សភា​មី​យ៉ាន់​ម៉ា​គ្រោង​អនុម័ត​ច្បាប់​បន្ថែម​អំណាច​ដល់​ក្រុម​យោធា​មុន​ចប់​អាណត្តិ​

​សភា​មី​យ៉ាន់​ម៉ា ប្រហែលជា​អនុម័ត​សេចក្តីស្នើច្បាប់​មួយ ​ស្ដីពី​តួនាទី​ក្រុមប្រឹក្សា​ការពារ ​និង​សន្តិសុខ​ជាតិ មុនពេល​សមាជិកសភា​ទើប​ជាប់ឆ្នោត​ថ្ មី​ចូលកាន់​តំណែង​នៅ​ខែមករា​ខាងមុខ។ តែសេចក្តីស្នើច្បាប់​នេះ​ បានរង​ការរិះគន់ ដោយសារតែ​បញ្ញត្តិ​ខ្លះ ផ្ដល់​អំណាច​កាន់តែច្រើន​ដល់​កងទ័ព ហើយ​កម្រិត​សិទ្ ធិ​និង​អំណាច​ប្រធានាធិបតី​ក្នុង​ក្រុមប្រឹក្សា​នេះ​ទៅវិញ​។

​សេចក្តីស្នើច្បាប់​ស្ដីពី​តួនាទី​ក្រុមប្រឹក្សា​ការពារ​និង​សន្តិសុខ​ជាតិ (NDSC) បាន​បញ្ជូនទៅ​ដល់ដៃ​សមាជិកសភា​ជាន់ខ្ពស់ ដើម្បី​ត្រួតពិនិត្យ​មុនដាក់​ឲ្យ​ពិភាក្សា ​និង​អនុម័ត​។ សេចក្តីស្នើច្បាប់​នេះ​មាន​គោលដៅ​បន្ថែម​អំណាច​ដល់​ក្រុម​យោធា និង​កម្រិត​សិទ្ធិ​ប្រធានាធិបតី​ស៊ីវិល​។​

​ទោះយ៉ាងណា​ក្ដី សារព័ត៌មាន Irrawaddy ផ្សាយ​ថា សេចក្តីស្នើច្បាប់​ថ្មី​នេះ ​មិនទាន់​ត្រូវគេបញ្ចេញ​ជា​សារ​ធាណៈ​ឡើយ ប៉ុន្តែ​គេ​អាចដាក់​ឲ្យ​សភា​ពិភាក្សា​ និង​អនុម័ត មុនពេល​សមាជិកសភា​ថ្ មី​ចូលកាន់​តំណែង​នៅ​ចុងខែ​មករា​។​

​រដ្ឋធម្មនុញ្ញ​ដែល​ព្រាង​ដោយ​យោធា​នៅ​ឆ្នាំ​២០០៨ បានកំណត់​ឲ្យ​ក្រុមប្រឹក្សា​ដែលមាន​សមាជិក​១១​នាក់ មាន​តួនាទី​បង្កើត​គោលនយោបាយ ​ពាក់ព័ន្ធ​វិស័យ​យោធា ​និង​សន្តិសុខ។ មិនតែប៉ុណ្ណោះNDSC ក៏​អាច​កេណ្ឌ​ទ័ព និង​ការលើកលែងទោស ហើយ​ក្រុមប្រឹក្សា​ការពារជាតិ​នេះ ក៏​អាច​ស្នើ​ប្រធានាធិបតី​ឲ្យ​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ផងដែរ។ 

​ចំពោះ​សមាជិក​វិញ ក្រុមប្រឹក្សា​នេះ​មាន​សមាជិក​ជា​ក្រុម​យោធា​ភាគច្រើន​ទៅហើយ។ នេះ​មានន័យថា ក្រុម​យោធា​នៅតែមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ស្ថាប័ន​នេះ​ដដែល ខណៈដែល​សមាជិក​ស៊ីវិល ​ដូចជា​ប្រធានាធិបតី ​និង​អនុ​ប្រធានាធិបតី​នោះ មានអំណាច​តិចតួច​តែប៉ុណ្ណោះ។

​អ្វីដែល​ជាការ​ព្រួយបារម្ភ​នោះ បើតាម​មាត្រ​១៤​នៃ​សេចក្តីស្នើច្បាប់​ ដែលមាន​កម្រាស់​៩​ទំព័រ​នេះ ប្រធានាធិបតី​គ្មាន​សិទ្ធិ​បោះឆ្នោត​ លើ​ការងារ​របស់​ក្រុមប្រឹក្សា​នេះ​ទេ លើកលែងតែ​ក្នុងករណី​ជាប់គាំង​តែប៉ុណ្ណោះ ទើប​ប្រធានាធិបតី​អាច​បោះឆ្នោត​បាន។ មាត្រា​ដដែល​បន្តថា ក្រុមប្រឹក្សា​ត្រូវតែ​សម្រេច​ការងារ​ដោយ​សំឡេង​ឯកច្ឆន្ទ ពោលគឺ​សមាជិក​ទាំងអស់​ត្រូវ​ឯកភាពគ្នា​។  តែបើ​មិន​ឯកភាពគ្នា​ទេ សមាជិក​ត្រូវ​បោះឆ្នោត​តាម​សំឡេង​ភាគច្រើន ដែល​នេះ​បង្ហាញ​ច្បាស់​ណាស់​ថា ក្រុម​យោធា​នៅតែមាន​ឥទ្ធិពល​ដដែល​ព្រោះ​មាន​សំឡេង​ភាគច្រើន​។

​ជាមួយគ្នានេះ គេ​ក៏​រិះគន់​ផងដែរ ចំពោះ​ការ​លើកយក​សេចក្តីស្នើច្បាប់​មក​ពិភាក្សា​នៅពេលនេះ​។ សំណួរ​ជាច្រើន​ត្រូវបាន​លើកឡើង ហេតុអ្វី​បានជា​ច្បាប់​នេះ​ ទើប​ត្រូវបាន​ពិចារណា នៅ​ចំ​ពេលដែល​គណបក្សប្រឆាំង​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បានឈ្នះ​ឆ្នោត​ទូទៅ​កាលពី​ខែវិច្ឆិកា​កន្លងមក​។ 

​ទោះបីជា​យ៉ាងណាក៏ដោយ សេចក្តីស្នើច្បាប់​នេះ ប្រហែលជា​មិនអាច​អនុម័ត​ទាន់ពេល​នោះទេ ពីព្រោះ​សភា​បច្ចុប្បន្ន​នឹង​ផុត​អាណត្តិ​នៅពេល​ខ្លី​ខាងមុខនេះ។ ម្យ៉ាងវិញទៀត គេ​ក៏​មិនទាន់​ដឹង​ច្បាស់​ទេ​ថា សេចក្តីស្នើច្បាប់​នេះ​អាច​ត្រូវគេ​លើក​យកមក​ពិភាក្សា ​ឬ​អត់​នោះទេ​៕