ជនជាតិ​វៀតណាម​៨​នាក់​បន្ថែមទៀត ត្រូវបាន​បណ្តេញ​ទៅ​ប្រទេស​ខ្លួន​វិញ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្តេញ​ជនជាតិ​វៀតណាម​ខុសច្បាប់​ចំនួន​៨​នាក់ ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​។  នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​លោក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា កម្លាំង​របស់លោក​បាន​បណ្តេញ​ជនជាតិ​វៀតណាម​ចំនួន​៨​នាក់ (​ប្រុស​) ដែល​កំពុង​រស់នៅ និង​ធ្វើការ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ តាម​ច្រក​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្តាល​។ លោក​បញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំង​៨​នាក់​នេះ ត្រូវបាន​កម្លាំង​របស់​លោក​បង្ក្រាប​៥​នាក់ នៅ​ខេត្ត​ព្រះសីហនុ និង​៣​នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១​ខែមករា ដល់​ថ្ងៃទី​២៥​ខែធ្នូ ឆ្នាំ​២០១៥​នេះ មាន​ជនជាតិ​វៀតណាម​ចំនួន ៣៩៧៨ នាក់ ក្នុងនោះ​ស្រី​ចំនួន ៥៣៧ នាក់ ត្រូវបាន​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​។ ច្រើនជាង​ឆ្នាំ ២០១៤ ដែលមាន​ជនជាតិ​វៀតណាម​ចំនួន ១០៥៩ នាក់ ក្នុងនោះ​ស្រី​ចំនួន ២៤៥ នាក់​ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​៕