ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់​ឯកភាព​លើ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​

ភ្នំពេញ: ​ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់​ឯកភាព​លើ សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ព័ត៌មាន ដែល​ហាម​មិនឱ្យ​ចាក់ផ្សាយ​ភាពយន្ត​បរទេស​​​នៅចន្លោះ​ម៉ោង​មាស (​ចាប់ពី​ម៉ោង ១៩ ដល់​ម៉ោង ២១) ប៉ុន្តែ​ម្ចាស់​ស្ថានីយទូរទស្សន៍​មួយចំនួន​បាន​សំដែង​ពី​ការព្រួយបារម្ភ​ក្នុងការ​បាត់បង់​ចំណូល ហើយ ទូរទស្សនិកជន​នឹង​បែរ​ទៅ​មើល​ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែ​កា​ប្តិ៍​វិញ ។​

​នៅក្នុង​កិច្ចប្រជុំ​រវាង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ ទីស្តីការក្រសួង​ព័ត៌មាន ដើម្បី​ជម្រាបជូន​ពី​ឱសានវាទ​នៃ​ការចាក់ផ្សាយ​ភាពយន្ត​បរទេស​នៅ ចន្លោះ​ម៉ោង​មាស (​ចាប់ពី​ម៉ោង ១៩ ដល់​ម៉ោង ២១) នោះ ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់​បាន​ឯកភាព និង​អនុវត្តន៍​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន ដោយ​មិន​ធ្វើការ​ចាក់ផ្សាយ​ភាព យន្ត​បរទេស​នៅក្នុង​ម៉ោង​មាស​នេះ​ទៀត​ទេ ហើយនឹង​យក​ភាពយន្ត​ខ្មែរ ឬក៏​កម្មវិធី​ផ្សេងៗ​ដែល ផលិត​ដោយ​ខ្មែរ មកចាក់​ជំនួស​នៅក្នុង​ម៉ោង​មាស​នេះ​វិញ​។​

​ទោះយ៉ាងណា ម្ចាស់​ស្ថានីយទូរទស្សន៍​មួយចំនួន​បាន​សំដែង​ពី​ការព្រួយបារម្ភ​ក្នុងការ​បាត់បង់​ចំណូល ហើយ ទូរទស្សនិកជន​នឹង​បែរ​ទៅ​មើល​ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែ​កា​ប្តិ៍​វិញ ព្រោះ​ទូរទស្សន៍​ខ្សែ​កា​ប្តិ៍​គេ​មានរឿង បរទេស​ដែលមាន​គុណភាព និង​ល្អមើល​ជាង​ខ្សែភាពយន្ត​ខ្មែរ ដែល​គុណភាព​នៅមានកម្រិត​នៅឡើយ​។​

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ទទួលស្គាល់ថា ផលិតករ​តាម​បណ្តា​ទូរទស្សន៍​ទាំងអស់​មាន ការលំបាក​ក្នុង​ការផលិត​ខ្សែភាពយន្ត​ឱ្យបាន​ច្រើន និង​មាន​គុណភាព ប៉ុន្តែ​ក្រសួង​មិនមែន​ឱ្យ​គ្រប់ ស្ថានីយទូរទស្សន៍​ទាំងអស់នោះ ធ្វើការ​ចាក់ផ្សាយ​តែ​ខ្សែភាពយន្ត​ខ្មែរ​តែមួយ​មុខ​នៅក្នុង​ម៉ោង មាស​នេះ​ទេ ប៉ុន្តែ​អាច​ផលិត​ជា​កម្មវិធី​កំសាន្ត​ផ្សេងៗ ដែលជា​ស្នាដៃ​ខ្មែរ សហការ​ជាមួយ​បរទេស ហើយ​ផលិត​នៅក្នុង​ស្រុក​យកមក​ចាក់​ផ្សាយបាន​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការដែល​ក្រសួង​ព័ត៌មាន ធ្វើ​ដូច្នេះ​ដើម្បី​លើកស្ទួយ​វិស័យ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិខ្មែរ ហើយក៏​ជា ការឆ្លើយតប​ទៅនឹង​មតិ​មហាជន​មួយចំនួន ដែល​បាន​រិះគន់​អំពី​ការចាក់ផ្សាយ​ភាពយន្ត​បរទេស យ៉ាងច្រើន​លើសលប់​តាម​បណ្តា​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​៕​

ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់​ឯកភាព​លើ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​

ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់​ឯកភាព​លើ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​

ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់​ឯកភាព​លើ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​