ក្រសួងមហាផ្ទៃ បាន​ព្រមាន​មិន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​នាំ​ទំនិញ​ក្លែងក្លាយ​ចូល​ទីផ្សារ​កម្ពុជា​

ភ្នំពេញ: លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានធ្វើការ​ហាមប្រាម​មិន​ឲ្យ​នគរបាល ភា្ន​ក់​ងារ និង​មាន​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​ណាមួយ ដែល​ធ្វើ​ឲ្យ​ជនល្មើស​អាច​នាំ​ទំនិញ ផលិតផល​ក្លែងក្លាយ ឬ​អស់​គុណភាព នាំចូល​ខុសច្បាប់​មក​ក្នុង​ទីផ្សារ​កម្ពុជា​នោះទេ​។​

​ប្រសាសន៍​របស់ លោក ឯម សំអាន បាន​ឲ្យ​ដឹង​នៅក្នុង​ពី​ធី​ប្រកាស​សមាភាព​គណកម្មាធិកា​រ ផ្ទេរ​ភារកិច្ច តែងតាំង​មុខដំណែង និង​បំពាក់​ឋានន្ត​សក្តិ​ជូន​នគរបាល នៃ​លេខាធិការដ្ឋាន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​សុខភាព និង​សុវត្ថិភាព​សង្គម​នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទី​ស្តី​ក្រសួងមហាផ្ទៃ​។​

​ក្នុងឱកាស​នោះ លោក ឯម សំអាន បានស្នើ​ឲ្យ​មន្ត្រី​ជំនាញ ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ប្រកប​ដោយមាន​វិន័យ សីលធម៌ និង​ការទទួលខុសត្រូវ​ទៅនឹង​ភារកិច្ច​របស់ខ្លួន​។ ភ្នាក់ងារ​អនុវត្ត​ច្បាប់ ត្រូវ​ធានា​ឲ្យ​បាន​នូវ​ភស្តុតាង ជៀសវាង​ការសម្របសម្រួល​ណាមួយ ដែល​ធ្វើ​ឲ្យ​ជនល្មើស​រួចផុត​ពី​សំណាញ​ច្បាប់ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងឡាយណា ចូលរួម​សមគំនិត បំបាត់ភស្តុតាង បន្ធូរបន្ថយ​ការដាក់បន្ទុក​លើ​ជនល្មើស ត្រូវ​ទទួល​ការផាកពិន័យ ឬ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​។​

​ទន្ទឹមនឹង​លោក ក៏បាន​ជំរុញ​ឲ្យ​ពង្រឹង​ការងារ​កិច្ចសហប្រតិបត្តិការ​ផ្ទៃក្នុង ឲ្យ​មាន​ភាពរលូន ព្រោះថា ស្ថានភាព​ការផលិត និង​ការ​ចរាចរណ៍​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា ក្នុង​តំបន់ និង​លើ​ពិភពលោក​បាន​នឹង​កំពុង​វិវឌ្ឍន៍​ផ្លាស់ប្តូរ​ក្នុងស្ថានភាព​គ្រោះថ្នាក់​បំផុត ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ ប្រឹងប្រែង​រួមគ្នា​ប្រយុទ្ធ​និង​បទល្មើស​នេះ​។​
​សម្រាប់​បញ្ហា​នេះ ថ្នាក់ដឹកនាំ​កំពុង​បាន​ទទួលស្គាល់ថា ការផលិត និង​ការ​ចរាចរណ៍​ផលិតផល​ក្លែងក្លាយ បាន​នឹង​កំពុង​រីក​រាលដាល​រៀងរាល់ថ្ងៃ និង​ស្ទើរ​គ្រប់​ទីកន្លែង ហើយ​ពិភពលោក​កំពុង​ចាត់ទុកថា​បទល្មើស​មាន​អង្គការ​ចាត់តាំង​នេះ ជា​បទល្មើស​ឆ្លងដែន ហើយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ន់​ដល់​សុខភាព​សាធារណៈ និង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្សជាតិ ៕

ក្រសួងមហាផ្ទៃ បាន​ព្រមាន​មិន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​នាំ​ទំនិញ​ក្លែងក្លាយ​ចូល​ទីផ្សារ​កម្ពុជា​