ដើរលេង​ជ្រុល​មួយ​យប់ «​គេ​ថា​នាង​ខ្ញុំ​រត់តាម​ប្រុស​»

​តាំងពី​ចុង​ភូមិ​ដល់​ដើមភូមិ អ្នកណា​ក៏​និយាយថា នាង​ខ្ញុំ​រត់តាម​ប្រុស ។ រយៈពេល​មួយថ្ងៃ​ដែល​នាង​ខ្ញុំ​មិន​បានមក​ផ្ទះ​ឪពុកម្តាយ​របស់​នាង​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅគ្រប់​កន្លែង​ដើម្បី​ជូនដំណឹង និង សួរនាំ​គ្រូ​ប្រចាំ​ថ្នាក់ ព្រមទាំង​មិត្តភក្តិ​របស់​នាង​ខ្ញុំ ហើយ​សូម្បីតែ​នគរបាល​ក៏​ពួកគាត់​បាន​ទូរស័ព្ទ​ទៅសុំ​ជំនួយ​ដែរ ។ ចាប់តាំងពី​ហេតុការណ៍​នោះបាន​កើតឡើង មកដល់ពេលនេះ​នាង​ខ្ញុំ​បាន​ក្លាយជា​មនុស្ស​ល្បីឈ្មោះ​ម្នាក់​មិន​ត្រឹមតែ​នៅក្នុង​ថ្នាក់រៀន​ប៉ុណ្ណោះ​ទេ​នៅក្នុង ភូមិ​របស់​នាង​ខ្ញុំ​រស់នៅ​អ្នកណា​ក៏បាន​និយាយ​បំប៉ោង​អំពី​រឿង​ដែលថា «​នាង​ខ្ញុំ​រត់តាម​ប្រុស​»​ដែរ ។

កាលណោះ​នាង​ខ្ញុំ​ជា​សិស្ស​ថ្នាក់​ទី ១០ នាង​ខ្ញុំ​រៀន​ក៏​ពូកែ ចូលចិត្ត​ចូលរួម​សកម្ម​ភាពល្អ​នានា និង ចូលចិត្ត​លេងសើច​ច្រើន ប៉ុន្តែ​ក្នុង​វ័យ​ដែល​កំពុង​រៀន ថ្នាក់​ទី ១០ គឺជា​វ័យ​ដែល​ពិបាក​នឹង​អាច​យល់បាន​ថា អ្វី​ត្រូវ និង អ្វី​ខុស ហើយ​ឱ្យតែ​ចូលចិត្ត​ធ្វើ​អ្វី គឺ​នាង​ខ្ញុំ​នឹងធ្វើ​វា​ភ្លាម ពិសេស​គឺ​ចូលចិត្ត​សេរីភាព ។ បញ្ហា​បានកើត​ឡើង​បន្ទាប់ពី​នាង​ខ្ញុំ​ស្គាល់​មិត្ត​ថ្មី​ពីរ​បីនាក់ ។ ពួកនាង​ខ្ញុំ​បានរៀបចំ​គម្រោង​ដើម្បី​ធ្វើ​ខួបកំណើត​ឱ្យ​សមាជិក​ពីរ​នាក់​នៅក្នុង​ក្រុម​របស់ខ្ញុំ​រួមទាំង មិត្ត​ប្រុស​របស់​នាង​ខ្ញុំ​ផងដែរ ។ នាង​ខ្ញុំ​បាន​សុំ​ការអនុញ្ញាត​ពី​ឪពុកម្តាយ ដើម្បី​ទៅ​ចូលរួម​ខួបកំណើត​នេះ​ដោយ​សន្យាថា រសៀល​នឹង​ត្រឡប់មកផ្ទះ​វិញ ប៉ុន្តែ​ដោយសារតែ​នៅ​ក្មេងខ្ចី ចូលចិត្ត​លេង​សប្បាយ យើងទាំងអស់គ្នា​មិនបាន​គិតដល់​បញ្ហា​ដែល​នឹង​អាច​កើតមាន​ឡើយ ។

