អគ្គ​រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​បើក​ការ​ស៊ើប​អង្កេត​រឿង​ហេតុ​នៅ​ក្រុង​ Chicago

អគ្គ​រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​បើក​ការ​ស៊ើប​អង្កេត​រឿង​ហេតុ​នៅ​ក្រុង​ Chicago

ឈុត​មួយ​នៃ​ខ្សែវីដេអូ​ផ្តល់​ឲ្យ​ដោយ​មន្ទីរ​ប៉ូលិស​ក្រុង Chicago បង្ហាញ​យុវជន Laquan McDonald (ខាង​ស្តាំ) ដើរ​នៅ​លើ​ដង​ផ្លូវ​ មុន​ពេល​ត្រូវ​បាន​បាញ់​ដោយ​មន្រ្តី​ប៉ូលិស​លោក Jason Van Dyke នា​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ​២០១៥។ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ចាប់​ផ្តើម​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​ «រចនាសម្ព័ន្ធ​ និង​ការ​អនុវត្ត» របស់​មន្ទីរ​ប៉ូលិស​ក្រុង​ Chicago ដើម្បី​កំណត់​ថា​តើ​មន្ទីរ​នោះ​បាន​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ ឬ​ច្បាប់​សហព័ន្ធ​ជុំវិញ​ការ​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់​កងកម្លាំង​របស់​ខ្លួន​ដែរ​ឬ​ទេ។ វ៉ាស៊ីនតោន—

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ចាប់​ផ្តើម​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​ «រចនាសម្ព័ន្ធ​ និង​ការ​អនុវត្ត» របស់​មន្ទីរ​ប៉ូលិស​ក្រុង​ Chicago ដើម្បី​កំណត់​ថា​តើ​មន្ទីរ​នោះ​បាន​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ ឬ​ច្បាប់​សហព័ន្ធ​ជុំវិញ​ការ​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់​កងកម្លាំង​របស់​ខ្លួន​ដែរ​ឬ​ទេ។

ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​បញ្ចេញ​ខ្សែ​វីដេអូ​បង្ហាញ​ពី​ការ​បាញ់​សម្លាប់​យុវជន​អាយុ​១៧​ឆ្នាំ​ម្នាក់​ ដោយ​មន្រ្តី​ប៉ូលិស​មួយ​រូប​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៤។

លោកស្រី​ Loretta Lynch​ ដែល​ជា​អគ្គ​មេធាវី​បាន​និយាយ​ពេលប្រកាសបើក​ការស៊ើបអង្កេត​សហព័ន្ធ​នៅ​ថ្ងៃ​ទី០៧ ខែ​ធ្នូ​ថា៖ «ប្រជាជន​អាមេរិក​រាល់​គ្នា​រំពឹង​និង​ត្រូវ​ទទួល​បាន​នូវ​ការ​ការពារ​ពី​អង្គភាព​អនុវត្ត​ច្បាប់​ ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ ដោយ​ការ​គោរព ហើយ​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​គឺ​ស្រប​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ»។

លោកស្រី​បាន​លើកឡើង​ទៀត​ថា៖ «យើង​នឹង​ពិនិត្យ​មើល​បញ្ហា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កង​កម្លាំង​របស់​មន្ទីរ​ប៉ូលិស​ក្រុង​ Chicago ដែល​ក្នុង​នោះ​រួម​មាន​ការ​ប្រើប្រាស់​កង​កម្លាំង​ដ៏​ប្រល័យ ដោយការ​ប្រកាន់ពូជសាសន៍​ ជាតិ​សាសន៍ និង​កត្តា​ដទៃ​ទៀត ​ក៏​ដូចជា​ភាព​ខុស​គ្នា​ក្នុង​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ និង​យន្តការ​ទទួល​ខុសត្រូវ​របស់​មន្ទីរ​ប៉ូលិស​នោះ​ មាន​ដូចជា​ការ​ចាត់​វិធានការ​តាម​ច្បាប់​វិន័យ និង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ការ​ប្រព្រឹត្ត​ខុស​ផ្សេងៗ»។

