អ៊ុយក្រែន ប្រកាស ហាមឃាត់ការ នាំចូលទំនិញពី រុស្ស៊ីជាផ្លូវការ

Kiev៖ រដ្ឋាភិបាលអ៊ុយក្រែន នឹងធ្វើសេចក្តីសម្រេច ជាផ្លូវការក្នុងការហាមឃាត់ ការនាំចូលទំនិញ មួយចំនួនពីប្រទេស រុស្ស៊ី នៅថ្ងៃពុធនេះ ដើម្បីជាការសងសឹកចំពោះ ការវិវាទគ្នាផ្នែកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នេះបើយោងតាមការលើកឡើងរបស់ នាយរដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseny Yatseninuk ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ។

នាយករដ្ឋមន្ត្រីរូបនេះបានថ្លែងក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីថា រដ្ឋាភិបាលក៏នឹងធ្វើកំណែទម្រង់លើការនាំចូលទំនិញពីប្រទេស រុស្ស៊ីផងដែរ ប៉ុន្តែលោកពុំបានផ្តល់ព័ត៌មានលម្អិតពីបញ្ហានេះនោះទេ។ លោកបានសង្កត់ធ្ងន់ថា«ប្រទេស អ៊ុយក្រែននឹងឆ្លើយតបវិញគ្រប់សកម្មភាពទាំងអស់របស់ប្រទេស រុស្ស៊ី តាមរយៈការចាត់វិធានការណ៍ផ្សេងៗ»។

សូមជម្រាបថា ជម្លោះផ្នែកពាណិជ្ចកម្មរវាងប្រទេសទាំងពីរ ទើបតែកើតឡើងកាលពីដើមខែធ្នូនេះ បន្ទាប់ពីរដ្ឋាភិបាលគ្រីឡាំង បានប្រកាសថាខ្លួននឹងធ្វើការផ្អាកតំបន់ពាណិជ្ចកម្មសេរីជាមួយប្រទេស អ៊ុយក្រែន ពីព្រោះការចាប់ផ្តើមទំនាក់ទំនងពាណិជ្ជកម្មថ្មីមួយរវាងប្រទេស អ៊ុយក្រែន និងសហភាពអឺរ៉ុប បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ផលប្រយោជន៍ និងសន្តិសុខរបស់ប្រទេស រុស្ស៊ី៕

អ៊ុយក្រែន ប្រកាស ហាមឃាត់ការ នាំចូលទំនិញពី រុស្ស៊ីជាផ្លូវការ