ពួក​ខ្ញុំ​បាន​ជួល​រថយន្ត​តូច​មួយគ្រឿង​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​កំពត​ដោយ​មិនបាន​ប្រាប់​ឪពុកម្តាយ​ឱ្យបាន​ដឹង​ទេ ។ រហូតដល់​យប់​មិនឃើញ​កូន​មកដល់​ផ្ទះ ឪពុកម្តាយ​នាង​ខ្ញុំ​មានការ​ព្រួយបារម្ភ ខ្លាំងណាស់ ហើយ​ពួកគាត់​ក៏បាន​ទូរស័ព្ទ​ទៅ​គ្រូបង្រៀន​ប្រចាំ​ថ្នាក់ និង មិត្តភក្តិ​ដែល​ធ្លាប់​ស្គាល់​នាង​ខ្ញុំ​ដើម្បី​សួរនាំ​ដំណឹង ។ ស្អែក​ឡើង​ឪពុកម្តាយ និង មិត្ត​រួម​ថ្នាក់​របស់​នាង​ខ្ញុំ​បាននាំគ្នា​ដើររក​នាង​ខ្ញុំ មិត្តភក្តិ​ជិតស្និទ្ធ​ប៉ុន្មាន​នាក់​របស់​នាង​ខ្ញុំ​ពេល​ដឹង​ដំណឹង​នេះ​ពួកគេ​ដើររក​បណ្តើ​រយំ​បណ្តើរ ដោយ​ព្រួយបារម្ភ​ខ្លាចក្រែង​នាង​ខ្ញុំ​ចាញ់បោក​គេ ហើយ​ត្រូវ​ចាប់​យកទៅលក់ ។ នៅ​ព្រឹក​នោះ​នាង​ខ្ញុំ​កំពុង តែ​រត់​លេង និង ហែល​ទឹក​យ៉ាង​សប្បាយ​ជាមួយ​មិត្តភក្តិ​នៅតាម​ឆ្នេរសមុទ្រ​នៃ ខេត្តកំពត ដោយ​មិនបាន​ដឹងថា នៅឯ​ផ្ទះ​មានការ​ជ្រួលច្របល់​ដោយសារតែ​បាត់​ដំណឹង​របស់​នាង​ខ្ញុំ​ឡើយ ។

រហូតដល់​ថ្ងៃ​ជិត​ត្រង់ មាន​នគរបាល​មួយក្រុម បានមក​ដល់ និង ត្រួតពិនិត្យ​រថយន្ត ដែល​ពួកយើង​បាន​ជួល ហើយ​ចុងក្រោយ​ក៏បាន​នាំ​ទាំង​រថយន្ត​ទាំង​ម្ចាស់​រថយន្ត រួម​នឹង​ពួកយើង​វិល​ទៅកាន់​ទីលំនៅ​វិញ ។ ឪពុកម្តាយ​របស់​នាង​ខ្ញុំ​ខឹង​យ៉ាងខ្លាំង ចំណែក​រូបនាង​ខ្ញុំ​ក៏​ពិបាកចិត្ត​ណាស់ ដែរ ។ បន្ទាប់ពី​បញ្ហា​បានកើត​ឡើង នាង​ខ្ញុំ​សម្រេច​ឃុំ​ខ្លួនឯង​នៅតែ​ក្នុង​បន្ទប់ ដោយ​មិន​ខ្ចី​ជួប​មុខ​អ្នកណា​ទាំងអស់ ហើយក៏​មិន​ខ្ចី​ទៅ​រៀន​ដែរ ។ ហេតុការណ៍​នេះ​ត្រូវបាន​អ្នកភូមិ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​នាង​ខ្ញុំ​រត់តាម​ប្រុស ប្រការនេះ​ធ្វើឱ្យ​នាង​ខ្ញុំ​ខឹង​នឹង​ការមិន​ចេះ​គិត​របស់​ខ្លួនឯង​ជាទីបំផុត ។ បញ្ហា​នេះ​បាន​នាំឱ្យ​វ័យ​កុមារ​របស់​នាង​ខ្ញុំ​ត្រូវ​ជាប់​ស្នាម​អាស្រូវ​ដែល​មិនអាច​លុបលាង និង បំភ្លេច​បានទេ ។

