ក្រសួង​ការងារ​នឹង​បង្កើតឱ្យមាន​តុលាការ​ការងារ​សម្រាប់​ដោះស្រាយ​វិវាទ​ការងារ​

ភ្នំពេញ: លោក អ៊ិត សំហេង ​រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានប្រកាសថា នៅ​ដើមឆ្នាំ​២០១៧​ខាងមុខ ក្រសួង​នឹង​បង្កើតឱ្យមាន​តុលា​ការងារ ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​ដែល​កើតឡើង​រវាង​កម្មករ និង ថៅកែ​រោងចក្រ ប្រកបដោយ​ប្រសិទ្ធភាព ពាក់ព័ន្ធ​លើ​វិវាទ​ការងារ​នៅ​កម្ពុជា​។​

​ក្នុង​សន្និបាត​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា អាណ​ត្ដិ​ទី​៥ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ ក្រសួង និង​ភាគី​ពាក់ព័ន្ធ​កំពុង​សិក្សា​លើ​ទិ​ដ្ឋ ភាព​បច្ចេកទេស និង​ដក​ពិសោធន៍​ពី​ប្រទេស​នានា​មួយចំនួន​នៅក្នុង​តំបន់ ដើម្បី​សិក្សា​អំពី​ប្រព័ន្ធតុលាការ ការងារ​នៅតាម​ប្រទេស​ទាំងនោះ ហើយ​យកមក​អនុវត្ដ​ន៍​ឱ្យ​សមស្រប​ទៅនឹង​បរិបទ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បញ្ជាក់ថា កន្លងមក ក៏ដូចជា​បច្ចុប្បន្ននេះ រាល់​វិវាទ​ការងារ​ដែល​កើតឡើង ត្រូវបាន​ក្រុម ប្រឹក្សា​អាជ្ញាកណ្ដាល ធ្វើការ​ដោះស្រាយ និង​សម្របសម្រួល​រវាង​ភាគី​កម្មករ សហជីព និង​ថៅកែ​រោងចក្រ ប៉ុន្ដែ​ក្រុមប្រឹក្សា​នេះ មិនមែនជា​តុលាការ​ការងារ​នោះទេ ដែល​ដើរតួនាទី​ជា​យន្ដការ​ដោះស្រាយ​វិវាទ ក្រៅ​ប្រព័ន្ធតុលាការ​។​

​លោក​រដ្ឋមន្ដ្រី​បាន​អះអាងថា គម្រោង​បង្កើត​តុលាការ​ការងារ​នេះ ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង រៀបចំ​ឯកសារ​ឱ្យបាន​រួចរាល់ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៧ ហើយ​ឯកឧត្តម​សង្ឃឹមថា ភាគី ពាក់ព័ន្ធ​នឹងចូលរួម​អបអរសាទរ​ទាំង​សហជីព និង​ភាគី​និយោជក ដែល​កំពុង​រង់ចាំ​យន្ដការ​ដោះស្រាយ វិវាទ​ការងារ​ដែល​កើតឡើង​នៅ កម្ពុជា​ជា​យូរណាស់​មកហើយ​។​

​លោក ជួន មុំ​ថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា បានបង្ហាញ​ការគាំទ្រ​ចំពោះ គម្រោង​បង្កើតឱ្យមាន​តុលាការ​ការងារ​នេះ ដែល​ភាគី​សហជីព​ទាំងអស់​កំពុង​រង់ចាំ​ជា​យូរយារ​ណាស់ មកហើយ ដើម្បី​ចូលរួម​ដោះស្រាយ​រឿងក្ដី​កើតឡើង​រវាង​កម្មករ និង​និយោជក ដើម្បី​កាត់សេចក្ដី​ប្រកប ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​។​

​លោក​បាន​ស្នើឱ្យ​ក្រសួង​ការងារ​ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវបង្កើត​តុលាការ​ការងារ​នេះ ឱ្យមាន​លក្ខណៈ និង​រូបរាង​ជា​ត្រីភាគី ដែលមាន​សមាសភាព​ភាគី​រាជរដ្ឋាភិបាល សហជីព និង​ភាគី និយោជក​ចូលរួម សម្រាប់​ដាក់ឱ្យ​អនុវត្ដ​ន៍ និង​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​កើតឡើង​កាន់តែ​ល្អប្រសើរ​។​

​ជាមួយគ្នានេះដែរ ចាប់តាំងពី​ឆ្នាំ​២០១៣​មក ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានដាក់ ឱ្យ​អនុវត្ដ​ន៍​នូវ​ច្បាប់​ស្ដីពី​របប​សន្ដិសុខ​សង្គម​និង​ច្បាប់​ស្ដីពី​របប​ធានា​សុខភាព ហើយ​នៅ​ឆ្នាំ​២០១៧ ក៏​គ្រោង នឹង​ដាក់ឱ្យ​ដំណើរការ​ច្បាប់​ស្ដីពី​របប​សោធន​និ​វត្ដ​ន៍ សម្រាប់​កម្មករ និយោជិត​នៅ​កម្ពុជា ផងដែរ​។​

​សូមបញ្ជាក់ថា យោងតាម​របាយការណ៍​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៥​នេះ ក្រសួង​បាន​ចុះ​បញ្ជិកា​អង្គការ​វិជ្ជាជីវៈ​ចំនួន​៣៣៧៨ ក្នុងនោះ មាន​សហ ភាព​សហជីព​១៥ សហព័ន្ធ​សហជីព​ចំនួន​៩១ សហជីព​មូលដ្ឋានចំនួន​៣២៦១ និង​សមាគម​និយោជក​ចំនួន​៧៕