ប្តី​-​ប្រពន្ធ​ ​មេចោរ​ប្លន់ ចែកចាយ​គ្រឿងញៀន និង​កាច់​សោ​.​ក​ម៉ូតូ ដែល​ទើប​ចេញពី​គុក​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ចូល​គុក​វិញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មេខ្លោង​ចោរប្លន់ ចែកចាយ​គ្រឿងញៀន និង​កាច់​សោ​.​ក​ម៉ូតូ ២​នាក់​ប្តី​-​ប្រពន្ធ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​បាន​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ កាលពី​ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ ។

សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ ស៊ុន សុង អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ លន់ ស៊ី​ណា អាយុ​៣១​ឆ្នាំ ដែល​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ទើបនឹង​ចេញពី​ពន្ធនាគារ​ ហើយ​ពួក​គេ​គឺជា​មេខ្លោង​ចោរប្លន់ ចែកចាយ​គ្រឿងញៀន និង​កាច់​សោ​.​ក​ម៉ូតូ​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​នេះ​ពេញ​មួយ​ ទើប​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​២​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន ស្លាក​លេខ​ម៉ូតូ និង​កាត​គ្រី​ម៉ូតូ​ជា​ច្រើន​ផង​ដែរ ។

បន្ទាប់​ពី​ចាប់ខ្លួន​ជនសង្ស័យ​បាន សមត្ថកិច្ច​នឹង​បន្ត​ទៅ​ឆែកឆេរ​បន្ទប់​ជួល​របស់​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​នេះ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​បន្ត​ទៀត ៕