កូន​ប្រុស​របស់​លោក ហ៊ុន សែន មាន​បំណង​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី

កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី និយាយ​ថា លោក​មាន​ក្ដី​សុបិន​មួយ គឺ​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ដែរ។ ស្រប​ពេល​ដែល​ព័ត៌មាន​ស្ដីពី​ការ​ចង់​ឡើង​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល​នេះ អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា វា​ពុំ​មែន​ជា​រឿង​ចម្លែក​ឡើយ ក៏ប៉ុន្តែ​ចំណុច​សំខាន់​នៅ​ត្រង់​ថា ការ​ប្រាថ្នា​ចង់​ធ្វើ​ជា​មេ​ដឹក​នាំ​ប្រទេស​នេះ គឺ​ជា​ឱកាស​ងាយ​ជាង ក្នុង​ការ​គ្រប់គ្រង​តំណែង​ជា​ប្រមុខ​រដ្ឋ បើ​ប្រៀបធៀប​នឹង​យុវជន​ដទៃ​ទៀត​ដែល​ពុំ​មែន​ជា​កូន​របស់​មន្ត្រី​ជាន់​ខ្ពស់​នោះ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើ​វិស័យ​យុវជន ចាត់​ទុក​ថា ការ​ស្រមៃ​របស់ លោក ហ៊ុន ម៉ានី នេះ គឺ​អាច​រាប់​បាន​ថា វា​ជា​ការ​ងាយ​ណាស់ ហើយ​ក៏​ពុំ​មាន​អ្វី​ដែល​ស្មុគស្មាញ​នោះ​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​សាមញ្ញ​ដែល​ចង់​ក្លាយ​ជា​ប្រមុខ​រដ្ឋ​នេះ ប្រហែល​ជា​លំបាក​បន្តិច។

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា យល់​ឃើញ​ថា វា​ពុំ​មែន​ជា​រឿង​ដែល​ចម្លែក​ឡើយ សម្រាប់​ក្ដី​សុបិន​ដែល​ចង់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ក៏ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា និង​រឹត​តែ​ស្មុគស្មាញ​នោះ គឺ​ចំពោះ​មនុស្ស​សាមញ្ញ ដែល​ការ​ប្រាថ្នា​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នេះ វា​ពុំ​មែន​ជា​ការ​ងាយ​ឡើយ៖ «»។

ការ​ថ្លែង​ដូច​នេះ​របស់ លោក ជាង សុខា ធ្វើ​ឡើង​បន្ទាប់​ពី​កូន​ប្រុស​របស់ លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ប្រកាស​ជា​សាធារណៈ​ថា លោក​ពិត​ជា​មាន​ក្ដី​សុបិន​មួយ ក៏​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ដូច​យុវជន​ដទៃ​ទៀត​ដែរ។

លោក ហ៊ុន ម៉ានី ដែល​ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​តួនាទី​ជា​អ្នក​តំណាង​រាស្ត្រ​ស្រាប់​ទៅ​ហើយ​នោះ ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ថា លោក​មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី។ បន្ថែម​ពី​លើ​នេះ លោក​បន្ត​ថា ការ​ចង់​បាន​កៅអី​ជា​ប្រមុខ​រដ្ឋ​នេះ វា​ពុំ​មែន​ជា​មុខ​តំណែង​ទេ ក៏ប៉ុន្តែ​វា​ជា​ការ​សាង​ឱកាស​បម្រើ​ឲ្យ​សេចក្ដី​ត្រូវ​ការ​សម្រាប់​ប្រទេស​ជាតិ​ទៅ​វិញ​ទេ៖ «»។

នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ជីវិត​នយោបាយ​របស់ លោក ហ៊ុន ម៉ានី ដែល​បាន​ប្រកាស​ជា​សាធារណៈ​ចេញ​ដោយ​ផ្ទាល់​មាត់​របស់​លោក ក្រោយ​ពេល​លោក​ប្រឡូក​ក្នុង​វិស័យ​នយោបាយ ហើយ លោក ហ៊ុន ម៉ានី ចាត់​ទុក​ថា ការ​មាន​មហិច្ឆតា​ចង់​អង្គុយ​លើ​កៅអី​ជា​មេ​ដឹក​នាំ​នេះ អ្នក​ណា​ក៏​អាច​ដាក់​ក្ដី​សុបិន​របស់​ខ្លួន​បាន​ដែរ។

ទាក់ទិន​រឿង​នេះ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ សាទរ​ចំពោះ​សេចក្ដី​សម្រេច​បែប​នេះ​របស់ លោក ហ៊ុន ម៉ានី។ លោក​ចាត់​ទុក​ថា វា​មិន​គួរ​ឲ្យ​ភ័យ​ខ្លាច ឬ​ជា​ឧបសគ្គ​ទេ​សម្រាប់​គណបក្ស​ជំទាស់ សំខាន់​នោះ គឺ​ការ​បោះ​ឆ្នោត សូម​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​ចៀសវាង​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ។ ម្យ៉ាង​វិញ​ទៀត លោក យឹម សុវណ្ណ យល់​ឃើញ​ថា លក្ខណៈ​ពិសេស​ពុំ​មែន​ស្ថិត​លើ​បុគ្គល​ណា​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ឡើយ សំខាន់​គឺ​ការ​គាំទ្រ​ពី​ពលរដ្ឋ​វិញ៖ «»។

ការ​ប្រកាស​ជា​សាធារណៈ​ដូច​នេះ​របស់ លោក ហ៊ុន ម៉ានី បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​កន្លែង​សម្រាប់​កូន​ប្រុស​របស់​ខ្លួន ដើម្បី​ឲ្យ​ស្នង​តួនាទី​បន្ត​វេន​ពី​លោក។ ផ្ទុយ​ពី​ការ​រិះគន់​នេះ​វិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​សច្ចា​ហើយ​ថា លោក​នឹង​គ្រប់គ្រង​ក្នុង​តំណែង​ជា​ប្រមុខ​រដ្ឋ​នេះ​រហូត​ដល់​លោក​មាន​អាយុ ៩០​ឆ្នាំ បើ​សិន​ជា​ប្រជាពលរដ្ឋ​នៅ​បន្ត​គាំទ្រ​រូប​លោក​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។