មន្រ្តី​ប៉ូលិស​ក្រុង​ Chicago ​លោក ​Jason Van Dyke​ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​មនុស្សឃាត​កម្រិត​ទី​មួយ​នៅ​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ​គឺ​មាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​សម្លាប់​យុវជន​ឈ្មោះ​ Laquan McDonald និង​ប៉ុន្មាន​ម៉ោង​មុន​ពេល​ការ​បញ្ចេញ​ខ្សែ​វីដេអូ​ពី​កាំមេរ៉ា​សុត្ថិភាព​របស់​ប៉ូលិស​ដែល​បង្ហាញ​ពី​ការ​បាញ់​សម្លាប់​យុវជន​ស្បែក​ខ្មៅ​រូប​នោះ​ដោយ​មន្រ្តី​ប៉ូលិស​នោះ។ ខ្សែ​វីដេអូ​ក៏បាន​បង្ហាញ​ថា យុវជន​ Laquan ​បាន​រត់​តម្រង់​មក​រក​ប៉ូលិស ​ហើយ​បន្ទាប់​មក​ហាក់​ដូចជា​ដើរ​ចេញ​ពី​ប៉ូលិស​វិញ។ ហើយ​នៅ​ខណៈ​នោះ ប៉ូលិស​រូប​នោះ​បានបាញ់​១៦​គ្រាប់​ ដែល​គ្រាប់​កាំភ្លើង​ជាច្រើន​គ្រាប់​ ត្រូវ​បាន​បាញ់​ទៅ​លើ​យុវជនក្រោយ​ពេល​យុវជន​រូប​នោះ​ដួល​ទៅ​លើ​ដី។

បាតិកម្មនានា

បាតុកម្ម​នានា​បាន​កើត​ឡើង​នៅ​យប់​នោះ​នៅ​ក្នុង​ក្រុង ​Chicago​ ដោយ​មាន​ការ​អះអាង​ថា​ មន្ទីរ​ប៉ូលិស​បាន​ព្យាយាម​លាក់​បាំង​រឿង​នោះ ហើយ​បាតុកម្ម​ទាំង​នោះ​នៅ​តែ​បន្ត​មាន​ពី​មួយ​ពេល​ទៅ​មួយ​ពេល។ លោក Rahm Emanuel ​ចៅ​ហ្វាយ​ក្រុង ​Chicago ​បាន​បណ្តេញ​អគ្គស្នងការ​ប៉ូលិស​ក្រុង​នោះ​ចេញ​ពី​តំណែង​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ ក្រុម​បាតុករ​ក៏​បាន​តវ៉ា​ទាមទារ​ឲ្យដក​រដ្ឋអាជ្ញា​ក្រុង​ Chicago និង​លោក​ Emanuel ខ្លួន​ឯង​ផ្ទាល់​ចេញ​ពី​តំណែង។

លោកស្រី​ Lynch ​បាន​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​សកម្មភាព​ណា​មួយ​នៃ​មន្ទីរ​ប៉ូលិស​ត្រូវ​បាន​រក​ឃើញ​ថា​ធ្វើ​ឡើង​មិនស្របទៅ​នឹង​រដ្ឋធម្មនុញ្ញ ក្រសួង​យុត្តិធម៌​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​តាមរយៈ​តុលាការ​ជាមួយ​នឹង​មន្ទីរ​ប៉ូលិស​ ហើយ​នឹង​ធ្វើការ​ជាមួយ​នឹង​រដ្ឋបាល​ក្រុង​ Chicago​ ​លើ​កំណែ​ទម្រង់​ផ្សេងៗ។

លោក​ស្រី​បាន​បន្ត​ថា​ ការ​ស៊ើបអង្កេត​នេះ​នឹង​ផ្តោត​ទៅ​លើ​ការ​លើក​កម្ពស់​ប្រព័ន្ធ​ផ្សេងៗ​នៅ​មន្ទី​ប៉ូលិស​ ដោយ​មិន​ចង្អុល​បង្ហាញ​ក្រុម​បុគ្គល​ណា​មួយ​ដែល​មាន​កំហុស​នោះ​ទេ។

