មន្ត្រី​ក្រសួងមហាផ្ទៃ​ហែក​ច្បាប់​បង្ក្រាប​ល្បែងស៊ីសង​បោះចោល​ក្នុង​ធុងសំរាម​ ទើប​ឆ្នោត​យួន​ឡើងចាង​អុកឡុក​ស្រុក​ខ្មែរ​

​បន្ទាប់​ពី​ល្បែងភ្នាល់​កីឡា​គ្រប់​ប្រភេទ​ និង​ល្បែង​ឆ្នោត​-​ឡូ​តូ​ ឆ្នោត​កោស​ ដែល​ជា​ល្បែងស៊ីសង​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​បង្ក្រាប​ និង​បិទ​កាលពីដើម​ឆ្នាំ​២០០៩​ ដោយ​អះអាង​ថា​ ក្នុង​គោលដៅ​ធ្វើ​កំណែទម្រង់សង្គម​ ពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សីលធម៌​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​រួច​មក​ គឺ​ហាក់ដូច​បាន​ទុក​ឱកាស​ឲ្យ​ល្បែងស៊ីសង​ឆ្នោត​យួន​ហៅ​ឆ្នោត​កន្ទុយលេខ​ ដែល​មាន​ក្បាល​(​ទីតាំង​ចេញ​ឆ្នោត​)​នៅ​ស្រុក​យួន​ និង​កន្ទុយ​ចេញ​ស៊ីសង​លាតសន្ធឹង​ដល់​ស្រុក​ខ្មែរ​"​ឡើងចាង​"​ អុកឡុក​ពេញទំហឹង​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ ខណៈ​សមត្ថកិច្ច​មូលដ្ឋាន​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​ បាន​ចូលរួម​ចាក់​ល្បែងស៊ីសង​ឆ្នោត​យួន​ផង​ និង​ប្រមូល​លុយ​ពី​មេ​អ្នក​កត់​ឆ្នោត​តាម​លំដាប់លំដោយ​ដាក់​ហោប៉ៅ​យ៉ាង​សកម្ម​ជា​ប្រចាំ​ផង​ ។​

​មុន​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​បិទ​សេវាកម្ម​ឆ្នោត​-​ឡូ​តូ​ និង​ឆ្នោត​កោស​នៅ​កម្ពុជា​ គឺ​ក្រុមហ៊ុន​ឆ្នោត​-​ឡូ​តូ​ និង​ឆ្នោត​កោស​ បាន​បង់ថ្លៃ​ប័ណ្ណ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ចំនួន​៣០​លាន​រៀល​ក្នុង​១​ឆ្នាំ​ សម្រាប់​ឆ្នោត​-​ឡូ​តូ​(​អាជ្ញាប័ណ្ណ​មាន​សុពលភាព​រយៈពេល​៣​ឆ្នាំ​)​ និង​បង់​ចំណូល​ប្រមាណ​២០​លាន​រៀល​ក្នុង​១​ខែ​ចូល​ថវិការដ្ឋ​សម្រាប់​ឆ្នោត​-​ឡូ​តូ​ ដែល​ចេញ​ក្នុង​មួយ​ថ្ងៃ​១​លើក​(​យ៉ាងតិច​ត្រូវ​បង់​ចំណូល​៤០​លាន​រៀល​ក្នុង​១​ខែ​សម្រាប់​ឆ្នោត​-​ឡូ​តូ​ដែល​ចេញ​ក្នុង​មួយ​ថ្ងៃ​២​លើក​)​ រីឯ​ប្រភេទ​ឆ្នោត​កោស​ក៏​បាន​បង់​ចំណូល​យ៉ាងតិច​ចំនួន​១០​លាន​រៀល​ក្នុង​១​ខែ​ដែរ​ ចូល​ថវិការដ្ឋ​តាម​រយៈ​រតនាគារ​ជាតិ​ ។​

​ដោយឡែក​ ល្បែងស៊ីសង​ឆ្នោត​យួន​ដែល​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ គឺ​មិន​បាន​បង់​ចំណូល​ចូល​ថវិការដ្ឋ​ទេ​ គ្រាន់តែ​បាន​ត្រឹម​បំប៉ន​ហោប៉ៅ​សមត្ថកិច្ច​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​តាម​ឋានានុក្រម​ប៉ុណ្ណោះ​ ខណៈ​ការ​សិក្សា​បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​១០​លាន​នាក់​ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ជាង​៣​លាន​នាក់​បាន​ញៀន​នឹង​ការ​ចាក់​ល្បែងស៊ីសង​ឆ្នោត​យួន​ ហើយ​ក្នុង​ម្នាក់ៗ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​៨.០០០​រៀល​ ឬ​ស្មើនឹង​២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ថ្ងៃ​ សម្រាប់​ចាក់​ឆ្នោត​យួន​នេះ​ ។​ ដូច្នេះ​ ក្នុង​មួយ​ថ្ងៃៗ​ ប្រជាពលរដ្ឋ​បាន​ចំណាយ​ប្រាក់​យ៉ាងតិច​៦​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ការ​លេង​ល្បែងស៊ីសង​ចាក់​ឆ្នោត​យួន​ទូ​ទាំង​ប្រទេស​ ។​

