មន្ត្រី​សង្ឃ​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ចាត់វិធា​នការលើអ្នក​ដែល​ធ្វើ​ចលនាយុវជន​ដើម្បី​បំផ្លាញ​សាសនា

អនុ​សំវច្ឆរៈមហាសន្និបាទ​មន្ត្រី​សង្ឃទូទាំង​ប្រទេស​លើ​កទី​២៤ រយៈពេល​២​ថ្ងៃ​នៅ​សាលសន្និសីទ​ចតុមុខ បាន​បញ្ចប់​ទៅ​ដោយ​សម្រេច​បាន​ខ្លឹម​សារ​ជា​ច្រើន។ ក្នុងចំណោម​លទ្ធ​ផល​ដែល​សម្រេចនោះ ចំណុច​ទី​៧​នៃ​សង្ឃ​ប្រកាសរបស់​សម្តេចព្រះសង្ឃនាយក​ នន្ទ ង៉ែត ក្រោម​ការ​ឯក​ភាព​របស់​ លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​លើក​ឡើង​ពី​ចំណាត់​ការ​ប្រឆាំងនឹងអ្នក​ដែល​ប្រមាថ​សាសនា។

បើ​តាម​សង្ឃ​ប្រកាសចុះ​ថ្ងៃទី​៣០ ខែ​ធ្នូ មន្ត្រី​សង្ឃ និង​មន្ត្រី​រដ្ឋាភិបាល ទទួល​ស្គាល់ថា ពុទ្ធសាសនា​ថេរវាទ​កំពុង​ជួប​ឧបសគ្គ ក្រោម​ហេតុផល​ថា មាន​ជន​អន្ធ​ពាល​ទមិឡ​ឥត​សាសនា​កំពុង​ធ្វើ​ចលនា​យុវជន​ដើម្បី​បំផ្លាញ​ពុទ្ធ​សាសនា ឲ្យ​​មហា​ជន​អស់​ជំនឿ​តាម​រយៈ​សកម្ម​ភាព​បក្ស​នយោបាយ​របស់ខ្លួន។

ជាមួយ​គ្នានេះ អង្គ​អនុសំ​វច្ឆរៈ មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស បាន​ប្រកាស​ជំហរ​ប្រឆាំង​ និងថ្កោល​ទោសចំពោះ​សកម្មភាព​ដែល​បំផ្លាញ​សាសនា ដោយ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធាន​ការ​តាម​នីតិវិធី​ច្បាប់​ក្នុងការ​ទប់​ស្កាត់​ ព្រោះ​ទង្វើនេះ​រំលោភ​បំពាន​លើរដ្ឋធម្មនុញ្ញ​ត្រង់មាត្រា​៤៣ ដែល​ចេញ​ថា «ពុទ្ធសាសនាជាសាសនារបស់រដ្ឋ»៕

សារព័ត៌មាន​ថ្មីៗ នឹងផ្តល់ព័ត៌មាន​លំអិត​បន្ថែមទៀត