កម្ពុជា​ប្រារព្ធ​ទិវា​ពន្យារ​កំណើត​ពិភពលោក​ជា​លើក​ដំបូង

ក្រសួង​សុខាភិបាល ក្រុម​យុវជន រួម​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល ប្រារព្ធ​ទិវា​ពន្យារ​កំណើត​ពិភពលោក​លើក​ដំបូង​នៅ​កម្ពុជា ដោយ​ផ្ដោត​ការ​ផ្សព្វផ្សាយ​ពី​មធ្យោបាយ​ពន្យារ​កំណើត​ក្នុង​ចំណោម​យុវជន។

តំណាង​ក្រុម​យុវជន​ដែល​រៀបចំ​កម្មវិធី កញ្ញា លី ច័ន្ទសុពណ៌ លើក​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ថា យុវជន ជា​ពិសេស​និស្សិត​គឺ​ជា​អ្នក​ដែល​ត្រូវ​រៀបចំ​គ្រួសារ​ទៅ​ថ្ងៃ​មុខ ដែល​ចាំបាច់​ត្រូវ​យល់​ដឹង​ពី​មធ្យោបាយ​ពន្យារ​កំណើត៖ «ភាគ​ច្រើន​គេ​បង្កើត​កម្មវិធី​ហ្នឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា តែ​នៅ​កម្ពុជា យើង ដោយសារ​តែ​យុវជន​ជាប់​មមាញឹក​នឹង​ការ​សិក្សា ការ​ប្រឡង អ៊ីចឹង​យើង​ក៏​ពន្យារ​មក​ដាក់​នៅ​ចុង​ឆ្នាំ​តែម្តង។ ព្រោះ​យើង​ដឹង​ថា យុវជន​គាត់​នឹង​ត្រូវ​រៀបចំ​ផែនការ​របស់​គាត់​ដែល​ត្រូវ​យល់​ដឹង»

សិស្ស និស្សិត​ជាង ៣០០​នាក់ ដែល​ចូលរួម​កម្មវិធី​នេះ ​បាន​ស្វែង​យល់​ពី​មធ្យោបាយ​ពន្យារ​កំណើត និង​ផែនការ​គ្រួសារ តាម​រយៈ​បទបង្ហាញ និង​ពិភាក្សា​ដេញដោល​ដោយ​ក្រុម​អ្នក​ជំនាញ​ផ្នែក​ពន្យារ​កំណើត​នៅ​កម្ពុជា។

បទបង្ហាញ​ដោយ​ប្រធាន​កម្មវិធី​ជាតិ​សុខភាព​បន្ត​ពូជ អ្នកស្រី​វេជ្ជបណ្ឌិត ឡាំ ភីរុណ បញ្ជាក់​អោយ​ដឹង​ថា មធ្យោបាយ​ពន្យារ​កំណើត​ដែល​មាន​ក្នុង​កម្មវិធី​ជាតិ​មាន​ទាំង​មធ្យោបាយ​ធម្មជាតិ និង​មធ្យោបាយ​ដែល​មាន​ជាតិ​អ័រម៉ូន ដោយ​ការ​ប្រើ​ថ្នាំ ដាក់​កង និង​ស្រោម​អនាម័យ​ជា​ដើម។

ជំរឿន​ប្រជាសាស្ត្រ​ឆ្នាំ​២០១៤ រក​ឃើញ​ថា អត្រា​នៃ​អ្នក​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើតមាន​ចំនួន​ជាង ៥០​ភាគរយ ​គឺ​បាន​កើន​ឡើង​បើ​គិត​ពី​ឆ្នាំ​២០០០ ដែល​មាន ២៤​ភាគរយ។ ក្នុង​នោះ​ភាគ​ច្រើន​ប្រើប្រាស់​មធ្យោបាយ​ទំនើប ឬ​អ័រម៉ូន។

ក្នុង​ចំណោម​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ផ្ដល់​សេវាកម្ម​ពន្យារ​កំណើត នាយក​ភាព​ជា​ដៃគូ​នៃ​អង្គការ ម៉ារី ស្តូប (Marie Stopes) លោក ជុំ ធូ មាន​ប្រសាសន៍​ថា ការ​ពន្យារ​កំណើត​បាន​ជួយ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​បាន​លើក​ស្ទួយ​ជីវភាព​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។