គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ពិគ្រោះ​យោបល់​សេចក្តី​ព្រាង​ច្បាប់​សហជីព​នៅ​ថ្ងៃ​ទី​៣១​ធ្នូ

គណៈកម្មការ​ចំពោះ​កិច្ច​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណបក្ស​នយោបាយ​ទាំង​ពីរ នឹង​ជួប​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ។ ជំនួប​ដែល​ធ្វើ​ឡើង​ដោយ​តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នេះ ត្រូវ​បាន​សហជីព​រំពឹង​ថា ប្រសិន​បើ​គណៈកម្មការ​ចំពោះ​កិច្ច​មិន​កេង​ចំណេញ​ផ្នែក​នយោបាយ​ជា​ធំ​តែ​រៀងៗ​ខ្លួន​ទេ ប្រហែល​ជា​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ អាច​សម្រេច​ទៅ​បាន​ដោយ​ឆាប់​រហ័ស និង​ពុំ​មាន​ឧបសគ្គ។

មន្ត្រី​ជាន់​ខ្ពស់​ពី​ខាង​រដ្ឋាភិបាល និយាយ​ថា ការ​ជជែក​ដេញដោល​ច្បាប់​សហជីព ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ គឺ​របៀប​ជាក់លាក់​មិន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​ដឹង​ជា​មុន​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា លោក សុខ ឥសាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថា គណៈកម្មការ​ចំពោះ​កិច្ច​ទាំង​ពីរ​គណបក្ស​នយោបាយ នឹង​បើក​កិច្ច​ពិគ្រោះ​យោបល់​លើ​បញ្ហា​ប្រឈម​នានា ក្រោយ​ពី​ស្រង់​ក្ដី​កង្វល់​ពី​ក្រុម​សហជីព។ លោក​បន្ត​ថា ថ្វី​បើ​ជំនួប​ដែល​គ្រោង​នឹង​រៀបចំ​ឡើង​ដូច​ការ​គ្រោង​ទុក ចំពោះ​របៀបវារៈ​ពិត​ប្រាកដ​ដែល​នឹង​ត្រូវ​ពិភាក្សា រហូត​មក​ដល់​ពេល​នេះ​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៖ «»។

មុន​កិច្ច​ប្រជុំ​ចាប់​ផ្ដើម​រវាង​គណៈកម្មការ​ចំពោះ​កិច្ច​របស់​តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ គឺ​ក្រុម​សហជីព​ដែល​មាន​និន្នាការ​ពីរ​ខុស​គ្នា បាន​ជួប​ពិគ្រោះ​យោបល់​ដាច់​ដោយឡែក​ពី​គ្នា​រួច​មក​ហើយ​ជាមួយ​តំណាង​គណបក្ស​ជំទាស់ និង​គណបក្ស​ប្រជាជន​កម្ពុជា។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ត្រូវ​បាន​រដ្ឋាភិបាល​តាក់​តែង​តាំង​ពី​ឆ្នាំ​២០០៨ ដែល​មាន ១៧​ជំពូក និង ១០០​មាត្រា។ សព្វថ្ងៃ ច្បាប់​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​រដ្ឋសភា​នៅ​ឡើយ។

បច្ចុប្បន្ន កម្ពុជា មាន​កម្មករ​បម្រើ​ការ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ស្បែក​ជើង និង​សម្លៀកបំពាក់​ប្រមាណ ៧​សែន​នាក់ និង​មាន​សហជីព​មូលដ្ឋាន​ប្រមាណ​៣.២១៤ សហព័ន្ធ​សហជីព​ចំនួន​៨៤ និង​សហភាព​សហព័ន្ធ​សហជីព​ចំនួន​១៣ ព្រម​ទាំង​មាន​សមាគម​និយោជក​ចំនួន​៥។

ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​លើ​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ ថា​មាន​លក្ខណៈ​គាប​សង្កត់​ដល់​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ យល់​ឃើញ​ថា ប្រសិន​បើ​អ្នក​នយោបាយ​បន្ត​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ ដោយ​មិន​ទាញ​យក​ផល​ប្រយោជន៍​ខាង​នយោបាយ​ទេ ប្រហែល​ជា​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ស្នើ​ច្បាប់​នេះ អាច​នឹង​នាំ​មក​នូវ​ផល​វិជ្ជមាន​ច្រើន​សម្រាប់​សហជីព។ ផ្ទុយ​ទៅ​វិញ បើ​ជំនួប​របស់​គណៈកម្មការ​ចំពោះ​កិច្ច​នេះ​គិត​រក​ការ​ចំណេញ​ផ្នែក​នយោបាយ​រៀងៗ​ខ្លួន នោះ​អត្ថប្រយោជន៍​នៃ​ច្បាប់​សហជីព​នេះ នឹង​មិន​ចំណេញ​អ្វី​ឡើយ​សម្រាប់​សហជីព៖ «»។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​ពី​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ជំទាស់​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​៣០ ធ្នូ។

បើ​ទោះ​ជា​បែប​ណា លោក សុខ ឥសាន បញ្ជាក់​ថា ជំនួប​ដែល​ធ្វើ​ឡើង​រវាង​គណៈកម្មការ​ចំពោះ​កិច្ច​ទាំង​ពីរ ប្រសិន​ក្តី​កង្វល់​ដែល​បាន​ស្រង់​ពី​ខាង​សហជីព ហើយ​ជជែក​ទៅ​មាន​មន្ទិល​សង្ស័យ​បន្ថែម គឺ​ត្រូវ​ជួប​ជា​ថ្មី​ឡើង​វិញ​ជាមួយ​សហជីព ឬ​បើ​នៅ​តែ​មិន​ទាន់​ច្បាស់​ទេ នឹង​ជួប​ក្រសួង​ការងារ បន្ថែម​ទៀត។

ពាក់ព័ន្ធ​កិច្ច​ពិគ្រោះ​យោបល់​ដែល​ដំណើរ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ខាង​សហជីព​បាន​ដាក់​សំណើ​ដើម្បី​ចូលរួម​ជជែក​ពិភាក្សា​ដែរ ក៏ប៉ុន្តែ​ត្រូវ​បាន​ជំទាស់​ពី​គណៈកម្មការ​ចំពោះ​កិច្ច។ ការ​បដិសេធ​វត្តមាន​ពី​ខាង​សហជីព​ចូលរួម​នេះ ក្រោម​ហេតុផល​ដើម្បី​រក្សា​ការ​សម្ងាត់​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់។ ម្យ៉ាង​វិញ​ទៀត នេះ​អាច​ចាត់​ទុក​ថា ជា​ការ​ជួប​ផ្ទៃ​ក្នុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។