​មាត្រា​១,​ មាត្រា​៣,​ មាត្រា​៤,​ មាត្រា​៥​ និង​មាត្រា​៦​ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​ ដែល​ប្រកាស​ឲ្យ​ប្រើ​កាលពីដើម​ឆ្នាំ​១៩៩៦​ បាន​ចែង​ថា​ "​ត្រូវ​ហាមឃាត់​ដាច់ខាត​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ លើកលែងតែ​បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ ។​ ការ​បង្ក្រាប​ និង​ការ​ទប់ស្កាត់​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ ជា​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​ ។​ ជន​ណា​លេងល្បែង​ស៊ីសង​ ជន​នោះ​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​១​ម៉ឺន​រៀល​ដល់​៥​ម៉ឺន​រៀល​ ឬ​ដាក់គុក​ពី​០១​ស​ប្តា​ហ៍​ដល់​០១​ខែ​ ។​ ក្នុង​ករណី​ពុំ​រាងចាល​ ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​៥​ម៉ឺន​រៀល​ដល់​៥០​ម៉ឺន​រៀល​ និង​ដាក់គុក​ពី​០១​ខែ​ដល់​១​ឆ្នាំ​ ។​ ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ដល់​២០​លាន​រៀល​ និង​ដាក់គុក​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ​ ចំពោះ​អ្នក​បើក​កន្លែង​លេងល្បែង​ស៊ីសង​ អ្នកកាន់កាប់​ល្បែងស៊ីសង​ អ្នក​ចាត់ចែង​ និង​ភ្នាក់ងារ​ស៊ីសង​ ។​ ក្នុង​ករណី​ពុំ​រាងចាល​ ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ និង​ដាក់គុក​ជា​អតិបរមា​ ។​ កាលណា​ នៅ​ក្នុង​វង់ល្បែង​មាន​អនីតិជន​ម្នាក់​ ឬ​ច្រើន​នាក់​នៅ​ជាមួយ​ផង​ ទោស​ដែល​បាន​ចែង​ក្នុង​មាត្រា​៤​ និង​មាត្រា​៥​នៃ​ច្បាប់​នេះ​ ត្រូវ​យក​មក​អនុវត្តន៍​ដល់​អតិបរមា​ ។​ "​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដោយសារ​មន្ត្រី​ក្រសួងមហាផ្ទៃ​គ្រប់​ជាន់ថ្នាក់​មិន​អនុវត្តន៍​ច្បាប់​ម៉ឺងម៉ាត់​របៀប​ហែក​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​ បោះចោល​ក្នុង​ធុងសំរាម​ និង​បច្ច័យ​នៃ​អំពើ​ពុក​រលួយ​ ទើប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ជា​អាទិ៍​ ល្បែងស៊ីសង​ឆ្នោត​យួន​ដែល​មិន​មានការ​អនុញ្ញាត​តាម​ផ្លូវច្បាប់​ ឡើងចាង​អុកឡុក​ស្រុក​ខ្មែរ​ពេញទំហឹង​ទល់​បច្ចុប្បន្ន​ ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​កើត​មាន​អំពើ​ចោរកម្ម​យ៉ាង​សកម្ម​ ៕​

មន្ត្រី​ក្រសួងមហាផ្ទៃ​ហែក​ច្បាប់​បង្ក្រាប​ល្បែងស៊ីសង​បោះចោល​ក្នុង​ធុងសំរាម​ ទើប​ឆ្នោត​យួន​ឡើងចាង​អុកឡុក​ស្រុក​ខ្មែរ​ មន្ត្រី​ក្រសួងមហាផ្ទៃ​ហែក​ច្បាប់​បង្ក្រាប​ល្បែងស៊ីសង​បោះចោល​ក្នុង​ធុងសំរាម​ ទើប​ឆ្នោត​យួន​ឡើងចាង​អុកឡុក​ស្រុក​ខ្មែរ​