រឿង​អាក្រក់​មួយ​នេះ​បណ្តាលឱ្យ​អ្នកស្រុក ពិសេស​ប្រុសៗ​មួយចំនួន​ក្នុងភូមិ​ដែល​ធ្លាប់​តាម​ស្រឡាញ់​នាង​ខ្ញុំ​មិន​សប្បាយចិត្ត ហើយ​មាន​អ្នកខ្លះ មើល​មក​នាង​ខ្ញុំ​ដូចជា​នារី​អស់​ភាព​បរិសុទ្ធ​ចំណែក​មិត្ត​ប្រុស​របស់​នាង​ខ្ញុំ​វិញ​ដែល​បានរួម​ដំណើរ​ទៅ​កម្សាន្ត​ជាមួយគ្នា​ក៏បាន​ផ្តាច់ទំនាក់ទំនង​ពី​ខ្ញុំ​ដែរ ។ តើ​នាង​ខ្ញុំ​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា​ទើប​ល្អ ?

​ចំពោះ​នារី​មាន​វិបត្តិ​ផ្លូវចិត្ត​
​ក្មួយ​ស្រី​ជាទី​រាប់អាន មនុស្ស​យើង​ម្នាក់ៗ​មិន​ថា​ប្រុស ឬ ស្រី តែងមាន​រឿងអាស្រូវ​ខ្លះ​កើតឡើង​ក្នុង​ជីវិត ដោយ​យើង​មិនអាច​នឹកស្មាន​ដល់ ដែល​ធាតុពិត​ខ្លួន​យើង​បាន​ប្រាកដ​ក្នុង​ចិត្ត​ថា មិនបាន​សាង​កំហុស​សោះឡើយ តួយ៉ាង​ដូចជា រឿងរ៉ាវ​របស់​ក្មួយ​ស្រី ។ នៅពេល​មានការ​យល់ច្រឡំ​ជា​ទ្រង់ទ្រាយ​ធំ ដោយមាន​មនុស្ស​ច្រើន​ដឹង ឮ ពិតណាស់​យើង​នឹង​ពិបាក​ធ្វើឱ្យ​ពួកគេ​ជឿថា​ការប្រព្រឹត្ត​របស់​យើង​ជា​រឿង​ត្រឹមត្រូវ​ស្មោះត្រង់ ដោយសារតែ​មនុស្ស​មាន​ការគិត​ផ្សេងៗ​គ្នា ហើយ​តែង​ជឿ​ទៅលើ​ការនិយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ដោយ​មិនបាន​ស្វែងយល់​ឱ្យបាន​ច្បាស់ ។ ក្រៅពីនេះ ហេតុការណ៍​មិនល្អ​គឺ​តែង​ត្រូវបាន​សាយភាយ​យ៉ាង​លឿន ជាង​ហេតុការណ៍​ល្អ ។

ដូច្នេះ​ក្មួយ​ស្រី​មិនត្រូវ​យកចិត្តទុកដាក់​ខ្លាំងពេក​នោះទេ ហើយក៏​មិនត្រូវ​គិត​ខ្លី​នោះដែរ ។ ទោះជា​យ៉ាងណាក៏ដោយ ការយល់ច្រឡំ​អាច​ត្រូវបាន​បញ្ជា​ក់ដោយ​កាយវិការ ឬ ការប្រព្រឹត្ត​របស់​ក្មួយ​ស្រី​ក្នុង​រយៈពេល​វែង​មួយ ។ ក្មួយ​ត្រូវ​ធ្វើខ្លួន​ជាម​នុស្ស​ដែលមាន​ការទទួលខុសត្រូវ សុភាព ពិសេស គឺ​ត្រូវមាន​ភាពម៉ឺងម៉ាត់​ក្នុង​ទំនាក់ទំនង​ស្នេហា ។ ធ្វើបែបនេះ​វា​នឹង​ជួយ​ឱ្យ​ការគិត​របស់​អ្នកដទៃ​ដែល​ធ្លាប់តែ​យល់ច្រឡំ​មកលើ​ក្មួយ​ងាក​មក​គិតថា ក្មួយ​ស្រី មិនមែនជា​មនុស្ស​ប្រភេទ​ដែល​ពួកគេ​ធ្លាប់​គិត​នោះទេ ។ ដូច្នេះ​បញ្ហា​សៅហ្មង របស់​ក្មួយ​ស្រី​នឹងត្រូវ​រលុប​បាត់​ជាមិនខាន ៕

ដើរលេង​ជ្រុល​មួយ​យប់ «​គេ​ថា​នាង​ខ្ញុំ​រត់តាម​ប្រុស​»