ខេត្តបាត់ដំបង​រៀបចំ​កម្មវិធី​កម្សាន្ត​១០​ថ្ងៃ អបអរ​បុណ្យ​ឆ្លង​ឆ្នាំ រហូតដល់​៧​មករា​

​អាជ្ញាធរខេត្ត​បាត់ដំបង បានរៀបចំ​កម្មវិធី​កម្សាន្ត​រយពេល​១០​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃទី​២៩ ខែ ធ្នូ​ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​៧​ខែមករា ឆ្នាំ​២០១៦ ដើម្បី​អបអរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល និង​ថ្ងៃ​៧​មករា​។   កម្មវិធី​កម្សាន្ត​ទាំងនោះ​មានដូចជា ការតាំងពិព័រណ៍ បាញ់​កាំជ្រួច បង្ហោះគោម និង​ការប្រគំ​តន្ត្រី​ជាដើម​។

​សេចក្តីជូនដំណឹង​រប​ស់​សាលាខេត្ត​បាត់ដំបង​បានបញ្ជាក់​ដូ​ច្ន​វ​ថា​៖«​នៅ​បំណាច់​ឆ្នាំ​២០១៥​នេះ រដ្ឋបាលខេត្ត នឹង​រៀបចំ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៥-២០១៦ និង​ទិវា​ជ័យជម្នះ​៧​មករា ឆ្នាំ​២០១៦ នៅក្នុង​ខេត្តបាត់ដំបង​»​។

​បើតាម​លោក ឈឹម សា​បុ​ន ជំនួយការ​របស់​អភិបាលខេត្ត​បាត់ដំបង មាន​ស្តង់​ពិព័រណ៍​ចំនួន​១៤៦​ស្តង់ បាន​ចូលរួម​លក់​ផលិតផល​របស់ខ្លួន ដោយមាន​ការសហការ​រវាង​ពាណិជ្ជករ​កម្ពុជា និង​ខេត្ត​ចន្ទ​បូរី របស់​ថៃ​។

​អាជ្ញាធរខេត្ត បានដាក់​ពង្រាយ​កម្លាំង​នគរបាល​ប្រមាណ​៦០០​នាក់ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត នៅក្នុង​កម្មវិធី​រយៈ​១០​ថ្ងៃ នៅក្នុង​ខេត្តបាត់ដំបង​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈឹម សា​បុ​ន​ដដែល​។

​តាមរយៈ​សេចក្តីជូនដំណឹង អាជ្ញាធរ​ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ ជួយ​រក្សា​បរិស្ថាន និង​អនាម័យ ដោយ​ដាក់​សំរាម​ក្នុង​ធុងសំរាម និង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​បាត់ដំបង ជួយ​រៀបចំ​តុបតែង​ភ្លើង​លម្អ និង​ដាក់​ទង់ជាតិ​តាម​មុខផ្ទះ​ផងដែរ​៕