ប្រើ​កាំភ្លើង​កែ​ច្នៃ​បាញ់​សត្វ​ពពេច ភ្លាត់ស្នៀត​ចំ​ក្បាលមនុស្ស​របួសធ្ងន់

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ម្នាក់​បាន​រង​របួស​ក្បាល​ជា​ទម្ងន់ ខណៈ​កំពុង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ឡើង​លើ​រថយន្ត​ដឹក​ជញ្ជូន​១​គ្រឿង​ទៀត ក៏​ស្រាប់តែ​មាន​គ្រាប់កាំភ្លើង​ខ្យល់​(​កាំភ្លើង​កែ​ច្នៃ​)​បាញ់​ចំ ។ ហេតុការណ៍​ដែល​ស្ទើរ​នឹក​ស្មាន​មិន​ដល់​នេះ​បាន​កើត​កាលពី​វេលា​ម៉ោង​១​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​លើ ក្នុងភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុងសែន​មនោ​រម្យ ។

លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ នួន ផាត ហៅ សាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែ​មនោ​រម្យ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ។

លោកស្នងការ​បាន​បន្ត​ថា នៅ​ពេល​ជន​រង​គ្រោះ​ភ្ជួរ​​ដីចម្ការ​រួច ក៏​បើក​ត្រាក់ទ័រ​ឡើង​លើ​រថយន្ត​ដើម្បី​ដឹក​ទៅ​ផ្ទះ ស្រាប់តែ​ឮ​សម្លេង​កាំភ្លើង​ខ្យល់ ហើយ​គ្រាប់​នោះ​បាន​ហោះ​មក​ត្រូវ​ក្បាល​ជន​រង​គ្រោះ​ហូរ​ឈាម​ស្រោច​ពេញ​ក្បាល បៀម​គ្រាប់​ជាប់​ជើងសក់​ស្តាំ ក្រោយ​កន្ទុយភ្នែក ។ បន្ទាប់​ពី​ត្រូវ​គ្រាប់កាំភ្លើង​កែ​ច្នៃ ជន​រង​គ្រោះ​បាន​ទៅ​មន្ទីរពេទ្យ​ធ្វើការ​វះកាត់​យក​គ្រាប់​ចេញ (​គ្រាប់​នោះ​គឺជា​គ្រាប់​ពិ​ដាង​កង់​ម៉ូតូ​) ហើយ​ក៏​មក​ប្តឹង​សមត្ថកិច្ច ដើម្បី​ស្រាវជ្រាវ​រក​អ្នក​បាញ់ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ សមត្ថកិច្ច​បាន​រក​ឃើញ​ជន​បង្ក ដែល​មានឈ្មោះ សាំង ហ៊ាន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែ​មនោ​រម្យ ។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​បង្ក និង​វត្ថុ​តាង​អាវុធ​បាញ់​ខ្យល់​(​ប្រភេទ​កែ​ច្នៃ​)​ប្រើ​គ្រាប់​ពិ​ដាង​កង់​ម៉ូតូ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​បាញ់​សត្វ​ពពេច​ស្រាប់តែ​ឮ​សម្លេង​របស់​ជន​រង​គ្រោះ​ស្រែ​កថា អាណា បាញ់​អា​ញ់ ទើប​ខ្លួន​(​ជន​បង្ក​)​ដឹង​ថា បាន​បាញ់​ចំ​មនុស្ស ដោយ​ភ័យ​ខ្លាច​ក៏​យក​កាំភ្លើង​នោះ​ទៅ​បោះចោល​ក្នុង​ព្រៃ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