បិត​បុណ្យ​ចូល​ឆ្នាំ​សកល​មិន​មែន​ជា​ពិធីបុណ្យ​សម្រាប់​ពលរដ្ឋ​ខ្មែរ ក៏​ប៉ុន្តែ​ជា​ទូទៅ​ការ​ប្រាស្រ័យ​ទាក់ទង​​គ្នា ការ​កម្សាន្ត​សប្បាយ​រវាង​មនុស្ស​ទូទៅ​លើ​សកលលោក គឺ​ជា​ផ្នែក​មួយ​មាន​សារប្រយោជន៍​​សម្រាប់​ការ​រស់​នៅ​ប្រកប​រប​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ មិន​ប្រកាន់​ជាតិ​សាសន៍ ពណ៌​សម្បុរ៖ «មនុស្ស​ទូទៅ​ក្នុង​ពិភពលោក​មាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ ដោយសារ​មាន​ប្រព័ន្ធ​ហ្វេសប៊ុក (Facebook) ប៉ុន្តែ​បុណ្យ​នេះ​យើង​ចូល​រួម​សប្បាយ​ទាំង​អស់​គ្នា មិន​មែន​បាន​ន័យ​ថា យើង​ភ្លេច​ប្រពៃណី​ជាតិ​យើង​ទេ។ យើង​ដើរ​តាម​សម័យ​ទំនើប​សម័យ​ជឿនលឿន»

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ សណ្ឋាគារ​មាន​ចំនួន ១៤ និង​ផ្ទះសំណាក់​មាន​ចំនួន ៣២​កន្លែង និង​មាន​បន្ទប់​ស្នាក់នៅ​ជាង ១.៥០០​បន្ទប់។ ដោយ​ឡែក​នៅ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នេះ សណ្ឋាគារ​ទំនើប​ចំនួន​ពីរ​ទៀត​នឹង​ត្រូវ​បើក​​សម្ពោធ​បម្រើ​អតិថិជន និង​ភ្ញៀវ​ទេសចរ​តែម្ដង។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត វិទូ មាន​ប្រសាសន៍​ថា មន្ទីរ​ទេសចរណ៍​បាន​ណែនាំ និង​រៀបចំ​ឲ្យ​សហគមន៍​តំបន់​រមណីយដ្ឋាន​រៀបចំ​អនាម័យ សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ​ដើម្បី​ទទួល​ភ្ញៀវ​មក​លេង​កម្សាន្ត​នៅ​តំបន់​ទឹកជ្រោះ បឹង​យក្សឡោម និង​តំបន់​ទេសចរណ៍​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​នេះ។ លើស​ពី​នេះ​ទៀត​លោក​ថា មាន​ការ​ប្រគំតន្ត្រី​សិល្បៈ​រៀបចំ​ឡើង​​ដោយ​មន្ទីរ​វប្បធម៌​ខេត្ត ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បម្រើ​ការ​កម្សាន្ត​របស់​អ្នក​ទេសចរ​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ។

លោក ង៉ែត វិទូ៖ «រាល់​ឆ្នាំ​យើង​ធ្វើ​ដូច​គ្នា គ្រាន់តែ​ប្លែក​ឆ្នាំ​នេះ ឯកឧត្ដម​អភិបាល​ខេត្ត​គាត់​យក​ចិត្ត​ទុក​ដាក់​រៀបចំ​សោភណភាព​ក្រុង បំពាក់​ភ្លើង​តាម​ដើម​ឈើ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ហើយ​គាត់​ជំរុញ​ឲ្យ​មន្ទីរ​វប្បធម៌​រៀបចំ​សំដែង​សិល្បៈ​ឲ្យ​ភ្ញៀវ​ទៅ​មើល»

ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៥ រហូត​បច្ចុប្បន្ន កំណើន​អ្នកទេសចរ​ចូល​មក​កម្សាន្ត​ក្នុង​ខេត្ត​រតនគិរី មាន​ចំនួន​​ជាង ១៧​ម៉ឺន​នាក់ ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៤ អ្នក​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​​នេះ​មាន​ជាង ១២​ម៉ឺន​នាក់។

​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី បាន​រៀបចំ​ការ​ប្រគំតន្ត្រី​ទាក់ទាញ​វិស័យ​ទេសចរណ៍​នៅ​បរិវេណ​មន្ទីរ​វប្បធម៌​ខេត្ត​រតនគិរី។ កម្មវិធី​ប្រគំតន្ត្រី​នេះ ធ្វើ​ឡើង​ពីរ​ដង​ក្នុង​មួយ​ខែ។

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​រតនគិរី លោក ឆាយ សាវុធ កត់សំគាល់​ថា រដ្ឋាភិបាល​មិន​បាន​កំណត់​ថ្ងៃ​​បុណ្យ​ចូល​ឆ្នាំ​សកល​ជា​ថ្ងៃ​បុណ្យ​ជាតិ​នោះ​ទេ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ចាត់​ទុក​បុណ្យ​​ចូល​ឆ្នាំ​សកល​ថា ជា​ថ្ងៃ​រីករាយ និង​កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ​សម្រាប់​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី។ លោក​ថា ប្រជាពលរដ្ឋ​ក្នុង​ពិភពលោក​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល ដោយ​ភាព​រីករាយ និង​មោទនភាព៖ «ធម្មតា​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ខ្ញុំ​បាន​ធ្វើ​ពី​ថ្ងៃ​២៧ និង​២៨ (ធ្នូ) ហើយ។ ចូល​ឆ្នាំ​សកល​ក៏​មិន​មែន​ជា​ប្រពៃណី​ខ្មែរ​ដែរ ចូល​ឆ្នាំ​សកល​ទូទាំង​ពិភពលោក អ៊ីចឹង​រៀបចំ​ពីរ​ថ្ងៃ​ហើយ»

​នៅ​ខេត្ត​រតនគិរី រមណីយដ្ឋាន​សំខាន់​ដែល​អ្នក​ទេសចរ​និយម​ទៅ​លេង​កម្សាន្ត រួម​មាន​បឹង​យក្សឡោម បឹង​លង្កុត ទឹកជ្រោះ​៧​ជាន់ ឬ​ទឹកជ្រោះ​អូរសៀនឡែរ តំបន់​ទឹកជ្រោះ​កាចាញ កាទៀង ចាអ៊ុង វាលរំប្លង់ ទឹកជ្រោះ​តាតៃ សួន​ឧទ្យាន​ជាតិ​វីរជ័យ តំបន់​វប្បធម៌​ជនជាតិ​ដើម​ភាគតិច និង​ដំណើរ​កម្សាន្ត​តាម​ដង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។