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​ សហគមន៍​ជា​ច្រើនកាន់​តែ​មាន​អារម្មណ៍​ថា ​ពួកគេ​មិនបាន​ទទួលសេវា​ការពារ​ពី​សមត្ថកិច្ច​ដូច​ដែល​ពួក​គេ​គួរ​នឹង​ទទួល​បាន​នោះ​ទេ។ អ្នកស្រី ​Lenese Herbert ​គឺ​ជា​សាស្រ្តាចារ្យ​ផ្នែក​ច្បាប់​នៅ​មហាវិទ្យាល័យ​ Howard​ នៅ​រដ្ឋ​វ៉ាស៊ីនតោន។ អ្នក​ស្រីនិយាយថា​ អ្នកស្រី​នៅ​តែ​មាន​ក្តី​បារម្ភ​អំពី​មិន​គ្រាន់​តែ​ការ​អនុវត្ត​នូវ​ «ក្បួន​ច្បាប់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​អំពី​ស្មារតី​នៃ​ច្បាប់​ទៀត​ផង» ទោះ​បី​អ្នកស្រី​គិត​ថា​ ការ​ស៊ើប​អង្កេត​ដោយ​ក្រសួង​យុត្តិធម៌​គឺ​ជា​ជំហាន​ដំបូង​ដ៏​ប្រសើរ​មួយ​ក៏​ដោយ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «​ពន្លឺ​ព្រះអាទិត្យ​ ជា​គ្រឿង​សម្លាប់​មេរោគ​ដ៏​ប្រសើរ​បំផុត​មួយ។ យើង​ត្រូវ​ការ​ការ​ចាប់​ផ្តើម​ និងយល់​ដឹង​ពី​ស្ថានភាព​ឲ្យ​កាន់​តែ​លម្អិត»។

ការ​ស៊ើប​អង្កេត​ផ្សេងៗ​ស្រដៀង​គ្នា​នេះរបស់​ក្រសួង​យុត្តិធម៌​ ត្រូវបាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បាតុកម្ម​ជា​ច្រើន​លើកនៅ​ក្រុង​ Baltimore រដ្ឋ​ Maryland ​និង​នៅ​ក្នុង​ក្រុង ​Ferguson ​រដ្ឋ ​Missouri ​បន្ទាប់​ពី​មាន​ការ​ពាក់ព័ន្ធ​របស់​ប៉ូលិស​នៅ​ក្នុង​ការស្លាប់​របស់​ជន​សង្ស័យ​សញ្ជាតិអាមេរិក​កាត់​អាហ្រ្វិក។

នៅ​ក្នុង​ខែ​មេសា ​ជន​សង្ស័យ​វ័យ​២៥ឆ្នាំ​ បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ក្រុង Baltimore។ ការ​កាត់​ក្តី​ទៅ​លើ​ប៉ូលិស​ទីមួយ​នៅ​ក្រុង​ Baltimore ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​សម្លាប់ជន​សង្ស័យ​ Freddie Gray​ កំពុង​ត្រូវ​បាន​ធ្វើ​ឡើង។

កាល​ពី​ឆ្នាំ​២០១៤​ នៅ​ក្រុង​ Ferguson រដ្ឋ​ Missouri ជន​សង្ស័យ​ពី​បទ​ប្លន់​ម្នាក់​មាន​សញ្ជាតិ​អាមេរិក​កាត់​អាហ្វ្រិក​អាយុ​១៨ឆ្នាំ ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​មន្ត្រី​ប៉ូលិស​ស្បែក​ស ដែល​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ចលាចល​ និង​អំពើ​ហិង្សា​មួយ​ចំនួន។ នេះ​ជា​រឿង​រ៉ាវ​យ៉ាង​ពិត​ប្រាកដ​មួយ បន្ទាប់​ពី​មាន​ការ​ប្រកាស​ដោយ​ក្រុម​ប្រឹក្សា​តុលាការ​ និង​ក្រសួង​យុត្តិធម៌​ ដែលថា ​មន្រ្តី​ប៉ូលិស​ក្រុង ​Ferguson ​លោក Darren Wilson នឹង​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នោះ​ទេ៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា